រដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ខែគោលកម្មករ-កម្មការិនីពី១៩២ដុល្លារ ទៅ១៩៤ដុល្លារ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។
ការសម្រេចដំឡើង២ដុល្លារនេះ គឺជាបន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើតួលេខ១៩២ដុល្លារ ដែលជាលទ្ធផលនៃការបោះឆ្នោតរបស់ក្រុមចរចាប្រាក់ឈ្នួលត្រីភាគីនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
គួរជម្រាបជូនថា ផ្អែកតាមលទ្ធផលបោះឆ្នោតនៅក្នុងកិច្ចចរចាត្រីភាគីដ៏តានតឹងថ្ងៃនេះ គឺតួលេខដែលស្នើឡើងដោយភាគីថៅកែរោងចក្រ ១៨៨ ដុល្លារ មិនទទួលបានសំឡេងឆ្នោតគាំទ្រទេ ខណៈតួលេខដែលស្នើឡើងដោយភាគីសហជីពតំណាងឱ្យកម្មករចំនួន ២០៤ ដុល្លារ បានទទួលការគាំទ្រចំនួន ៦ សំឡេង និងតួលេខដែលស្នើឡើងដោយរដ្ឋាភិបាល ចំនួន ១៩២ ដុល្លារ ទទួលបានការគាំទ្រ ៤៥ សំឡេង៕









