អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ UN៖​ កូរ៉េ​ខាងជើង​មាន​សិទ្ធិ​សាកល្បង​អាវុធ​របស់​ខ្លួន

កាំជ្រួចមីស៊ីលមួយបានបាញ់អំឡុងពេលសមយុទ្ធ នៅកូរ៉េខាងជើង។ (ផ្ដល់ដោយ KCNA តាមរយៈ Reuter នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)

អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​​អង្គការសហប្រជាជាតិ លោក Kim Song កាលពីថ្ងៃចន្ទម្សិលមិញ បានអំពាវ​នាវ​ឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវ «គោលនយោបាយ​អរិភាព (hostile policy)» របស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង និងលើកឡើងថា គ្មាននរណាម្នាក់អាចបដិសេធសិទ្ធិរបស់ខ្លួនក្នុងការការពារប្រទេស និងសាកល្បងអាវុធនានាបានឡើយ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីមន្រ្តីទូតរូបនេះយកមកចុះផ្សាយថា៖ «គ្មាននរណាម្នាក់អាចបដិសេធចំពោះសិទ្ធិដ៏ត្រឹមត្រូវក្នុងការការពារខ្លួនរបស់កូរ៉េខាងជើង ក្នុងការអភិវ​ឌ្ឍ ​សាកល្បង ផលិត និងគ្រប់គ្រងប្រព័ន្ធអាវុធឡើយ»។

លោក Kim Song បន្តថា កូរ៉េខាងជើងក៏នឹងមិនរំលោភ​ឬបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជិតខាងផងដែរ។

លោកបន្ថែមថា៖ «យើងគ្រាន់តែបង្កើតកិច្ចការពារជាតិរបស់យើង ដើម្បីការពារខ្លួនយើង ក៏ដូចជាការពារសន្តិសុខនិងសន្តិភាពរបស់ប្រទេសប្រកបដោយភាពជឿជាក់តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ក៏បានធ្វើការអំពាវនាវ​សារជាថ្មីម្តងទៀតឱ្យមានការប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ ១៩៥០-១៩៥៣ ជាផ្លូវការផងដែរ។

ជាការឆ្លើយតប លោក Kim Song បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចឱ្យសកម្មភាពនេះកើតឡើងបាន អាមេរិកគួរតែបញ្ឈប់ការចូលរួមសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងជាអចិន្ត្រៃយ៍ និងការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនៅជុំវិញឧបទ្វីបកូរ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ