សមាគម​ទេសចរណ៍​មួយ​សាទរ​ចំពោះ​ការ​ឱ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ

ភ្ញៀវទេសចរទស្សនាតំបន់អង្គរនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២០។ រូបពីក្រសួងទេសចរណ៍

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសាទរ ចំពោះការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដែលលើកទឹកចិត្តពលរដ្ឋចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលជាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក ដើម្បីជួយដល់អាជីវកម្មទេសចរណ៍នានា ​ និងធ្វើឱ្យសេវាកម្មទេសចរណ៍របស់កម្ពុជាកាន់តែរស់រវើក ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។                                                                 

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី២៦ខែកញ្ញានេះ បានស្រង់ប្រសាសន៍របស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដោយលើកឡើង​ថា ការបើកឱ្យពលរដ្ឋខ្មែរ ចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាចក្លាយជាឱកាសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាគ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិឬទេសចរណ៍វ៉ាក់សាំង មកដើរកម្សាន្តនៅចុងឆ្នាំ២០២១។

លោកស្រីបញ្ជាក់បន្ថែមថា«តាមរយៈការគ្រប់គ្រងនៅតាមខេត្តនីមួយៗ យើងឃើញថា អាជ្ញាធរគាត់មិនបណ្តោយឱ្យមានការជួបជុំនៅកៀកគ្នាពេកទេ។ ម្ចាស់អាជីវកម្មនៅតាមមូលដ្ឋាន គាត់មានការណែនាំរួចហើយ ត្រូវតែទទួលភ្ញៀវបែបណា កម្រិតស្តង់ដារនៃវិធានសុវត្ថិភាពមានអស់ហើយ។ អីចឹងយើងគោរពទៅតាមហ្នឹងទាំងអស់គ្នាទៅមិនជាបង្កហានិភ័យទៅ ដល់ការបើកប្រទេសទេ។ ការចេញដើរក៏ជាការទាក់ទាញភ្នែកពីទេសចរបរទេសផងដែរ ដោយមើលឃើញថា នៅក្នុងស្រុកយើងនៅតែមានការចេញដើរ ធ្វើឱ្យសេវាកម្មទេសចរណ៍នៅរស់រវើក។ បើស្ងាត់ស្ងៀមពេក នៅសុខៗយើងបើកប្រទេស គេអត់ដឹងថា សេវាកម្មយើងនៅមានប៉ុណ្ណា»។

លោកស្រីរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង ក្នុងអំឡុងពេលឈប់សម្រាកភ្ជុំបិណ្ឌនាឆ្នាំនេះ នៅតាមតំបន់ទេសចរណ៍ភូមិភាគឦសាន និងតំបន់ឆ្នេរសមុទ្រ។ តែយ៉ាងតំបន់មួយចំនួន ដែលនៅតែមានការរិតត្បិតដូចនៅសៀមរាប នឹងមិនកើនឡើងទេ។​

ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយពេលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ​ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតផ្តល់ការឈប់សម្រាកធ្វើការ៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។  ។

លើសពីនេះ លោកថែមទាំងលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍នៅទូទាំងប្រទេសផងដែរ ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។

លោកហ៊ុន សែន ​បានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីទប់ស្កាត់ការចម្លង នៅតាមវត្តអារាមក៏ពិតមែន តែមន្រ្តីរាជការ កម្មករ កម្មការនី បុគ្គលិកនៅតាមក្រុមហ៊ុន នៅតែបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដោយអនុវត្តនូវវិធានសុខាភិបាល។

សម្តេចបានបញ្ជាក់ថា«ខ្ញុំព្រះករុណខ្ញុំ សូមបញ្ជាក់ថា យើងនៅតែបន្តឱ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានចែងក្នុងការឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង»។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា សម្រាប់ថ្ងៃចុងសប្តាហ៍នៃខែកញ្ញា រយៈពេល៣សប្តាហ៍ចុងក្រោយនេះ សន្ទុះនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានការកម្រើកឡើងវិញ ពិសេសនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋានអេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ។

តួលេខកត់ត្រាដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅរយៈពេល៣សប្តាហ៍នៃខែកញ្ញានេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១៩៣ ៤៧៨នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង ៣០៧៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ