អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធាន​ការ​លើ​និយោជក​ដែល​បង្ខំ​ឬ​បង្ខាំង​មនុស្ស​ខុស​ច្បាប់

កាស៊ីណូនិងសណ្ឋាគារ ជីនប៉ី នៅខេត្តព្រះសីហនុ។ រូបភាព៖ វណ្ណ វិចារ

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការច្បាប់ទៅម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូទាំងអស់ក្នុងខេត្ត ដែលបង្ខាំង ឬបង្ខំឱ្យមនុស្សធ្វើការ ឬការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ ក្រោមរូបភាពនៃការចាត់តាំងជាដើម។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញានេះថា កន្លងមករដ្ឋបាលខេត្តសង្កេតឃើញថា ម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូទាំងអស់នៅក្នុងខេត្ត បានជ្រើសរើស ការគ្រប់គ្រង ការចាត់តាំង ការអនុវត្តកិច្ចសន្យាការងាររវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាម នីតិវិធីនៅឡើយ។ បញ្ហានេះ បានបណ្តាលឱ្យមានវិវាទការងារកើតឡើង តាមរយៈបណ្តឹងដែលរដ្ឋបាលខេត្តទទួលបាននិងជួយដោះស្រាយជាបន្តបន្ទាប់។

ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់​ថា  ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើស បង្ខំ ឬបង្ខាំងមនុស្សឱ្យធ្វើការ ឬជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ការធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពរកការងារធ្វើក្នុងទម្រង់កេងប្រវ័ញ្ចពលកម្ម ក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី  ឬមានការចាត់តាំងជាដើម គឺរដ្ឋបាលខេត្តនឹងលុបអាជ្ញាប័ណ្ណ  រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាប់​វិធានការច្បាប់។

ខ្លឹមសារក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា«រដ្ឋបាលខេត្តនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស បុគ្គលដែលមានការពាក់ព័ន្ធ ស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាល ដើម្បីលុបអាជ្ញាប័ណ្ណ អាជីវកម្មជាស្ថាពរ»។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ក្រោយពីមានការបញ្ជាពីអភិបាលខេត្ត លោក គួច ចំរើន គឺក្រុមការងារបានចាត់មន្ត្រីជំនាញចុះឃ្លាំមើល ស្រាវជ្រាវ និងរង់ចាំទទួលព័ត៌មាន ជាពិសេសជនរងគ្រោះ ដែលទំនាក់ទំនងឱ្យសមត្ថកិច្ចជួយសង្គ្រោះ​។

លោកមានប្រសាសន៍ថា«បានប្រើប្រាស់កម្លាំងគណៈបញ្ជាការឯកភាពខេត្តគឺចុះល្បាតទៅតាមគោលដៅសំខាន់ៗ ហើយក្នុងនោះយើងក៏មានកម្លាំងប្រចាំការនៅតាមស្នាក់ការបណ្តោះអាសន្នទៅលើគោលដៅ ដែលជាគោលដៅចំណុចខ្ពស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងរង់ចាំំទទួលព័ត៌មាន ជាពិសេសតាមរយៈលេខទូរសព្ទប្រព័ន្ធហត់ឡាញដែលយើងមានជាភាសាខ្មែរ ភាសាចិន ភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ជនរងគ្រោះ ឬក៏ជនបរទេសគ្រប់សញ្ជាតិទាំងអស់អាចធ្វើការទំនាក់ទំនងបានឆាប់រហ័ស នឹងទាន់ពេលវេលា ២៤ម៉ោង លើ២៤ម៉ោង»។

​អ្នកស្រី លី ហ៊ាង ដែលអះអាងថា ជាបុគ្គលិកផ្នែកទទួលភ្ញៀវនៅសណ្ឋាគារ លី ខេង ប្រចាំនៅខេត្តព្រះសីហនុ សាទរចំពោះសារព្រមានចាត់វិធានការច្បាប់ចំពោះថៅកែឬ និយោជកដែលប្រព្រឹត្តបទល្មើស​ ​ ក្រោមរូបភាព​កេងប្រវ័ញ្ចកម្លាំងពលកម្ម ឬជួញដូរមនុស្សនេះ។

អ្នកស្រីបញ្ជាក់ថា នៅសណ្ឋាគាររបស់គាត់ មុននឹងទទួលភ្ញៀវឱ្យស្នាក់នៅ លុះត្រាតែភ្ញៀវមានអត្តសញ្ញាណប័ណ្ណ ប៉ាស្ព័រ និងលេខទូរស័ព្ទ ដើម្បីការពារនៅពេលដែលមានហានិភ័យអ្វីមួយកើតឡើង​ ងាយស្រួលប្តឹងទៅសមត្ថកិច្ច។

អ្នកស្រីនិយាយថា«បើសិនជនជាតិអត់មានប៉ាស្ព័រ សួរលេខទូរសព្ទក៏អត់ គឺអត់ឱ្យស្នាក់នៅទេ។ ដោយសារទី១សម័យកូវីដ ទី២នៅតំបន់កំពង់សោមភាគច្រើនគឺចិនមានចិនច្រើនហើយ ភាគច្រើនរកស៊ីខុសច្បាប់។ ខ្ញុំមិនដឹងថាមានចំនួនប៉ុន្មាននាក់ ឬក៏នៅប៉ុន្មាន អ្វីដែលសំខាន់កិច្ចការងារដែលយើងត្រូវធ្វើមានប៉ុណ្ណឹង។ បើមានបញ្ហាអ្វីទៅគឺយើងមានបញ្ហាបិទសណ្ឋាគារ បិទអាជីវកម្មរបស់យើង គឺលែងរកស៊ីកើត។ បើសិនមានបញ្ហាយើងមានលេខទូរសព្ទ មានប៉ាស្ព័រពួកគាត់វាស្រួលប្តឹងសមត្ថកិច្ចងាយរកឃើញ»។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចំាខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី មានប្រសាសន៍ គាំទ្រចំពោះការព្រមានចាត់វិធានការច្បាប់របស់អាជ្ញាធរខេត្តព្រះសីហនុ ទៅលើម្ចាស់អាជីវកម្មណា ដែល​រំលោភបំពាន ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងជួញដូរមនុស្សជាដើម។ 

ប៉ុន្តែលោកស្រីបញ្ជាក់ថា បើអាជ្ញាធរមិនឃ្លាំមើល ឬមិនចុះអនុវត្តឱ្យបានតឹងរ៉ឹងលើម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូទាំងនោះឱ្យបានហ្មត់ចត់ទេ សារព្រមាននេះមិនមានប្រសិទ្ធភាពនោះឡើយ។

លោកស្រីមានប្រសាសន៍ថា៖ «ការជូនដំណឹងរបស់អាជ្ញាធរជាការយកចិត្តទុកដាក់របស់គាត់ហើយ ហើយជាការព្រមានកុំឱ្យមានអំពើហ្នឹងកើតឡើងបន្តទៀត ហើយការព្រមាននេះក៏គួរណាស់មានការចាត់វិធានការតាមឃ្លាំមើលជាក់ស្តែងដែរ ព្រោះបើគ្រាន់តែជូនសេចក្តីជូនដំណឹង ហើយមិនមានការបង្កើតគណៈកម្មការ ដើម្បីឃ្លាំមើលជាក់ស្តែងទេ ការជូនដំណឹងនោះមិនមានប្រយោជន៍អ្វីនោះទេ»។

កាលពីថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីតុលាការខេត្តព្រះសីហនុ  ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិន​ចំនួន ១៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ នៅក្បែរកាស៊ីណូជីងកាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ពាក់ព័ន្ធ​សំណុំរឿងបង្ខាំងមនុស្ស និងកាន់កាប់អាវុធខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ