ពលរដ្ឋ​អាមេរិក​និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ប្រមាណ​១០០​នាក់​បន្ត​រង់ចាំ​ការ​ជម្លៀស​ចេញ​ពីអាហ្វហ្គា​នីស្ថាន

យន្តហោះកងទ័ពអាកាសអាមេរិកដែលត្រូវបានប្រើដើម្បីជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន នៅមូលដ្ឋានអាកាសចរណ៍អាល់យូដេដ (Al Udeid) ក្នុងទីក្រុងដូហា (Doha) ប្រទេសកាតា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Hamad I Mohammed)

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូប បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិក​ទទួល​បាន​ដំណឹង​ថា មានពលរដ្ឋរបស់ខ្លួននិងអ្នករស់នៅអចិន្ត្រៃយ៍ស្រប​ច្បាប់ (LPRs) ប្រមាណជា១០០​នាក់ទៀតនៅអាហ្វហ្គានីស្ថាន ដែលត្រូវតែជម្លៀសចេញពីប្រទេសនេះ។

មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូប​នេះបានប្រាប់អ្នកយកព័ត៌មានថា ក្រសួងការបរទេសបាន​និងកំពុង​ធ្វើកិច្ចការងារមួយចំនួន ដើម្បីជួយនាំយកមនុស្សទាំងអស់នោះចាកចេញពីអាហ្វហ្គានីស្ថានតាមជើងហោះហើរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីមន្រ្តីរូបនេះយកមកចុះផ្សាយថា៖ «អាទិភាពដ៏សំខាន់បំផុតរបស់យើងនៅអាហ្វហ្គានីស្ថាន គឺការជួយពលរដ្ឋអាមេរិកទាំងនោះដែលមានបំណងចាកចេញពីប្រទេសមួយនេះ»។

យោងតាមប្រភពដដែល​បានបន្តថា គិតចាប់តាំងពីកងកម្លាំងអាមេរិកបានចាកចេញនិងប្រគល់ព្រលានយន្តហោះឱ្យទៅពួកតាលីបង់ នៅថ្ងៃទី៣១ ខែសីហា មានពលរដ្ឋអាមេរិកចំនួន៨៥នាក់និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ចំនួន៧៩នាក់ត្រូវបានជម្លៀសចេញជាបន្តបន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថានតាមជើងហោះហើរ។

ទោះជាយ៉ាងណា​ មន្ត្រីរូបនោះបានបន្ថែមថា ពលរដ្ឋអាមេរិកមួយចំនួនក៏មិនចង់ចាកចេញពីអាហ្វហ្គានីស្ថាន ដោយទុកឱ្យសមាជិកគ្រួសាររបស់ពួកគេដែលមិនមានឯកសារធ្វើដំណើរនៅក្នុងប្រទេសនោះទេ។

ទាក់ទិននឹងករណីនេះ មន្រ្តីដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់សមាជិកគ្រួសារនៃពលរដ្ឋអាមេរិកដែលមិនមានឯកសារចាំបាច់ទាំងនោះ ក្នុងការចាកចេញផងដែរ។

គួរបញ្ជាក់ថា មនុស្សប្រមាណជា១២៤ ០០០​នាក់ត្រូវបានជម្លៀសចេញតាមរយៈជើងហោះហើរពីទីក្រុងកាប៊ុល បន្ទាប់ពីក្រុមតាលីបង់បានចូលមកគ្រប់គ្រងប្រទេសកាលពីខែមុន។

បណ្ដាប្រទេសជាង៦០ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីពេលកន្លងទៅ ដោយលើកឡើងថា ជនជាតិអាហ្វហ្គានី​ស្ថាន និងពលរដ្ឋអន្តរជាតិនានា ដែលមានបំណងចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវ​តែ​ទទួលបាន​ការអនុញ្ញាតឱ្យចាកចេញពីប្រទេសនេះ ខណៈដែលអាកាសយានដ្ឋាននិងច្រកព្រំដែនទាំង​ឡាយត្រូវតែបើកជានិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ