ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា ករណីជនជាតិថៃមួយក្រុមដែលត្រូវមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់មកធ្វើការនៅក្នុងខេត្តនេះ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីពេលថ្មីៗ មិនមែនជាករណីបង្ខាំងមនុស្សទេ។
ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្រោយសារព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ថាជនជាតិថៃចំនួន២១នាក់ដែលចំណាកស្រុកមកធ្វើការក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រកាសរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលថៃ ក្រោយពួកគេរងការឃុំខ្លួននិងបង្ខំឱ្យប្រកបរបរផ្លូវភេទនៅក្នុងក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញខេត្តបានចុះស្រាវជ្រាវ ដោយរកឃើញថា ជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់នោះ បានមកស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកបន្តថា តាមរយៈការស្រាវជ្រាវនោះ កម្លាំងជំនាញបានរកឃើញអ្នកពាក់ព័ន្ធដែលនាំជនជាតិថៃទាំងនោះចូលមកកម្ពុជាដោយខុសច្បាប់ចំនួន០៤នាក់ ក្នុងនោះ មានចិន៣នាក់ និងថៃ១នាក់ ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមវិធានច្បាប់រួចរាល់ហើយ។
លោកបន្ថែមថា៖ «[ករណីខាងលើ] មិនមែនបង្ខាំងមនុស្សនោះទេ»។
បើតាមស្នងការនគរបាលរូបនេះ អភិបាលខេត្តព្រះសីហនុបានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ហើយក៏បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា ចំនួន០៥នាក់ (ស្រី០១នាក់) យកទៅព្យាបាលនៅសណ្ឋាគារសាកាណា៣។ ចំណែកចំនួន៣១នាក់មិនមានវិជ្ជមាន ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងនោះ ដើម្បីតាមដានបន្ត។
ពាក់ព័ន្ធនឹងករណីនេះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ មានប្រសាសន៍ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យទាំងអស់ជាបណ្តោះអាសន្ន តាំងពីថ្ងៃទី៤ ខែកញ្ញាមក។ លោកបន្តថា ស្ថានទម្ងន់ទោសទៅលើជនសង្ស័យយ៉ាងណានោះ លោកមិនអាចនិយាយបានទេ ព្រោះត្រូវរង់ចាំតុលាការកាត់ក្តីជាមុនសិន។
លោក ហួត វិចិត្រ បញ្ជាក់ថា៖ «អ៊ីចឹងក្នុងដៃចៅក្រមស៊ើប កិច្ចមួយចំនួនយើងអត់អាចនិយាយបានទេ ព្រោះច្បាប់យើងការពារ។ ក្នុងកិច្ចស៊ើបសួរ ខ្ញុំមិនអាចនិយាយបានទេ គ្រាន់តែថា ករណីនេះត្រូវបានដល់ដៃចៅក្រមស៊ើបសួរ ហើយជនសង្ស័យត្រូវបានចៅក្រមឃុំខ្លួនហើយ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកស្រីមិនបានទទួលការរាយការណ៍ណាមួយជុំវិញករណីនេះនៅឡើយ។ យ៉ាងណា លោកស្រីថា អាជ្ញាធរមិនដែលទុករឿងបែបនេះចោលដោយមិនចាត់ការនោះទេ។
លោកស្រីថា៖ «សរុបសេចក្តីមក [បើមានករណីនោះមែន] យើងនឹងធ្វើតាមច្បាប់។ ហើយប្រសិនបើជាជនជាតិបរទេសអ៊ីចឹង គឺវាពាក់ព័ន្ធទៅហ្នឹងច្បាប់ដែលចែងថា បើកើតឡើងនៅកម្ពុជា គឺត្រូវដោះស្រាយនៅកម្ពុជា។ ប៉ុន្តែមានច្បាប់បត្យាប័នដែលស្នើសុំដោយប្រទេសដែលជាភាគីពាក់ព័ន្ធ គេនឹងចាត់ការតាមហ្នឹង ប៉ុន្តែជាធម្មតា គេត្រូវធ្វើការផ្តន្ទាទោសនៅកម្ពុជា»។
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត បានផ្តល់ជាយោបល់ថា ករណីនេះ អាជ្ញាធរកម្ពុជាអាចផ្តល់ដំណឹងទៅឱ្យស្ថានទូតថៃ ដើម្បីឱ្យមន្ត្រីទូតថៃជួយដល់ពលរដ្ឋខ្លួនឱ្យបានត្រលប់ទៅប្រទេសគេវិញ។
លោកបន្តថា៖ «ទាក់ទងទៅនឹងរឿងនេះ ទោះបីជាជនជាតិណាក៏ដោយ ប្រសិនជាគាត់រងគ្រោះដោយអំពើនៃការជួញដូរកម្លាំងពលកម្ម រឿងនេះគេហៅថា ការជួញដូរកម្លាំងពលកម្មហើយ។ អាជ្ញាធរត្រូវតែចាត់វិធានការ ដើម្បីជួយទៅដល់ជនរងគ្រោះ ហើយនិងសហការជាមួយបណ្តាប្រទេសដែលត្រូវបានបញ្ជូនពួកគាត់មកហ្នឹង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់របស់ប្រទេសគេ ប្រសិនបើមានកិច្ចសុំសហការ។ ហើយប្រសិនបើអត់ [កិច្ចសុំសហការពីបរទេស] ទេ បើបទល្មើសដែលកើតនៅប្រទេសកម្ពុជាយើង យើងត្រូវតែអនុវត្តដើម្បីជួយសង្គ្រោះទៅដល់ជនរងគ្រោះ ដោយសារការជួញដូរមនុស្សនេះ»។
កាលពីថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០២១ ប៉ុស្តិ៍លេខ៧របស់ថៃបានចុះផ្សាយនៅលើវេបសាយរបស់ខ្លួនដែលមានន័យជាភាសាខ្មែរថា អាជ្ញាធរកម្ពុជាបានសម្រុកចូលជួយប្រជាជនថៃចំនួន៥នាក់ដែលមកពីខេត្តឈុនបុរី ខណៈពួកគេត្រូវបានមេខ្យល់បោកបញ្ឆោតឱ្យមកធ្វើជាអ្នកគ្រប់គ្រងការងារ (admin) តាមប្រព័ន្ធអ៊ីនធឺណិត នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សារព័ត៌មាននេះបន្តទៀតថា អាជ្ញាធរក៏ធ្លាប់បានជួយសង្គ្រោះជនរងគ្រោះ៦នាក់ហើយដែលត្រូវជនជាតិចិនចាប់បង្ខាំងទុកនៅក្រុងព្រះសីហនុផងដែរ៕