អត្ថបទ​ទស្សនៈ៖​ សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​ និង​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​របស់​អាមេរិក​និង​ចិន

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទន្លេមេគង្គដែលគ្របដណ្ដប់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់មហាអំណាចធំៗ ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ។ អ្វីដែលលេចធ្លោជាងគេនោះ គឺសារៈសំខាន់នៃការរីកចម្រើនរបស់តំបន់នេះនៅក្នុងផ្លូវពាណិជ្ជកម្មពិភពលោក ដែលជាទីតាំងភូមិសាស្ត្រនៅជិតចំណុចក្តៅ (ដូចជា សមុទ្រចិនខាងត្បូង និង ច្រកម៉ាឡាកា) និងវត្តមានសេដ្ឋកិច្ច ការទូត យោធារបស់ចិននៅក្នុងតំបន់ កំពុងកើនឡើង។

អត្ថបទនេះនឹងវិភាគពីសារៈសំខាន់នៃទន្លេមេគង្គ និងសារៈសំខាន់នៃកត្តាសេដ្ឋកិច្ច ព្រមទាំងភូមិសាស្ត្រនយោបាយរបស់តំបន់មេគង្គនេះ ដែលនាំមកនូវការប្រកួតប្រជែងយុទ្ធសាស្ត្ររបស់អាមេរិកនិងសម្ព័ន្ធមិត្តជាមួយចិន។

ខ្ពង់រាបទីបេ ដែលស្ថិតក្នុងព្រំដែនរបស់ចិន ជាអាងស្តុកទឹកសាបទី៣របស់ពិភពលោក បន្ទាប់ពីតំបន់អាក់ទិក និងអង់តាក់ទិក។ ទន្លេមេគង្គ ដែលមានប្រវែង៤ ៨០០គីឡូម៉ែត្រ មានប្រភពនៅតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង គឺជាប្រភពធនធានដ៏សំខាន់សម្រាប់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីលើនេះ ទន្លេមេគង្គ​ជាឧស្សាហកម្មជលផលទឹកសាបធំជាងគេបំផុតរបស់ពិភពលោកដែលមានសារៈសំខាន់ចំពោះសន្តិសុខស្បៀងក្នុងតំបន់ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ ០០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ មួយវិញទៀត ទន្លេមេគង្គដែលជាជម្រកជីវសាស្រ្តចម្រុះដ៏សម្បូរបែបនិងមានលក្ខណៈពិសេសរបស់វា បានផ្តល់នូវប្រព័ន្ធជីវចម្រុះនិងសារជាតិប្រូតេអ៊ីនដ៏សម្បូរបែបសម្រាប់មនុស្ស ទ្រទ្រង់ជីវភាព និងចិញ្ចឹមមនុស្សជាង៦០លាននាក់ដែលអាស្រ័យផល។ ក្រៅពីសារៈសំខាន់ខាងលើនេះ ទន្លេមេគង្គជាតំបន់ប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរវាងចិននិងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តអាមេរិកផងដែរ។

ដោយសារតែសារៈសំខាន់ដែលកំពុងកើនឡើងរបស់ភូមិសាស្ត្រនយោបាយនៃតំបន់មេគង្គនៅក្នុងសក្ដានុពលសកល បានជំរុញឱ្យតួអង្គមួយចំនួនដូចជាចិន អាមេរិក ជប៉ុន បានអភិវឌ្ឍយុទ្ធសាស្ត្រជាក់លាក់របស់ខ្លួន។

ស្របពេលដែលសហរដ្ឋអាមេរិក និងជប៉ុន បានបង្កើតវេទិកាតំបន់សម្រាប់ការពិភាក្សាអំពីគោលនយោបាយ ក៏ដូចជាមូលនិធិអភិវឌ្ឍន៍ ពេលនោះចិនបានបង្កើនវត្តមានរបស់ខ្លួនដោយផ្តល់ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថាប័នតំបន់ដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលអំណាចរបស់ខ្លួនផងដែរ។ ដោយសារតែការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង ភូមិសាស្ត្រនយោបាយនៃតំបន់មេគង្គ ត្រូវបានកំណត់ឱ្យក្លាយជាចំណុចក្តៅភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនៃការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក។

សម្រាប់ចិន ទន្លេមេគង្គ គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសខ្លួន សម្រាប់ពង្រីកពាណិជ្ជកម្ម និងជាប្រភពផ្តល់ថាមពលអគ្គិសនីដែលផលិតបានមកពីរោងចក្រវារីអគ្គិសនីជាច្រើនដែលចិនបានកសាងតាមដងទន្លេមួយនេះ។

ម្យ៉ាងវិញទៀត ប្រទេសចិនមានបំណងបង្វែរផ្លូវទឹកពីទន្លេទាំងនេះទៅស្រោចស្រពតំបន់ដែលមានប្រជាជនច្រើននៃភាគខាងកើតនិងខាងជើងរបស់ប្រទេសចិន​។ យ៉ាងណា ដើម្បីសម្រេចបានគោលបំណងនេះ ចិនបានកសាងប្រព័ន្ធបង្ហូរទឹក វារីអគ្គិសនី ព្រែកជីក។ល។ ដែលអាចប៉ះពាល់ដល់ប្រទេសអាស្រ័យផលពីទន្លេនេះផងដែរ។

ក្នុងន័យយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ច ទីក្រុងប៉េកាំងបានបង្កើតគំនិតផ្តួចផ្តើម «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC)» ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ (BRI)» ហើយកម្ចីនិងជំនួយរបស់ចិនបានលើកកម្ពស់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក កំពង់ផែ បណ្ដាញថាមពល បណ្ដាញព័ត៌មាន និងអាកាសចរណ៍ ព្រមទាំងបានទាក់ទាញបណ្ដាប្រទេសទន្លេមេគង្គ ដែលផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិននៅក្នុងតំបន់ផងដែរ។ មួយវិញទៀត ទន្លេមេគង្គ ជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលអាចដោះស្រាយទ្វេគ្រោះម៉ាឡាការបស់ចិនប្រកបដោយសក្ដានុពល។

សម្រាប់សហរដ្ឋអាមេរិកនិងជប៉ុន ទន្លេមេគង្គ មានសារៈសំខាន់សម្រាប់ភូមិសាស្ត្រនយោបាយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ សម្រាប់ជប៉ុន សារៈសំខាន់យុទ្ធសាស្ត្រនៃទន្លេមេគង្គនេះត្រូវបានសង្កត់ធ្ងន់ ដោយសារទីតាំងភូមិសាស្ត្ររបស់វានៅចន្លោះមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក។

ទន្លេមេគង្គខាងត្បូង មានសារៈសំខាន់សម្រាប់ប្រទេសជប៉ុន ព្រោះ​ផ្លូវពាណិជ្ជកម្មនៅក្នុងតំបន់នេះធានានូវការនាំចូលវត្ថុធាតុដើម និងការនាំចេញទំនិញកែច្នៃទៅកាន់ប្រទេសអាហ្វ្រិកនិងអឺរ៉ុប។ រីឯសហរដ្ឋអាមេរិកវិញ តំបន់មេគង្គបង្ហាញពីការតភ្ជាប់គ្នារបស់អាមេរិកដែលបានអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ (FOIP)។ យុទ្ធសាស្ត្រនេះផ្តោតសំខាន់លើទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច និងរដ្ឋាភិបាលជាមួយសហរដ្ឋអាមេរិក។

ដូច្នេះ ស្ថានភាពអនាគតនៃតំបន់មេគង្គ បង្ហាញពីភាពជាដៃគូនិងសម្ព័ន្ធភាពនាពេលអនាគតក្នុងចំណោមសមាជិកអាស៊ានជាមួយសហរដ្ឋអាមេរិក។ តាមទស្សនៈរបស់អាមេរិក យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ បង្ហាញពីការប្រកួតប្រជែងអំណាចរឹង ហើយក្នុងនោះយោធាដើរតួយ៉ាងសំខាន់ ដោយការប្តូរឈ្មោះពី «បញ្ជាការប៉ាស៊ីហ្វិកអាមេរិក» ទៅជា «បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក» វិញ។ បញ្ជាការប៉ាស៊ីហ្វិក គឺជាបញ្ជាការប្រយុទ្ធដ៏ធំបំផុតក្នុងចំណោមបញ្ជាការប្រយុទ្ធឯកភាពទាំង ៦ ដែលមានកងទ័ពអាមេរិកទទួលខុសត្រូវក្នុងការសម្របសម្រួលសកម្មភាពយោធាអាមេរិកនៅក្នុងតំបន់មួយ។

ជាសរុបមកវិញ បច្ចុប្បន្ននេះ ទន្លេមេគង្គមានសារៈសំខាន់សេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ ហើយកំពុងស្ថិតនៅផ្លូវបំបែកនៃការប្រកួតប្រជែងមហាអំណាច។ តំបន់នេះបានក្លាយជាចំណុចក្តៅដ៏សំខាន់មួយសម្រាប់ការប្រជែងអំណាចសកល ហើយសារៈសំខាន់របស់វានឹងត្រូវកើនឡើងនៅពេលអនាគត ថាតើបណ្ដាប្រទេសទន្លេមេគង្គនឹងទទួលបានអត្ថប្រយោជន៍យ៉ាងដូចម្តេចនោះ នៅតែត្រូវការពេលពិនិត្យមើលនិងវិនិច្ឆយបន្ថែមទៀត៕


អត្ថបទដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ខ្លឹមសារនៃអត្ថបទជាការលើកឡើងរបស់អ្នកនិពន្ធទាំងស្រុង មិនបានឆ្លុះបញ្ចាំងពីជំហរឬទស្សនៈរបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ