អ្នក​ឃ្លាំ​មើល​ថា​ ប្រព័ន្ធ​ច្បាប់​មិន​ឯករាជ្យ​រារាំង​ដល់​យន្តការ​ប្តូរ​មេដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ

អតីត​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ ផ្ដល់បទសម្ភាសដល់អ្នកកាសែតអំពីសវនាការរឿងក្ដីលោក កឹម សុខា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកឃ្លាំមើលមួយចំនួនយល់ថា ច្បាប់ដែលរដ្ឋាភិបាលឯកប​ក្សបានបង្កើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ បាន​ផ្តល់អំណាចទៅឱ្យក្រសួងយុត្តិធម៌ជ្រៀតជ្រែកកិច្ចការតុលាការ មិន​អនុលោមទៅតាមរដ្ឋធម្មនុញ្ញ រារាំង​ដល់​ការផ្លាស់ប្តូរមេដឹ​កនាំតា​មយន្តការប្រជាធិបតេយ្យ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលរបស់ ​VOD កាលពីថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងខួប២៨ឆ្នាំនៃការដាក់ឱ្យ​ប្រើប្រាស់​​រដ្ឋធម្មនុញ្ញ។

ក្នុងកិច្ចពិភាក្សានោះ អតីតលេខាផ្ទាល់អតីតព្រះមហាក្សត្រ និងជា​មន្ត្រីជាន់ខ្ពស់អតីត​គណបក្សសង្គ្រោះ​ជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូល​ថា តាម​ស្មារតីរដ្ឋធម្មនុញ្ញ អំណាច​កំពូល​រប​ស់​តុលាការស្ថិត​នៅលើឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានអង្គព្រះមហាក្សត្រជា ព្រះប្រធាន។

ព្រះអង្គ​ម្ចាស់​បន្តថា បើមើល​ទៅលើខ្លឹម​សារច្បាប់​មួយចំនួនមិនបានអនុលោមទៅតាម​រដ្ឋធម្មនុញ្ញ​ទេ តែ​បែរ​ជា​ផ្តល់អំណាច​ទៅ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ឱ្យតុលាការមិន​ឯករាជ្យ។ ការនេះ​រារាំងដល់កា​រ​​យន្តការប្រជាធិបតេយ្យ ដែលធានាដល់ការប្រកួតប្រជែងដោយតម្លាភាពរបស់អ្នកនយោបាយ ដើម្បីដឹកនាំ​ប្រទេស។

ព្រះអង្គម្ចាស់​ធម្មិកោ បានលើកជា​ឧទាហរណ៍ថា ច្បាប់រំលាយគណបក្សនយោបាយ​នៅឆ្នាំ២០១៧ ដែលព្រះអង្គ​ថា ​ច្បាប់​នេះប្រៀប​បាន​ទៅ​នឹង​ការរំលាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះអាសនៈដែលកើតចេញពីការបោះឆ្នោតទាំង​នៅ​រដ្ឋសភា និងឃុំ-សង្កាត់ គេអាចដកហូតយកទៅចែកគណបក្សផ្សេង បើ​គណបក្សនោះត្រូវបានតុលាការរំលាយ។

ព្រះអង្គមានព្រះបន្ទូល​បន្ត​ថា៖ «ច្បាប់ទាំងអស់ហ្នឹងហើយដែលធ្វើឱ្យយើងប្រាសចាកពីរដ្ឋធម្មនុញ្ញ ច្បាប់តែងតាំងឧត្ដមក្រុ​ម​ប្រឹក្សានៃអង្គចៅក្រម ច្បាប់តែងតាំងឧត្ដមក្រុមប្រឹក្សាការពារជាតិ ច្បាប់រំលាយគ​ណបក្សន​យោបា​យ។ ច្បាប់ទាំងអស់នោះហើយ​ដែលប្រឆាំងនឹងខ្លឹម​សាររដ្ឋធម្មនុញ្ញ ប៉ះពាល់ទៅលើតុល្យភាពអំណាចរវាង​​ស្ថាប័នទាំង៤​ ព្រះមហាក្សត្រ សភា រដ្ឋាភិបាល និងតុលាការ»។

លោកមេធាវី អន ណន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរី​​ពហុបក្ស ហើយ​តុលាកាត្រូវតែឯករាជ្យ។ លោកបានគូសបញ្ជាក់ថា បើតុលាការ​មិន​ឯករាជ្យ នឹង​រារាំងដល់​ដំណើរការអនុវត្តសិទ្ធិតាមគន្លងប្រជាធិបតេយ្យ។

លោកថា៖ «ដោយសារតែខ្វះឯករាជ្យភាពរបស់តុលាការ អ៊ីចឹងធ្វើឱ្យប៉ះពាល់សិទ្ធិផ្សេងៗទៀត រួមទាំងសិ​ទ្ធិ​​​ធ្វើន​យោបាយ រួមទាំងគោលការណ៍ប្រជាធិបតេយ្យ​សេរីពហុបក្ស គឺក៏ដោយសារតែមូលហេតុនៃប្រព័ន្ធ​​តុលាការខ្វះ​ឯករាជ្យភាពរបស់តុលាការដែរ។ ខ្ញុំថាចំណុច​នេះ គឺជាចំណុច​សំខាន់»។

ប្រហាក់ប្រហែលគ្នានេះដែរ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ភាព​មិន​ឯករាជ្យរបស់តុលាការបាន​គំរាម​កំហែង​ដល់​សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលការនេះ​ កម្ពុជាបាន​រងនូវ​ការរិះគន់​ពីសហគមន៍ជាតិ-អន្តរ​ជា​តិ​រហូត​បច្ចុប្បន្ន។ ករណី​នេះ លោកបានជំរុញឱ្យ​មានការ​​​សិក្សាឡើងវិញ ដើម្បីកែលម្អ​ឱ្យការអនុវត្តច្បាប់​ស្របតាមរដ្ឋធម្មនុញ្ញ។

លោកថា៖ «សិទ្ធិមនុស្សមានការធ្លាក់ចុះ ហើយធ្វើឱ្យមានការរិះគន់ថា កម្ពុជាដើរថយក្រោយនៃដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស​អីជាដើមហ្នឹង គឺការបកស្រាយខ្វែងគ្នាទាក់ទងនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនេះ»។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងផ្ទុយពីនេះ ដោយលោកថា ការ​កែរដ្ឋធម្មនុញ្ញ រួមទាំងការធ្វើច្បាប់កន្លងទៅ រួមទាំងវិធានរបស់តុលាការផងដែរ បានចូលរួម​កសាងនិងស្ថាបនា​ប្រជាធិបតេយ្យ ដើម្បីធានា​នូវឯករាជ្យភាពនិងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លោកថា៖ «ការចោទប្រកាន់និងការលើកឡើងដោយសារតែខ្លួនមិនពេញចិត្តទៅលើក្រុមបក្ខពួកនិងក្រុមគោលដៅរបស់ខ្លួនតែប៉ុណ្ណោះ។ ហើយកន្លងមក ការចោទប្រកាន់ហ្នឹង វាអត់មានមូលដ្ឋានតាមផ្លូវច្បាប់រឹងមាំក្នុងការចោទប្រកាន់ទេ ក្រៅពីយកហេតុផលនៃការអនុវត្តសិទ្ធិ ដើម្បីបិទបាំងទៅ ដើម្បីការពារបទល្មើស​ក្រុមបក្ខពួកខ្លួន»។

យ៉ាងណា មេធាវីមួយរូបដែលការពារក្ដីឱ្យអតីតសមាជិក​បក្សប្រឆាំង លោក សំ សុគង់ បានប្រាប់ VOD នៅថ្ងៃនេះថា ចាប់តាំង​ពីរំលាយអតីត​គណបក្សសង្គ្រោះជាតិនាឆ្នាំ២០១៧មក កូនក្តី​របស់​លោកចន្លោះ​ពី៣០០នាក់ទៅជាង៣០០នាក់ បានជាប់បណ្ដឹងនៅតុលាការ ក្រោមបទចោទប្រហាក់ប្រហែលគ្នាពីបទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

បើតាមមេធាវីរូបនេះ អ្នកកំពុងជាប់ពន្ធនាគារមានជាង៥០នាក់ អ្នកជាប់បណ្ដឹងមាន​ជិត៣០០នាក់ និងអ្នកត្រូវបានគេលបវាយឱ្យរងរបួសមាន​ជាង៣០នាក់ ខណៈ២ឆ្នាំម​កនេះ អាជ្ញាធរនៅ​មិនទាន់រកមុខជនដៃដល់មកផ្តន្ទា​ទោសបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ