ទូត​​​​អ៊ីតាលី៖​ រដ្ឋា​ភិបាល​តាលីបង់​មិន​អាច​ទទួល​ស្គាល់​បាន​ទេ​ តែ​​ជន​​ជាតិ​អាហ្វហ្គា​នីស្ថាន​​ត្រូវ​​​​តែ​​​មាន​​ការ​​​ជួយ​​​ជ្រោម​​ជ្រែង

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Luigi Di Maio ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯតំបន់ Fiera Roma ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (Andrew Harnik/Pool via REUTERS)

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីតាលី​ លោក Luigi Di Maio បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាល​តាលីបង់​នៅអាហ្វហ្គានីស្ថាន មិនអាចទទួលស្គាល់បានទេ ប៉ុន្តែលោកបានជំរុញឱ្យរដ្ឋាភិបាលបរទេសជួយទប់ស្កាត់ការដួលរលំហិរញ្ញវត្ថុនៅទីនោះ ដែលអាចនឹងបង្កឱ្យមានលំហូរជនចំណាកស្រុកយ៉ាងច្រើន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រី​ការ​បរទេសរូបនេះដែលបានថ្លែងប្រាប់ទូរទស្សន៍ Rai 3 ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស G20 នៅទីក្រុងញូវយ៉កថា៖ «ការទទួលស្គាល់រដ្ឋាភិបាលតាលីបង់មិនអាចទៅរួចនោះទេ ដោយសារតែក្នុងចំណោមរដ្ឋមន្ត្រីរបស់ពួកគេ ក្នុងនោះមានភេរវករចំនួន១៧នាក់ ហើយសិទ្ធិមនុស្សរបស់ស្ត្រីនិងក្មេងស្រីនានាត្រូវបានរំលោភបំពានជាបន្តបន្ទាប់»។

ទោះជាយ៉ាងណា លោកបន្ថែមថា ប្រជាជនអាហ្វហ្គានីស្ថានគួរតែចាប់ផ្តើមទទួលបានការគាំទ្រផ្នែក​ហិរញ្ញវត្ថុដែលត្រូវបានផ្អាកផ្ដល់ជូន បន្ទាប់ពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែមុន។

លោកថា៖ «ជាការពិតណាស់ យើងត្រូវតែការពារអាហ្វហ្គានីស្ថានពីលំហូរនៃការធ្វើចំណាកស្រុកដែលមិនអាចគ្រប់គ្រងបាន ដែលអាចនឹងបង្កជាអស្ថិរភាពដល់ប្រទេសជិតខាង»។

លោកបន្តថា៖ «យើងក៏បានយល់ព្រមផងដែរថា ផ្នែកមួយនៃជំនួយមនុស្សធម៌ត្រូវតែបន្តដំណើរការ ដើម្បីជួយដល់ការការពារស្ត្រីនិងក្មេងស្រី»។

លោក Luigi Di Maio ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមប្រទេស G20 រួមជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានប្តេជ្ញាប្រយុទ្ធប្រឆាំងភេរវកម្ម និងធ្វើការដើម្បីការពារសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា រដ្ឋមន្រ្តី​ការបរទេស​ចិន និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) ក៏បានលើកឡើងកាលពីសប្ដាហ៍មុនថា ការដាក់ទណ្ឌកម្មឬការរឹតត្បិតនានាដោយឯកតោភាគីលើអាហ្វហ្គានីស្ថានគួរតែត្រូវបានដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ