រដ្ឋា​ភិបាល​ណែនាំ​វិធាន​បើក​លំហ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូវីដ-១៩​ ដើម្បី​រក​ចំណូល​

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋាភិបាល ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ បានអំពាវនាវដល់​​ស្ថាប័ន​​រដ្ឋនិង​​វិស័យ​​ឯកជន​ចូលរួម​ជំ​រុ​​ញសេវាកម្មទេសចរណ៍ឡើងវិញ តាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដើម្បីទាញយកចំណូល ដោយយោង​​ទៅលើជំនឿទុកចិត្តល្បឿ​​ននៃការចាក់វ៉ាក់សំាង និងកត្តាមួយចំនួនទៀត។

ក្នុងសារលិខិតអបអរសាទរ​ទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ដែលពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺកូវីដ-១៩ ទាំងពិភពលោក​និង​ប្រទេស​កម្ពុជា។

លោកបន្តថា ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិ​បានថយចុះរហូត៨០,២​ភាគ​រយ ប៉ះ​ពាល់​ការ​ងារផ្ទាល់ជាង​១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយថា និន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ។

សារលិខិតដដែលបញ្ជាក់ថា ដោយសារ​ភាពមិនច្បាស់លាស់នៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ និងដើម្បីទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន (ការចូលរួមនិងទទួលផលពីបុគ្គលគ្រប់រូបដោយមិនរើសអើង) រដ្ឋាភិបាលបានបង្ហាញនូ​​វ​លទ្ធភាពមួយចំនួនទៅស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ក្នុងការបើកលំហវិស័យ​ទេសចរណ៍​ទាំ​ងផ្ទៃ​ក្នុងនិង​អន្តរជាតិនេះ។

រដ្ឋាភិបាលអះអាងថា៖ «យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេ​សចរណ៍កម្ពុជានឹង​ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់រប​ស់ជាតិនិងអន្តរជាតិឡើងវិញ កត្តារួមផ្សំ និងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោ​យ​ប្រកាន់នូវវិធានសុខាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម»។

យ៉ាងនេះ សារលិខិតនោះបញ្ជាក់​ថា បើទោះបីជាកម្ពុជាមានសុទិដ្ឋិនិយមបែបនេះក្តី តែអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងភាគីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្ត្រនេះ ដោយបារម្ភពីរលកចម្លងនៅឡើយ។

បើតាមរដ្ឋាភិបាល ទោះបីបច្ចុប្បន្នពេលនេះ កម្ពុជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងក៏ពិតមែន តែកម្ពុជានៅតែស្ថិតក្នុងភាពផុយស្រួយ ដែលតម្រូវឱ្យទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាលនិងសុខាភិបាលតទៅទៀតដោយសេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើក​សកម្មភាព​ទេសចរណ៍ ក៏ដូច​ជាសកម្មភាពសេដ្ឋកិច្ចនិងសង្គមផ្សេងទៀតឡើងវិញ ប្រកប​ដោយសុវត្ថិភាពនិងការទទួលខុសត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ