ពលរដ្ឋ៣នាក់ តំណាងឱ្យ៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក សម្តែងការខកចិត្តចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ហើយបែរជារុញឱ្យទៅជួបអភិបាលខណ្ឌឱ្យជួយដោះស្រាយជំនួសទៅវិញ។
អ្នកស្រី មាស ស្រីភាព ដែលចូលទៅជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីពាក់កណ្តាលខែនេះ ពួកគាត់បានយកញត្តិទៅដាក់នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយស្នើឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លី ខណៈពួកគេបារម្ភខ្លាចអាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។
អ្នកស្រីបន្តថា ក្រោយពីដាក់ញត្តិបានជាង១០ថ្ងៃ ពោលគឺនៅថ្ងៃទី២៧ ខែកញ្ញានេះ ពួកគាត់បានទៅជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ប៉ុន្តែមន្ត្រីនោះប្រាប់ថា យ៉ាងយូរត្រឹមថ្ងៃពុធ ទី២៩ ខែកញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើលិខិតជូនដំណឹងទៅអភិបាលខណ្ឌទួលគោក លោក ជា ពិសី ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេទៅវិញ។

ករណីនេះ អ្នកស្រីនិយាយថា៖ «ខ្ញុំខកចិត្តខ្លាំងណាស់ ព្រោះគាត់ [អភិបាលរាជធានីភ្នំពេញ] អត់មានដំណោះស្រាយ ពួកគាត់រុញទៅរុញមក។ ហើយខ្ញុំទៅជួបខណ្ឌប៉ុន្មានដងហើយនៅតែអ៊ីចឹង ហើយទៅសាលាក្រុងប៉ុន្មានដងហើយនៅតែអ៊ីចឹង»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ឈូក រតនា មានប្រសាសន៍ថា កន្លងមក អាជ្ញាធរមូលដ្ឋាននិងមន្ត្រីនៅរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់ប្រាប់ពលរដ្ឋថា នឹងផ្តល់ដីនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ដែលស្ថិតនៅខេត្តកណ្តាល និងនៅតំបន់គោកខ្សាច់។ ប៉ុន្តែពួកគេបានបដិសេធទទួលយកដីនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ដោយពួកគេស្នើសុំដីនៅ «វត្តទួលអស់លោក» ឬដីក្នុងខណ្ឌទួលគោកវិញ ដើម្បីងាយស្រួលប្រកបមុខរបរចិញ្ចឹមជីវិត ម៉្យាងកូនៗស្រួលទៅរៀនផងដែរ។
អុ្នកស្រីបញ្ជាក់ថា ដើមចមដែលនាំឱ្យពួកគាត់នាំគ្នាទៅរដ្ឋបាលរាជធានីភ្នំពេញជាញឹកញាប់នោះ ដោយសារពួកគេចង់ឱ្យអាជ្ញាធរពន្លឿនការដោះស្រាយឱ្យបានឆាប់ ព្រោះពួកគេនៅតែបារម្ភពីការបណ្តេញចេញដោយបង្ខំ ហើយមិនទទួលបានសំណងសមរម្យ ជាដើម។
អ្នកស្រីនិយាយថា៖ «បើនិយាយពីលំបាក គឺលំបាកវេទនាណាស់! ភ័យខ្លាចអត់ផ្ទះ អត់សម្បែង ខ្លាចអត់មានលំនៅឋាន ខ្លាចដោះស្រាយមិនបាន អ៊ីចឹងពួកខ្ញុំឡើងមកសាលាក្រុងជារៀងរហូត។ ហើយពួកខ្ញុំចេះតែប្រមូលផ្តុំគ្នាឡើងមកសាលារាជធានីភ្នំពេញ ដើម្បីជួបអភិបាលក្រុងឱ្យគាត់មានដំណោះស្រាយ ឱ្យជួយពួកខ្ញុំឱ្យបានសមស្រប»។
អុ្នកស្រី រតនា អះអាងថា បើដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ អភិបាលខណ្ឌទួលគោកមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យទទួលបានតម្លាភាពទេ នោះពួកគេនឹងនាំគ្នាបន្តតវ៉ារហូតមានដំណោះស្រាយផងដែរ។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងអភិបាលណ្ឌទួលគោក លោក ជា ពិសី បានទេ នៅថ្ងៃចន្ទនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅដំណាក់កាលនេះ អាជ្ញាធរមិនត្រូវរុញដាក់គ្នាទៅវិញទៅមកនោះទេ ដោយអាជ្ញាធរត្រូវរកវិធីដោះស្រាយសំណងសមរម្យដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ជាជាងដល់ថ្ងៃអភិវឌ្ឍន៍ហើយបែរជាដាក់ថ្ងៃឱសានវាទរុះរើ ធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើយើងព្យាយាមអូសបន្លាយមិនព្រមដោះស្រាយ នៅពេលដែលកៀកហើយមិនមានដំណោះស្រាយ ស្រាប់តែជូនដំណឹងឱ្យគាត់រុះរើចេញដោយបង្ខំ វាជាការបំពានទៅលើសិទ្ធិរបស់ពួកគាត់ទៅវិញ។ វាមិនមែនជាដំណោះស្រាយល្អដែរ ហើយវាក្លាយឱ្យមានការតវ៉ា ឬក៏មានការរុះរើដោយបង្ខំ អាចមានហិង្សាផ្សេងៗជាយថាហេតុ យើងមើលមិនឃើញទេ»។
បើតាមញត្តិរបស់ពលរដ្ឋដាក់ទៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញានេះ ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកទាំងស្រុង មានចំនួន២៥គ្រួសារ និងចំនួន៥គ្រួសារទៀតប៉ះពាល់មួយផ្នែកតែប៉ុណ្ណោះ៕