កម្ពុជា​ផ្តល់​ជំនួយ​​ជា​​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​​ចំនួន​​២០​ម៉ឺន​ដូស​ដល់​​ឡាវ​

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​កម្ពុជា នៅព្រឹកថ្ងៃទី២៨ កញ្ញានេះ បានប្រគល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២០ម៉ឺនដូស​ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីរួមចំណែក​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រដ្ឋលេខាធិការប្រចាំការ​ក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ ដែលជា​តំណាង​ឱ្យ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រគល់​វ៉ាក់​សាំង Sinovac ចំនួន២០ម៉ឺនដូសដល់​​លោក ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃប្រទេសឡាវ ដែលការ​ប្រគល់​និងទទួល​វ៉ាក់សាំង​នេះធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។

កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា​ ម្សិល​មិញ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ​ បញ្ជាក់​អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងលិខិតនោះ លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «វាពិតជាគួរឱ្យក្រៀមក្រំណាស់ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញ​នៃជំងឺកូវីដ-១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀត ដល់សុខុ​មាល​ភាព​របស់​ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីដ-១៩​បំប្លែង​ថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍»។

លិខិត​នោះ​បន្តថា៖ «ក្នុងស្មារតីសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយ​ថ្នាំ​វ៉ាក់​សាំង [ប្រភេទស៊ីណូវ៉ាក់] ចំនួន២០០ ០០០ដូសបន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ»។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្ពុជាក៏បានបរិច្ចាគបរិក្ខារពេទ្យ​ការពារជំងឺកូវីដ-១៩ ដល់ប្រទេសមួយចំនួនផងដែរ ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ