គណបក្ស​​ហ៊្វុនស៊ិនប៉ិច ​​បណ្ដេញ​សមាជិក​ជាន់​ខ្ពស់​៣​នាក់​ចេញ​ពី​គណបក្ស

(ស្ដាំ) លោក ហេង ចាន់ថា និង (ឆ្វេង) លោក សាយ ហាក់ មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា ថ្នាក់ដឹកនាំជារចនាសម្ព័ន្ធខេត្ត ស្រុក ឃុំ ទូទាំងខេត្តព្រៃវែង ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្ស ហ៊្វុនស៊ិនប៉ិច)

គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានសម្រេចបណ្ដេញសមាជិកដែលជាមន្រ្តីជាន់ខ្ពស់​​​របស់​​ខ្លួន​ចំនួន​៣រូបចេញ​ពី​គណបក្ស ដោយ​ថា មន្រ្តីទាំងនោះបានប្រព្រឹត្តផ្ទុយពីគោលការណ៍និង​ខុស​​លក្ខ​​​ខន្តិកៈផ្ទៃ​ក្នុង​គណបក្ស។

យោងសេចក្តីសម្រេច​ដែលចេញកាលពីថ្ងៃទី២៤ ខែកញ្ញា ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅចន្ទនេះ បានបញ្ជាក់ថា គណបក្សរាជានិយមមួយនេះសម្រេចបញ្ចប់សមាជិកភាព​ចំពោះ​មន្រ្តី​​ចំនួន​​៣នាក់ រួមមាន លោក ហេង ចាន់ថា លោក សាយ ហាក់ និងលោក ផាន់ សិទ្ធី ចេញ​​ពី​​គណ​​បក្ស​​ចាប់ពីពេលនេះទៅ។ 

បន្ថែមលើសេចក្តីសម្រេចនេះ អ្នកនាំពាក្យគណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ឱ្យដឹង​​នៅ​​ថ្ងៃ​​ទី២៧ ខែកញ្ញា​​នេះ​ថា មូលហេតុនៃការបណ្ដេញមន្រ្តីទាំង៣រូបចេញពីគណបក្ស ដោយ​​​សារ​​ពួក​គេ​អនុវត្តលើសពីអ្វីដែលមានចែងនៅក្នុងលក្ខន្តិកៈ​​នៃបទបញ្ជាផ្ទៃក្នុង​គណបក្ស។ ​​មិ​នតែ​​ប៉ុ​​ណ្ណោះ លោកថា ​អ្នកទាំងនេះថែមទាំងធ្វើព្យុះធ្វើភ្លៀង តាមរយៈការច្របាច់​​បញ្ចូលគ្នារវាង​​ហ៊្វុនស៊ិនប៉ិច និង​​គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក​ ប៊ុនឆៃ ទៀត​ផង។

លោកបន្តថា៖ «រឹងរូសនិងអត្តនោម័ត ដោយបង្ខំឱ្យ​គណបក្សរួបរួម​ជាមួយគណបក្សខ្មែរ​​រួបរួមជាតិ​​ដោយមិនរង់ចាំតាមព្រះតម្រិះសម្តេច​ក្រុមព្រះ។ នៅក្នុងសេចក្ដីប្រកាសជំហររបស់គណបក្សពីមុនធ្លាប់និយាយរួចហើយថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែរក្សាជំហររួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ​ ហើយរង់ចាំព្រះវត្តមានសម្តេចក្រុមព្រះ តែអ្នកទាំងនោះនៅតែបង្ខំ។ ជាពិសេសទៅទៀតនោះ អ្នក៣នាក់​​នេះសម្រេច​​តែង​​តាំងលោក ចាប ញ៉ាលីវុធ ជាប្រធានស្ដីទី»។

ឆ្លើយតបរឿងនេះ អគ្គលេខាធិការ​រង និង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ស្ដីទី​គណបក្ស​ លោក ផាន់ សិទ្ធី ដែលរងការចោទប្រកាន់ក្នុង​ចំណោមមនុស្ស២នាក់ផ្សេងទៀត ថ្លែងថា រូបលោក​​និង​​មន្រ្តី​​ផ្សេង​​​​ទៀត ដែលស្ថិតនៅក្នុងបញ្ជីនៃការបណ្ដេញចេញនេះ មិន​ទៅណាជា​​ដាច់ខាត ហើយក៏​​មិន​​អនុ​​វត្ត​ទៅតាមសេចក្តីសម្រេចនេះដែរ។ លោក​ថា ពួកគាត់​​នឹងនៅតែជាសមាជិក​​នៃគណបក្ស​​រា​​ជា​​​​និយម​មួយ​នេះ​ដដែល។

បើតាមលោក ផាន់ សិទ្ធី អ្វីដែលលោកនិងអ្នកផ្សេងទៀតមិនព្រមទទួលយកការសម្រេចនេះ ក៏​​ព្រោះ​​តែការសម្រេចនេះ​រំលោភទៅនឹងគោលការណ៍​​គណ​​បក្ស។

លោកបន្ដថា៖ «ខ្ញុំអត់ទទួលស្គាល់សេចក្ដីសម្រេចហ្នឹង ព្រោះសេចក្ដីសម្រេចហ្នឹងមិនមែនជាការសម្រេច​របស់សម្ដេចព្រះប្រធាន។ សេចក្ដីសម្រេចនេះអាចជាសេចក្ដីសម្រេច​​របស់​​មនុស្សមួយក្រុមតែប៉ុណ្ណោះ។ ហើយ ហេង ហាក់លីម ជាអ្នកបញ្ជាឱ្យធ្វើ ខ្ញុំគិតថាអ៊ីចឹង»។

បើតាមលោក ផាន់ សិទ្ធី ឆាប់ៗនេះ រូបលោកនិងមន្ត្រី​ផ្សេងទៀតដែលត្រូវបានគណបក្សបណ្ដេញ​ចេញ នឹងដាក់ពាក្យតវ៉ា​​ប្រឆាំង​ទៅនឹងសេចក្ដីសម្រេចនេះហើយ។

បើទោះជាបែបណា អ្នកនាំពាក្យគណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាងថា តាមពិតទៅ ស្មារតី​​នៃការ​​សម្រេច​​នេះគឺជាការសម្រេច​​ដោយ​ផ្ទាល់របស់សម្ដេចក្រុមព្រះ​ពី​ប្រទេសបារាំង ​ហើយ​ធ្វើឡើងនៅក្នុងកិច្ច​ប្រជុំអនឡាញបន្ទាន់​មួយកាល​ពី​​​ថ្ងៃទី២៤ ខែ​កញ្ញា។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គឺជា​គណបក្ស​ដែល​ធ្លាប់ឈ្នះការ​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣។ ក៏ប៉ុន្តែ​គណបក្ស​នេះបានធ្លាក់ចុះ​ប្រជាប្រិយភាព​ជាបន្តបន្ទាប់និង​បែកបាក់​ផ្ទៃក្នុង​ជាច្រើន​ចម្រៀក​ចាប់តាំង​ពី​ឆ្នាំ១៩៩៨ រហូតមក​ដល់​បច្ចុប្បន្ន​នេះ។

យ៉ាងណា ជម្លោះផ្ទៃក្នុងបក្សរាជានិយមមួយនេះ ត្រូវបានគេមើលឃើញថា ផ្តើមចេញ​​ពីការ​​ដណ្ដើមត្រា​​គ្នា​​គ្រប់គ្រង ខណៈដែលព្រះរាជ​សុខ​ភាពនិងសិទ្ធិអំណាចរបស់សម្ដេចក្រុមព្រះចេះតែ​​បន្តសាប​​ឥទ្ធិ​​ពល។

អគ្គលេខាធិការរង និងជាអគ្គលេខាប្រតិបត្តិស្ដីទី លោក ផាន់ សិទ្ធី ឱ្យដឹងថា ក្រុម​​លោក​​មិន​​មែន​ចង់​​​បានត្រានេះដើម្បីយកទៅចូលរួម​ជាមួយ​គណបក្សលោក ញ៉ឹក ប៊ុនឆៃ ទេ។ ប៉ុន្តែលោកគ្រាន់​​តែ​​ចង់គ្រប់​​គ្រង​​​​​​​​ត្រានេះបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ អំឡុង​​ពេល​សម្ដេក្រុមព្រះអវត្ត​​មាន។

ទាក់ទិននឹងរឿងត្រានេះ​ លោកថា​ ក្រុមការងាររបស់លោក​បានជូនដំណឹង​ទៅក្រសួងមហាផ្ទៃរួចហើយ​នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍​​សុំត្រាមកគ្រប់គ្រង។ តែយ៉ាងណា លោក​ថា មកដល់ពេលនេះ ​ក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបនៅឡើយទេ។

បើតាមលោក ផាន់ សិទ្ធី បច្ចុប្បន្ននេះ មន្រ្តីនៅក្នុងបក្សខ្លះចេះតែយកត្រានេះដើរ​​​​តែងតាំងនិង​​ដក​​ហូត​មន្រ្តីតាមអំពើចិត្ត ដូចជាម​ន្រ្តីនៅខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ​​ជា​​ដើម ត្រូវរងការ​​បណ្ដេញ​​ចេញជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ