សកម្មជន​ព្រៃឡង់​ម្នាក់​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

លោក ចាន់ ធឿន សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ផ្ដល់ឱ្យ)

សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើក​ពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់​លោក ត្បិតសំណុំរឿងនេះបានពន្យារ២​លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។

ការខកចិត្តនេះ ក្រោយពេល​តុលាការខេត្តកំពង់ធំ កាលពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បើក​សវនា​ការ​លើ​សំណុំរឿងរបស់​សមាជិក​បណ្ដាញសហគមន៍​​ព្រៃឡង់ ​លោក ចាន់ ធឿន ដោយ​សម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែកញ្ញានេះ។ ​ 

សមាជិកបណ្ដាញព្រៃឡង់រស់នៅភូមិត្រពាំងត្រឡាច ឃុំមានរិទ្ធ លោក ចាន់ ធឿន​ ប្រាប់ វីអូឌី ថាចៅក្រម​​បានសម្រេចលើកប្រកាសសាលក្រមសំណុំរឿងរបស់ខ្លួន​នៅថ្ងៃអង្គារនេះ ដោយលើកយកទៅប្រកាសនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោមហេតុផលកូវីដ-១៩។ 

លោកបន្តថា បច្ចុប្បន្ន រូបលោក​បារម្ភពីសុវត្ថិភាព ដោយសារបុគ្គលឈ្មោះ ប៉ាក យ៉ាងគួ ដែលបានប្ដឹងគាត់នោះជាកូនមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឈ្មួញរកស៊ីឈើច្រើនឆ្នាំមកហើយក្នុង​ខេត្ត​នេះ ហើយធ្លាប់បាននាំកម្លាំងមកដល់ផ្ទះរបស់លោកថែមទៀត។

លោកថា៖ «មុនពេលបើកសវនាការ ពន្យារម្ដងហើយ! ​ដល់ប្រកាស ពន្យារទៀត! ចូល២ដង​ហើយ! ខ្ញុំដូច​មិនទុកចិត្ត​ម៉េច​ថា​​បើ​ពន្យារហូតអ៊ីចឹង​។ ​​ខ្ញុំមានអារម្មណ៍ភ័យដែរ ​ខ្ញុំភ័យទី១ ឈ្មញឈើគេអាងឪពុកគេប៉េអឹម បានគេមានសិទ្ធិ​មកតាមខ្ញុំដល់ផ្ទះ​។ គេមកតាមខ្ញុំដល់ផ្ទះហ្នឹង មកឡានដល់ទៅ២ ​បានខ្ញុំគេចខ្លួនហ្នឹង កុំអីខ្ញុំក៏មិនគេចខ្លួនដែរ»។ ​

លោក ចាន់ ធឿន ចាត់ទុកបណ្ដឹងនេះថា ជារឿងអយុត្តិធម៌សម្រាប់រូបលោកដែលជាអ្នកការពារព្រៃឈើ បែរជាមិនត្រូវបានលើកទឹកចិត្ត ហើយត្រូវបានជនបំផ្លាញព្រៃឈើប្ដឹងទៅតុលាការទៅវិញ។

លោកថា៖ «គេអ្នក​ទាញយកកាំបិត​ពីខ្លួន​ខ្ញុំ ភ្ជង់ខ្ញុំយកទាំងរបស់ខ្ញុំ​ ដូចប្លន់​ខ្ញុំហើយ! គេថាខ្ញុំប៉ុនប៉ងធ្វើមនុស្សឃាតទៀត។ ​ខាងតុលាការគេដាក់ខ្ញុំអ៊ីចឹងទៅ ខ្ញុំគិតថា វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ​ជាសកម្មជនការពារព្រៃឈើមួយ ​លះបង់អ្វីគ្រប់យ៉ាង មិនបានរកលុយគាប់ប្រសើរ ហើយ​ខំប្រឹងការពារ ហើយបែរជាមកទទួលសម្ពាធអ៊ីចឹងទៀត។ ខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់ខ្ញុំខ្លាំងណាស់»។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា មានប្រសាសន៍ថា ការ​លើក​ពេលនេះ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ធំ លោក សុខ រដ្ឋា មានប្រសាសន៍ថា តុលាការមិនគួរ​ពន្យារពេលប្រកាសសាលក្រមនោះទេ ត្បិតវាធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់សកម្មជនការពារព្រៃឡង់រូបនោះ។

លោកថា៖ «ទោះបីជាសំណុំរឿងហ្នឹងថ្មីក៏ដោយ ​ក៏មិនគួរពន្យារដែរ ​បើសិនជាស្ថានការណ៍អាចពន្លឿនបាន គួរតែពន្លឿនសំណុំរឿងហ្នឹងឱ្យបានឆាប់ដែរ។ ​​ណាមួយសហគមន៍យើងដឹងស្រាប់ហើយ​ ពួកគាត់មានឆន្ទៈ មនសិការ​ ​ចូលរួមការពារធនធានធម្មជាតិ​របស់កម្ពុជាហ្នឹងឯង ជាផល​ប្រយោជន៍រួមតែម្ដង។ បើសិនជា​​​​មានចំណុចខ្វះខាត​ប៉ះពាល់ផ្លូវច្បាប់ណាមួយ គួរណាពិចារណាឱ្យបានហ្មត់ចត់ហើយលឿនបំផុតសម្រាប់គាត់»។​

សមាជិកបណ្ដាញព្រៃឡង់នៅ​ខេត្តកំពង់ធំ លោក ចាន់ ធឿន ធ្លាប់​អះអាង​ថា កាលពីខែកក្កដា ឆ្នាំ២០២០ រូបលោកនិងពលរដ្ឋផ្សេងទៀតបានចុះ​ទប់​ស្កាត់​បទ​ល្មើសព្រៃឈើ​​នៅក្នុងសហគមន៍​មួយ​ស្ថិតនៅភូមិត្រពាំងត្រឡាច ឃុំមានរិទ្ធ​​ ស្រុក​សណ្ដាន់ ដោយ​ប្រទះឃើញ​បុគ្គលឈ្មោះ ប៉ាក យ៉ាងគួ​ ​ បានដឹកឈើតាមគោយន្តចេញពីព្រៃសហគមន៍។

សកម្មជនព្រៃឈើរូបនេះបន្តថា រូបលោក​បាន​យក​ទូរសព្ទថត​គោយន្ត​ដឹក​ឈើ​នោះ ហើយឈ្មោះ ប៉ាក យ៉ាងគួ​ បាន​​ស្ទុះ​​ប្រទាញ​ប្រទង់​ដណ្ដើម​​ទូរសព្ទ​និងឆក់​យក​កាំបិត​​​ស្នៀត​​ភ្ជង់​រូប​លោក រួចប្តឹង​លោក​ទៅតុលាការថែម​ទៀត ក្រោមបទចោទ ​«ប៉ុន​ប៉ង​មនុស្ស​ឃាត​» និងទាមទារសំណង២ ០០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ