កម្មករ​ក្រុមហ៊ុន​មួយ​ក្នុងខេត្ត​រតនគិរី​ដែល​ឆ្លង​កូវីដ-១៩​ ថា​ខ្លួន​មិន​ទាន់​ទទួល​បាន​ថ្នាំ​ព្យាបាល​

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

កម្មករមួយចំនួនដែលបម្រើការងារនៅក្រុមហ៊ុន ផាត់ដាវ របស់វៀតណាមដែលវិនិយោគដាំដំណាំចេក​ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី បានឱ្យដឹងថា ពួកគេ​ជាង៤០នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយគ្រូពេទ្យមិនទាន់ផ្តល់ថ្នាំឱ្យលេបឬការព្យាបាលណាមួយនោះទេ​ ក្រោយពីធ្វើតេស្ត​ឃើញវិជ្ជមានរយៈពេល៥ថ្ងៃរួចទៅហើយ។

លោក តាន ដេង ដែលអះអាងថាជាកម្មករចម្ការចេកវៀតណាម នៅក្រុមហ៊ុន ផាត់ដាវ ស្ថិតនៅស្រុកលំផាត់ បានប្រាប់ វីអូឌី នៅថ្ងៃ​ទី២៨ ខែកញ្ញានេះថា គាត់ឆ្លងជំងឺកូវីដ-១៩ រយៈពេល៥ថ្ងៃមកហើយ ប៉ុន្តែរហូតដល់ថ្ងៃនេះ មិនទាន់ឃើញគ្រូពេទ្យយកថ្នាំមកឱ្យគាត់លេបនោះឡើយ។

លោកនិយាយថា៖ «ខ្ញុំឆ្លងតាមមិត្តភក្តិរួមការងារធ្វើជាមួយ ដែលគេមកនិយាយជជែកលេង។ ឥលូវ​អត់​មាន​ពេទ្យ អត់មានថ្នាំព្យាបាលទេ ព្រោះខ្ញុំបានខលទៅរកដំណោះស្រាយពីអ្នកផ្សេង ព្រោះខ្ញុំគិតថាខ្ញុំកើតជំងឺកូវីដ។ បើគេទុកចោល ពិបាករៀងៗខ្លួន​ អាចបាត់បង់ជីវិតបាន»។

លោក សួន ប៊ុន ​ដែលជាកម្មករម្នាក់ទៀត និយាយថា គាត់ឆ្លងជំងឺកូវីដ-១៩ពីកម្មករដែលធ្វើការងារជាមួយគ្នា ដោយសារតែកន្លែងរស់នៅមិនសូវមានអនាម័យ។

លោកថា៖ «អគារមួយមានបន្ទប់ទឹកដាច់ៗគ្នា ប៉ុន្តែអគារដែលពួកអ្នកដែលមានវិជ្ជមានកូវីដ​ អត់មានបន្ទប់ទឹកទេ ដល់ពេលបត់ដៃបត់​ជើងធម្មតាជាមួយអ្នកដែលអត់មានជំងឺ។ កន្លែងហ្នឹងដូចអត់សូវមានអនាម័យដែរទេ ព្រោះមនុស្សច្រើនពេក វាគគ្រិច ចូលម្តងម្នាក់ៗ។ អ្នកដែលថែៗទៅ អ្នកដែលមិនថែកាន់តែគគ្រិចឡើងៗ វាឆ្លងដល់គ្នាទៅវិញទៅមក»។ 

លោក សួន ប៊ុន បង្ហាញក្តីបារម្ភថា បើក្រុមហ៊ុននិងក្រុមគ្រូពេទ្យដាក់អ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកមិនឆ្លងនៅទីតាំងអគារនោះជាមួយគ្នា អាចធ្វើឱ្យមានការឆ្លងរាលដាលកាន់តែច្រើនថែមទៀត បើសិនជាមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

លោក ឆាន រ៉ន ដែលអះអាងថាជាមេកាប្រចាំអគារទី៦ នៃក្រុមហ៊ុនវៀតណាមនោះ និយាយថា គាត់ក៏បារម្ភការឆ្លងរាលដាលនៅក្នុងអគារដែលកម្មករចម្ការចេកស្នាក់នៅនោះដែរ ដោយសារពួក​គេមិនសូវចេះអនាម័យ ខណៈអ្នកឆ្លងមិនគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ទោះជាបែបនេះក្តី លោក ឆាន រ៉ន ស្នើទៅថៅកែក្រុមហ៊ុនរៀបចំកន្លែងស្នាក់នៅ និងរក្សាទុកអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកមិនឆ្លង ឱ្យ​នៅ​អគារដាច់ដោយឡែកពីគ្នា រួម​ទាំង​ចាត់​តាំង​អ្នកគ្រប់​គ្រង​តាម​អគារឱ្យបានហ្មត់ចត់។

វីអូឌី មិនអាចរកការបំភ្លឺពីតំណាងភាគីក្រុមហ៊ុន ផាត់ដាវ បានទេ​ នៅថ្ងៃអង្គារនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក អ៊ុង រតនា មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានយកសំណាកពីកម្មករ​ក្រុមហ៊ុន ​ផាត់​ដាវ ប្រហែល១ ០០០​​នាក់ហើយ​ ក្នុងនោះ​​បាន​រកឃើញ​ករណីវិជ្ជមាន​ជាង២០០​នាក់ ហើយពួក​គេ​ត្រូវ​បានក្រុម​គ្រូពេ​ទ្យ​ដាក់ឱ្យព្យាបាលនៅក្នុងទីតាំងអគារ​របស់ក្រុមហ៊ុន ដាច់ចេញពីអ្នកមិនឆ្លងជំងឺ។

ប្រធានមន្ទីររូបនោះប្រាប់កម្មករកុំឱ្យមានការព្រួយបារម្ភនិងភ្ញាក់ផ្អើលតាមការញុះញង់របស់ក្រុមមនុស្សមួយក្តាប់តូចដែលថា គ្រូពេទ្យមិនបានផ្តល់ថ្នាំព្យាបាលឱ្យអ្នកជំងឺ ព្រោះបច្ចុប្បន្ន គ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺយ៉ាងដិតដល់បំផុត។

លោកមានប្រសាសន៍ថា៖ «កុំឱ្យបារម្ភ! គ្រូពេទ្យគេទៅព្យាបាលត្រឹមត្រូវ ហើយម្ហូបអាហារក៏គេផ្តល់ជូនត្រឹមត្រូវដែរ។ អត់អីទេ! កុំឱ្យបារម្ភ! កុំឱ្យចលាចល! កុំឱ្យជឿតាមការញុះញង់ពីអ្នកដទៃ នាំឱ្យមានការកង្វល់ដល់ថ្នាក់ដឹកនាំ ទៅដល់ក្រសួងសុខាភិបាលដែលកំពុងតែរវល់»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសគ្រូពេទ្យត្រូវបែងចែកកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នារវាង​អ្នក​ជំងឺ អ្នក​សង្ស័យ និង​អ្នកមិនឆ្លងជំងឺកូវីដ-១៩ ទើបអាចទប់ស្កាត់ការឆ្លងរាលដាលក្នុងក្រុមហ៊ុននិង​តាមសហគមន៍បាន​។

លោក​ថា៖ «បើសិនជាឱ្យនៅរួមគ្នា ហើយអត់មានថ្នាំជួយគាត់កាត់បន្ថយការរាលដាល អាចឆ្លង​មក១ ០០០នាក់​ទាំងអស់ ឬក៏អាចឆ្លងទៅសហគមន៍ផ្សេងៗទៀតនៅក្នុងតំបន់ហ្នឹង។ បើសិន​ជាគាត់ [កម្មករ] ឈឺ យើងត្រូវញែកគាត់ទៅមណ្ឌលក្បែរហ្នឹង ឬមួយយើងរៀបចំកន្លែងឱ្យ​គាត់​​ស្អាតដើម្បីសម្រាក ហើយឱ្យថ្នាំគាត់ ព្យាបាលគាត់»។ 

បើតាមមេការនៅក្រុមហ៊ុន ​ផាត់ដាវ កម្មករនៅទីនោះសរុប​មាន​ចំនួន​ជាង១ ០០០​នាក់ និង​ស្នាក់​នៅ​អគារ​ចំនួន​១៣​។

ក្រសួងសុខាភិបាល ឱ្យ​ដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារ​​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជាង១១ម៉ឺននាក់ (១១០ ៧៩២នាក់) ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួនជាង១០ម៉ឺននាក់ (១០១ ៦៩០នាក់​)។ ចំណែកអ្នកស្លាប់កើនដល់​ចំនួនជាង២ ០០០​នាក់ (​២ ២៨៧នាក់​) និងករណីនាំចូលពីក្រៅប្រទេសចំនួនជិត២ម៉ឺននាក់ (១៨ ៨៣៧នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ