សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋកម្ពុជាដែលមានចំណូលទាបឬរងផលប៉ះពាល់ដោយសារវិបត្ដិកូវីដ-១៩ និងគ្រោះមហន្តរាយដោយសារអាកាសធាតុ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមរបស់កម្មវិធីស្បៀងអាហារពិភពលោក និង GIZ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក បានកសាងភាពជាដៃគូថ្មីមួយ ដើម្បីគាំទ្រដល់ក្រុមគ្រួសារនៅកម្ពុជាដែលមានចំណូលទាបនិងរងផលប៉ះពាល់ដោយសារវិបត្ដិកូវីដ-១៩ និងគ្រោះមហន្តរាយដោយសារអាកាសធាតុ។
ជាមួយគ្នានោះ ក្រសួងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្ដល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់ក្រុមគ្រួសាររងគ្រោះ ក្នុងបំណងរួមចំណែកស្ដារនូវស្ថានភាពរបស់ក្រុមគ្រួសារឡើងវិញ រួមទាំងលើកកម្ពស់លទ្ធភាពឆ្លើយតបរបស់គម្រោងគាំពារសង្គម ដើម្បីពង្រឹងភាពធន់ទៅនឹងវិបត្តិកូវីដ-១៩ និងគ្រោះមហន្តរាយដោយអាកាសធាតុផងដែរ ។
ខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ជំងឺរាតត្បាតកូវីដ-១៩នេះបានជះឥទ្ធិពលផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងខ្លាំងទៅលើប្រជាជនកម្ពុជាដែលងាយរងគ្រោះ។ ចំណែកវិបត្តិអាកាសធាតុ ឧទាហរណ៍ដូចជា គ្រោះទឹកជំនន់នៅចុងឆ្នាំ២០២០ បានបង្កឱ្យស្ថានភាពអវិជ្ជមានមួយចំនួនកាន់តែធ្ងន់ធ្ងរឡើង»។
តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី គ្លែរ កូណាន់ បានលើកឡើងថា ជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ បានបន្ថែមបន្ទុកចំពោះប្រជាជនដែលកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមនានាស្រាប់ទៅហើយ។ របាយការណ៍បានបង្ហាញថា ក្រុមគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារវិបត្ដិទាំងពីរនេះ បានកាត់បន្ថយការទទួលទានអាហារ លក់ទ្រព្យសម្បត្តិ និងខ្ចីបំណុលបន្ថែមដើម្បីបំពេញតម្រូវការចាំបាច់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមគ្រួសារគោលដៅនឹងទទួលបានជំនួយជាសាច់ប្រាក់បន្ថែមពីលើជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់សម្រាប់ទប់ទល់នឹងស្ថានភាពកូវីដ-១៩របស់រាជរដ្ឋាភិបាល នឹងជួយបង្ការមិនឱ្យក្រុមគ្រួសារបន្តធ្លាក់ចូលជ្រៅទៅក្នុងភាពក្រីក្រ និងជួយពង្រឹងភាពធន់របស់ពួកគេចំពោះវិបត្តិនាពេលអនាគត។
ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Christian BERGER មានប្រសាសន៍ថា ក្នុងកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការផ្នែកបច្ចេកទេស (GIZ) ក្រសួងផែនការបានបន្តកែលម្អនូវកិច្ចសហការបន្ថែមជាមួយកម្មវិធីស្បៀងអាហារពិភពលោក និងការប្រើវិធីសាស្រ្តដែលមានមូលដ្ឋានលើប្រព័ន្ធទិន្នន័យ ដោយប្រើកម្មវិធីអត្តសញ្ញាណកម្មក្រុមគ្រួសារក្រីក្រ និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះនិងកសាងភាពធន់សម្រាប់ក្រុមប្រជាជនងាយរងគ្រោះ រួមទាំងកុមារ មនុស្សចាស់ និងស្ត្រី ដោយកម្មវិធីនេះមានអត្ថប្រយោជន៍ណាស់ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
គ្រោះទឹកជំនន់ឆ្នាំ២០២០ ដែលបង្កឡើងដោយព្យុះទីហ្វុងឈ្មោះ MOLAVE បានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន៤២នាក់ស្លាប់ និងពលរដ្ឋប្រមាណជាង២លាននាក់បានរងផលប៉ះពាល់ ខណៈពលរដ្ឋប្រមាណជាង៨០០ ០០០នាក់ ស្ថិតនៅក្នុងខេត្តចំនួន២០ បានរងផលប៉ះពាល់ដោយផ្ទាល់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១០៩ ៩២៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១០១ ១៨៥នាក់ អ្នកស្លាប់កើនដល់ចំនួន២ ២៦១នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៧៥៤នាក់៕