លោក ហ៊ុន សែន ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ ​ ដើម្បីធ្វើឱ្យពាណិជ្ជកម្ម ការវិនិយោគ និងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោកកាន់តែរឹងមាំ​។

ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ៧៦ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានឱ្យដឹងថា បញ្ហា​ប្រឈមដែលនៅតំបន់អាស៊ានជួបប្រទះរួមមាន ​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រនយោបាយ ​ ការប្រឈមមុខ​ដាក់គ្នារ​វាង​មហាអំណាច​សង្គ្រាម​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម​ ជម្លោះ​ប្រដាប់អាវុធ​ដណ្តើម​ទឹកដី​ អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​ការ​ប្រែប្រួល​អាកាសធាតុ សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​នៅតែ​កំពុង​ទទួលរង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ដូច​មុន​ដដែល ។​

ករណីនេះ លោកហ៊ុន សែន ថា កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និង សុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាកស្រុក របៀបវារៈការអភិវឌ្ឍ ដែលមាន ភាពបៃតង និងបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យជាដើម ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជាប្តេជ្ញា ព្យាយាមដោះស្រាយ បញ្ហាប្រឈមរួមនៅក្នុងតំបន់ ដើម្បីធ្វើឱ្យពាណិជ្ជកម្ម ការវិនិយោគ​កាន់តែរឹងមាំង​។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កម្ពុជាព្យាយាមដោះស្រាយ បញ្ហាប្រឈមរួមនៅក្នុងតំបន់ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ, កម្ពុជានឹងបន្តជំរុញដំណើរការកសាង សហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារសំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ក្នុង​ការស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​ គឺជា​អាទិភាព​ខ្ពស់បំផុត​សម្រាប់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក» ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានរំឮកថា តាមប្រវត្តិសាស្ត្រការជ្រៀតជ្រែក និងការប្រើប្រាស់កម្លាំងយោធា ដើម្បីកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗមិនមែនជាដំនោះស្រាយឡើយ ប៉ុន្តែនាំមកនូវវិនាសកម្មបាត់បង់ជីវិតមនុស្ស និងសេដ្ឋកិច្ចកាន់តែធ្លាក់ចុះទៅវិញ ។

​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា​៖ «ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀតថា​ការជ្រៀតជ្រែក​និង​ការដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត នោះ​គឺ​ការប្រើ ប្រាស់​ជម្រើស​យោធា​ក្នុងការ​កំណត់​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ផ្សេងៗ​មិនមែនជា​ដំណោះស្រាយ​នោះឡើយ ។ ផ្ទុយទៅវិញ​ ជម្រើស​ទាំងអស់នេះ​បាន​ត្រឹម​នាំមក​នូវ​ការបាត់បង់ជីវិត​,​ការឈឺចាប់​និង​ទុក្ខវេទនា​សម្រាប់​មនុស្សជាតិ​និង​ជម្លោះ​ផ្នែក​សង្គម​–​សេដ្ឋកិច្ច​កាន់តែច្រើន​ជាង​មុន​តែប៉ុណ្ណោះ» ។

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រនឹងការប្តេជ្ញាដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ខងមុខនោះ។  ​

លោក សេក សុជាតិ បញ្ជាក់ថា ដើម្បីឱ្យប្រទេសដែលជាសមាជិកគោរពនិងយកគំរូតាម លុះត្រាតែកម្ពុជាពង្រឹងការដឹកនាំរបស់ខ្លួនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សជាដើម ។

លោកមានប្រសាសន៍ថា៖ «បើសិនជាកម្ពុជាធ្វើបានក្នុងនាមជាប្រទេសដែលបើកទូលាយឱ្យមានលំហូប្រជាធិបតេយ្យឡើងវិញ ការគោរពសិទ្ធិមនុស្ស មានការសម្តែងមតិ មានការជួបជុំ ឬមានអ្វីដែលល្អប្រសើរដូចមុនកាលពីឆ្នាំ២០១៧ យើងគិតថាពិភពលោកច្បាស់ជាសម្លឹកមើលកម្ពុជាក្នុងន័យវិជ្ជមាន ហើយនឹងជួយណែនាំឱ្យក្រុមអ្នកវិនិយោគរបស់ពួកគេអាចមកដាក់ទុនបន្ថែមមកកម្ពុជា ដោយសារតែមានភាពល្អប្រសើរឡើងវិញគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អាចធ្វើឱ្យកម្ពុជាទទួលបានអនុគ្រោះ EBA ២០% ឬមានការបន្ថែម ឬមានការលើកទឹកចិត្តពីប្រទេសអ្នកមាន ឬសហគមន៍អឺរ៉ុប គឺយើងអាចទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត »។

កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ហើយធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន២លើករួចមកហើយ ពោលគឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ