តាលីបង់​ ស្នើ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​បើក​ដំណើរ​ការ​ជើង​ហោះ​ហើរ​អន្តរជាតិ​មក​​កាន់​​អាហ្វហ្គា​នី​ស្ថាន​​ឡើង​​វិញ

ទាហានតាលីបង់ឈរនៅនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យជើងហោះហើរអន្តរជាតិនានាបន្ត​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានឡើងវិញ ដោយសន្យាថានឹងផ្ដល់កិច្ចសហការពេញលេញជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ខណៈដែលពួកគេលើកឡើងថា បញ្ហានៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយរួចរាល់ហើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះ បាន​ធ្វើឡើងស្របពេលដែលរដ្ឋបាល​ថ្មី​បាន​បង្កើនកិច្ច​ខិតខំប្រឹងប្រែងនានា ដើម្បីបើកប្រទេសជាតិឡើងវិញ និងទទួលបានការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចកាលពីខែមុន។

គួរបញ្ជាក់ថា សេវាកម្មជើងហោះហើរមួយចំនួនត្រូ​វ​បានបិទ បន្ទាប់​ពីមានភាពវឹកវរក្នុងសកម្មភាពជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ដែលងាយរងគ្រោះចេញពីប្រទេស។

ទោះជាយ៉ាងណា អាកាសយានដ្ឋានដែលរងការខូចខាតក្នុងអំឡុងពេលជម្លៀសនោះ ត្រូវបានបើកដំណើរការឡើងវិញ ដោយមានជំនួយពីក្រុមបច្ចេកទេសមកពីប្រទេសកាតា និងតួកគី។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Abdul Qahar Balkhi បានថ្លែងឱ្យដឹងដែរ​ថា ការផ្អាកជើងហោះហើរអន្តរជាតិបានធ្វើឱ្យជនជាតិអាហ្វហ្គានីស្ថានជាច្រើនជាប់​គាំង​នៅបរទេស ហើយថែមទាំងរាំងស្ទះដល់ការធ្វើដំណើរត្រលប់មកបំពេញ​ការ​ងារឬសិក្សារបស់​ប្រជាជន​ផង​ដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យរូបនេះយកមកចុះផ្សាយថា៖ «ស្របពេលដែលបញ្ហានៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលត្រូវបានដោះស្រាយរួចរាល់ ហើយអាកាសយានដ្ឋាននេះមានដំ​ណើរ​ការពេញ​លេញ​សម្រាប់​ការ​ហោះហើរ​ក្នុងស្រុកនិងអន្តរជាតិ រដ្ឋអេ​មីរ៉ា​ត​អ៊ីស្លា​មអា​ហ្វ​ហ្គានី​ស្ថាន [IEA] ធានាផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញរបស់ខ្លួនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់»។

គិតចាប់តាំងពីឡើងកាន់អំណាច ក្រុមតាលីបង់បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិនានាឱ្យចាប់ផ្តើមផ្ដល់ជំនួយឡើងវិញដល់ប្រទេសនះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ