សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាជំរុញឲ្យរដ្ឋាភិបាលបើកចរាចរទេសចរណ៍វ៉ាក់សាំងឲ្យបានឆាប់

អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាអ្នកស្រី ឆាយ ស៊ីវលីន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ចេញ​សេចក្តីប្រកាស​ជា​ផ្លូវ​ការ ស្តីពី ការបើក​ចរាចរ​ទេសចរណ៍​វ៉ាក់សាំង​ឲ្យបាន​ឆាប់បំផុត​ ដើម្បី​ទុកពេល​វេលា​ឲ្យវិស័យឯកជន​ត្រៀមខ្លួន​ស្តារវិស័យទេសចរណ៍​នៅ​កម្ពុជា​ឡើង​វិញ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូប​នេះ ​បានប្រាប់វីអូឌី​ កាលពី​រសៀល​ថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១នេះ​ថា៖ «ពេលនេះ​យើងចង់​បាន​ការ​ប្រកាស​ជាផ្លូវការ​ពី​រដ្ឋាភិបាល ​ព្រោះឥឡូវ​ប្រកាស​ថា​គ្រោង​នឹងបើក​  ប៉ុន្តែ​មិន​ដឹង​នៅ​ថ្ងៃណា ​ខែណា​ជាក់​លាក់ កុំឲ្យថា ​គ្រោងៗ​ចឹង​ យើង​អត់​អាច​ធ្វើអី​ចេញ​ទេ​ ជាពិសេសគ្រោង​បើកចុង​ឆ្នាំ ​ចុងខែ១២»។

អ្នកស្រី​បន្ត​ថា បើ​គ្រោង​នឹង​បើក​ហើយ ​គួរតែ​មាន​សេចក្តីប្រកាស​ជាផ្លូវការ ដើម្បី​ធ្វើឱ្យភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុង​វិស័យ​ឯកជន​ពិភាក្សា​គ្នា​ថា តើ​នឹង​ត្រូវ​រៀប​ចំ​យ៉ាង​ណា​ខ្លះ។​ ប្រភព​ដដែល​បន្ត​ថា៖ «ការបើក​ដំណើរការ​ទេសចរណ៍​វ៉ាក់សាំង​មិន​រំពឹង​ថា នឹង​មាន​ភ្ញៀវ​មក​ដូច​មុន​ស្ថានភាព​កូវីដទេ ​ដោយសារ​ប្រទេស​មួយ​ចំនួនកំពុង​តែ​ទប់ស្កាត់ ដូច្នេះ​យើង​នឹង​ទទួល​ភ្ញៀវម្តង​តិចៗ។ ក៏ប៉ុន្តែ ការបើកនេះ អាចជួយ​ទៅដល់​អាជីវកម្ម​ទេសចរណ៍​ដែលបាន​ដេកដួល​នឹង​បាន​ត្រលប់​មក​ប្រតិបត្តិការ​ឡើងវិញ​ និង​អ្នក​ជំនាញ​ទេសចរណ៍​ក៏​ត្រលប់មក​វិញ ចឹង​អ្វីៗ​វាអត់​យឺតពេល។ ទម្រាំដល់​ពេល​យើង​ទទួល​ភ្ញៀងឡើង​វិញ​ ដូចមុនកូវីដ គឺអ្វីៗ​រឹង​ដៃ​រឹង​​ជើង»

អ្នកស្រីបាន​បន្តថា៖ «ក្នុង​ពេល​បច្ចុប្បន្ននេះ​អាជីវកម្ម​ទាំងអស់​មិនរំពឹង​ទៅលើ​ប្រាក់ចំណូល​ច្រើនៗ ​ឬចំនេញច្រើន​ដូចពី​មុន​ទេ គឺ​គ្រាន់តែ​ចង់បាន​អាជីវកម្ម​ត្រលប់​មក​វិញ​ប៉ុណ្ណោះ»។

វីអូឌី មិន​ទាន់​អាច​ទាក់ទង​សុំការ​ឆ្លើយតប​ពី​លោក ទិត ចន្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍ និងលោក ណេប សាមុត អគ្គនាយក​ដ្ឋាន​នៃ​​អគ្គនាយកដ្ឋាន​​ទេសចរណ៍ និង​​ជា​​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បានទេ​កាល​ពីម្សិលមិញ។

យ៉ាងណាក្តី​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសរណ៍ ស្តីពី ​ការត្រៀមខ្លួន​របស់​មគ្គុទ្ទេសក៍ទេសចរណ៍​ក្នុងការ​ជំរុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង​ការ​ត្រៀមខ្លួន​ទទួល​ទេសចរណ៍​អន្តរជាតិ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ បញ្ជាក់ថា ដើម្បី​បង្កើត​ទំនុកចិត្តដល់​ទេសចរ​ផ្ទៃក្នុង​ និង​ត្រៀម​ទទួល​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ នាពេលខាង​មុខ ក្រសួង​ទេសចរណ៍​បាន​កោត​សរសើរ​មគ្គុទ្ទេសក៍​ទេសចរណ៍​គ្រប់​កម្រិត​ ដែល​បាន​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺកូវីដ-១៩ តាមគោលការណ៍​ស្ម័គ្រចិត្ត​កន្លង​មក។ ប៉ុន្តែក៏​នៅ​មាន​មគ្គុទ្ទេសក៍មួយ​ចំនួន​តូច នៅ​មិនទាន់​បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ នៅ​ទ្បើយ​​ទេ។

ក្រសួង​ទេសចរណ៍ បានក្រើនរំលឹក​ដល់​មគ្គុទ្ទេសក៍ទេសចរណ៍ ប្រញ៉ាប់ទៅចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដើម្បី​ត្រៀម​ខ្លួន​ទទួល​និង​ផ្តល់​សេវាកម្មទេសចរណ៍​ជូន​ភ្ញៀវជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា។ មគ្គុទ្ទេសក៍ទេសចរណ៍ណា ដែល​មិន​បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដោយហេតុផល​សុខាភិបាល​ណា​មួយ​ ត្រូវមាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​សុខាភិបាល​ក្នុង​ភូមិសាស្រ្ត​របស់​ខ្លួន ​និង​មិន​អនុញ្ញាត​ឱ្យផ្តល់​សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍​ដល់​ទេសចរ​ទ្បើយ។ ប្រភព​ដដែល​​បន្ត​ថា ចាប់​ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១តទៅ ការ​ស្នើសុំ​អាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍​គ្រប់កម្រិត ត្រូវភ្ជាប់មក​ជាមួយ​កាតចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជា​ឯកសារ​ថតចម្លង ​បន្ថែមលើ​លក្ខខណ្ឌដែលបាន​កំណត់​ក្នុង​ប្រកាស ស្តីពី ការផ្តល់​អាជ្ញាបណ្ណទេសចរណ៍​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ