អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ជាង​១១ម៉ឺន​នាក់​​ប៉ះពាល់ផ្ទាល់​ដោយ​សារ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ២០២០

បុរសអ្នកបើកកង់បីម្នាក់បើកឆ្លងកាត់ពីមុខសណ្ឋាគារ អប្សរាអង្គរ ដែលមានទីតាំងក្នុងខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទេសចរអន្តរជាតិនៅកម្ពុជា បាន​ថយចុះរហូតដល់ជាង ៨០ភាគរយ(៨០,២%) នៅ​​ក្នុងឆ្នាំ២០២០ បណ្តាលឱ្យប៉ះពាល់ការងារផ្ទាល់ដល់អ្នកធ្វើកា​រ​ក្នុងវិស័យ​នេះ​ជាង ១១ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់ម៉ឺននាក់​ទៀត​ ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១។

ការអះអាងនេះ ធ្វើឡើងតាមរយៈសារលិខិតមួយរបស់ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាទេស​ចរណ៍​ពិភព​លោក​ខួប​លើក​ទី​៤១ ឆ្នាំ២០២១ ដែលបាន​ប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ​ ក្រោម​ប្រធាន​បទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន (TOURISM FOR INCLUSIVE GROWTH)»។

ក្នុងលិខិតដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា វិស័យទេសចរណ៍​ដែលជាវិស័យពឹងផ្អែកលើ​ការ​ធ្វើដំ​ណើរ បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូរីដ-១៩ លើគ្រប់ផ្នែកទាំង​អស់​នៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោកបន្តថា ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិនៅលើពិភពលោកបានធ្លាក់ចុះរហូតដល់ ៧៣% ដែលធ្វើឱ្យប៉ះពាល់​ការងារផ្ទាល់ដល់អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ពី ១០០ ទៅ១២០លាន​នាក់ និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។

លោក​បន្តថា «ដោយឡែក នៅកម្ពុជា ចំនួនទេសចរអន្តរជាតិ​បានថយចុះរហូតដល់៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ»។

ជាដំណោះស្រាយ ប្រមុខរាជរដ្ឋាភិបាលថា ខ្លួនបាន​ដាក់ចុះ​កម្មវិធីជួយសង្គ្រោះ និងកម្មវិធី​សាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀត រួមទាំងប្រជាពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។ លោក​​បញ្ជាក់ថា វិធានអន្តរាគមន៍នេះទទួលបានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។

ដើម្បីអបអរ​ទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានដាក់ចេញនូវយុទ្ធសាស្ត្រ​អាទិភាពមួយចំនួន សម្រាប់ចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខផងដែរ។

លិខិតដដែលលើកឡើងថា «យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹង ត្រូវ​បាន​មើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ​ឡើងវិញ»។

ប្រធាន​សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍​ថា ក្នុងស្ថានភាពនៃការថយចុះទេសចរក្នុងស្រុក រដ្ឋាភិបាលគួរតែមានយុទ្ធសាស្ត្រឆ្លើយតប ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដល់បុគ្គលិកទេសចរណ៍។ ក្នុងនោះ អ្នកស្រីថា គួរមានការលើកទឹកចិត្តដល់ការីទេសចរណ៍បរទេស ដូចជា ការអនុញ្ញាតឱ្យពួកគេទៅស្វែងយល់ពីទីតាំងទេសចរណ៍ដោយមិនចំណាយថវិកាទិញសំបុត្រ ដែល​ការធ្វើ​បែបនេះ នឹង​ជំរុញឱ្យពួកគេអាចមានឱកាសស្វែងយល់ពីស្ថានភាពទេសចរណ៍ ដើម្បីជាការកែច្នៃ ផ្សព្វ​ផ្សាយ បង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ​ ពោលគឺមានគំនិតថ្មីៗ។

អ្នកស្រីបន្ត​ថា រដ្ឋាភិបាល គួរ​ពន្លឿនការផ្តល់វ៉ាក់សាំងដល់បុគ្គលិកទេសចរ​ជួរមុខ ដើម្បីអាចចូលធ្វើការវិញបាន និង​គួរមានជាកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកទាំងនោះ ដោយសារពួកគេខកខានការធ្វើការមួយរយៈ​ហើយ ដែលអាចធ្វើឱ្យ​ពួកគេ​​ចាកឆ្ងាយពីវិជ្ជាជីវៈ និង​មានការភ្លេចភ្លាំងខ្លះ។

យ៉ាងណា​ អ្នកស្រីថា រដ្ឋាភិបាល​​ក៏ត្រូវមានប្រាក់ឧបត្ថម្ភដល់ពួកគេអម​ជាមួយវគ្គបណ្តុះបណ្តាលដែរ ព្រោះពេលវេលានេះ ពួកគេកំពុងគិតពីតម្រូវការហូបចុកខ្លាំង​ជាងការរៀនសូត្រទៅទៀត។ ចំណុចចុងក្រោយ អ្នកស្រីថា គួរ​​ផ្តល់ប្រាក់ឧបត្ថម្ភជួយដល់ទីភ្នាក់ងារទេសចរណ៍។

អ្នកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា៖ «កាលណាជួយដល់ទីភ្នាក់ងារទេសចរណ៍ ចឹងការងារនឹង [មាន] បន្តបន្ទាប់ ទីភ្នាក់​ងារ​ទេសចរណ៍​​ជាអ្នករកភ្ញៀវ ហើយនឹងបោះទៅឱ្យខាងសេវាកម្មស្នាក់នៅ នឹងបោះទៅសេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន និងសេវាកម្មជូនភ្ញៀវជាមគ្គុទេសជាដើម ចឹងអត្ថប្រយោជន៍ក៏ទទួលបានតៗគ្នា។ អឹចឹងគួរមានប្រាក់ឧបត្ថម្ភធនដល់ទីភ្នាក់ងារទេសចរណ៍ណាដែលគាត់នៅធ្វើអីចឹងទៅ [ឧទាហរណ៍] ក្នុងម្នាក់ខាងរដ្ឋាភិបាលអាចជួយ subsidize [ផ្តល់ប្រាក់ឧបត្ថម្ភ] ប៉ុន្មាន?​ ដូចប្រទេសថៃកន្លងមកគេធ្វើ ២០០០ ឬ២៥០០បាតក្នុងម្នាក់ ចឹងមានន័យថាកញ្ចប់ទស្សនកិច្ចហ្នឹងវាកាន់តែធូរ»។

លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លើកឡើងថា ក្នុងដំណាក់​កាល​កូវីដ-១៩នេះ វិស័យដែលប៉ះពាល់ខ្លាំងគឺវិស័យទេសចរណ៍។ លោកថា នៅតាមកន្លែងការងាររបស់កម្មករដែលធ្វើការក្នុងវិស័យទេសចរណ៍ កម្មករ​ខ្លះ​ត្រូវបាននិយោជកបញ្ឈប់ពីការងារដោយមិនមានការទូទាត់សំណងឱ្យបានត្រឹមត្រូវ និងកម្មករខ្លះត្រូវគេព្យួរការងារ។

លោក កុសល បន្តថា កម្មករក្នុងវិស័យនេះ បាត់បង់ប្រាក់ចំណូលគួរឱ្យកត់សម្គាល់ ពោលអ្នកខ្លះបាត់ស្ទើរទាំងស្រុង ដែលបង្ខំឱ្យពួកគេរត់ទៅរកការងារថ្មីធ្វើដើម្បីជីវភាព ក្នុងនោះដូចជាទៅធ្វើកម្មករសំណង់ រត់ម៉ូតូឌុប ឬទៅធ្វើការងារស្រែចម្ការនៅឯស្រុកកំណើតជាដើម។

លោកថា កន្លងមក កម្មករក្នុងវិស័យទេសចរណ៍ដែលព្យួរការងារក៏ទទួលបានប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋដែរ តែលុយនោះវាតិចតួចស្តួចស្តើងពេក ពុំអាចបំពេញនូវតម្រូវការម្ហូបអាហារ និងផ្គត់ផ្គង់ជីវភាពពួកគេបាន​ឡើយ។

លោក ទូច កុសល បន្ថែមថា៖ «លុយហ្នឹងមានការឧបត្ថម្ភ លុយ ៤០ដុល្លារ! ប៉ុន្តែបានសម្រាប់តែវិស័យទេសចរណ៍ និងវិស័យកាត់ដេរទេ វិស័យសេវាកម្ម កាស៊ីណូអីហ្នឹងអត់បានទទួលទេ។ អាកន្លែងហ្នឹងហើយដែលយើង [សង្គមស៊ីវិល] ធ្លាប់ស្នើរទៅកាន់រដ្ឋាភិបាលម្តងហើយម្តងទៀតថា កម្មករវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសេវាកម្ម ក៏ដូចជាកាស៊ីណូហ្នឹងសុទ្ធតែជាកម្មករ​ទាំងអស់ទេ។ ហេតុអីបានខាងវិស័យកាត់ដេរ វិស័យទេសចរណ៍ទទួលបាន ហើយខាងវិស័យផ្សេងទៀតអត់ទទួលបាន? ហើយបានហ្នឹង មិនមែនបានច្រើនទេ មួយខែ ៤០ដុល្លារហ្នឹង! អា ៤០ហ្នឹងសម្រាប់តែកម្មករព្យួរការងារទេ។ ហើយ ៤០ដុល្លារហ្នឹង យើងគិតមើលទៅ នៅផ្ទះភ្នំពេញ ឱ្យតែថ្លៃផ្ទះជួលមិនគ្រាន់ផង»។

ជាដំណោះស្រាយ លោក ទូច កុសល ថា អំឡុងពេលនេះ បើមិនទាន់បើកជើងហោះហើរ ឬមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរ​ចូលស្រុកទេ ជាបណ្តោះអាសន្ន រដ្ឋាភិបាលគួរបញ្ចេញកញ្ចប់ថវិកាបន្ថែម ដើម្បីជួយផ្តល់ទៅឱ្យដល់កម្មករនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវគេព្យួរការងារ។

ក្រៅពីនេះ លោកថា សូម្បីកម្មករខ្លះដែលមានជំងឺកូវីដ-១៩ ត្រូវសម្រាកព្យាបាល ពួកគេក៏ត្រូវថៅកែកាត់ប្រាក់ខែទៀតផង ខណៈអ្នកទាំងនោះត្រូវការលុយផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង់ធនាគារជាដើម។

​បើតាមរដ្ឋាភិបាល ទោះបីបច្ចុប្បន្នពេលនេះ កម្ពុជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងក៏ពិតមែន តែកម្ពុជានៅតែស្ថិតក្នុងភាពផុយស្រួយ ដែលតម្រូវឱ្យទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាល និងសុខាភិបាល​តទៅទៀត ដោយសេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើក​សកម្មភាព​ទេសចរណ៍ ក៏ដូច​ជាសកម្ម​ភាព​សេដ្ឋកិច្ច និងសង្គមផ្សេងទៀតឡើងវិញ ប្រកប​ដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ១,៣១លាន​នាក់ បាន​ថយចុះ៨០,២០% និងភ្ញៀវទេសចរជាតិមានប្រមាណ ៧,២៣លាននាក់បានថយចុះ ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។ ចំណែក ​ចំណូលពីវិស័យទេសចរណ៍វិញ ​ទទួល​បានប្រមាណ ១,០២៣លានដុល្លារអាមេរិក គឺបានធ្លាក់ចុះ ៧៩,២០%។

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធជាផ្លូវការនៅសាធារណរដ្ឋកូតឌីវ័រ ខណៈប្រទេសជាសមាជិកទាំងអស់នឹងរៀបចំទិវានេះក្នុងប្រទេសរៀងៗខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ