សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ​ក្រសួង​កសិកម្ម​ដំបូង​នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Patrick Murphy កាត់ខ្សែបូសម្ពោធបើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) នៅកម្ពុជា។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋអាមេរិក បើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) ជាដំបូងនៅកម្ពុជា នៅក្នុងខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់​ទង​នឹង​កសិកម្ម​ ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងនៅ​ថ្ងៃ​ទី​​២៣ ខែកញ្ញា​ ថាថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរ​បស់​ក្រសួងកសិកម្ម​អាមេរិក (USDA) នេះ ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅរាជធានី​ភ្នំពេញក្តី ប៉ុន្តែការ​ងារ​របស់​គេ​នឹង​មាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការនិងពាណិជ្ជកម្មទ្វេ​ភាគី​ផ្នែក​កសិកម្ម​សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Patrick Murphy បានចាត់ទុកការបើកការិយាល័យនេះថា ជាដំណឹងល្អមួយសម្រាប់ប្រទេសទាំងពីរ ហើយ​ក៏បានឆ្លុះបញ្ចាំងឱ្យ​​ឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែង​របស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យ​​ប្រជាជនកម្ពុជាទទួល​បាន​ទំនិញនិងសេវាប្រកបដោយគុណភាពពីសហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផលនិងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក។ ហើយការិយាល័យថ្មីរបស់ USDA នេះ នឹងជំរុញកិច្ចការនេះ ដើម្បីឱ្យ​អតិថិជននិងផលិតករកម្ពុជាទទួលបានផលិតផលនិងបច្ចេកវិទ្យាទាំងនោះឱ្យ​​បាន​កាន់​តែ​ច្រើន»។

ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ក៏នឹងជួយផងដែរ ដល់កសិករនិងសិស្សសាលានៅកម្ពុជាក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជា កម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជា។

ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)​ នេះ បាន​តែង​តាំងកញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជាតំណាង។ កន្លង​មក កញ្ញា ​សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិកនៅ​រាជធានី​ភ្នំពេញ ដោយ​គាត់​បានជួយក្រុមហ៊ុនអាមេរិកនានាឱ្យ​​ចូលមកបណ្តាក់ទុនក្នុងទីផ្សារ​នៃប្រទេស​កម្ពុជាផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅកម្ពុជាកាលពីឆ្នាំ២០២០ កម្ពុជាបាន​នាំចូលទំនិញកសិកម្មពីសហរដ្ឋអាមេរិក មានតម្លៃសរុប៧២,៧​លានដុល្លារ ដែលចំនួន​នេះ​កើន ៤៧៤% នៅក្នុងរយៈពេល១០ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ