ស.ស.ស.ក​ ក្រើនរម្លឹក​ឱ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ ដើម្បី​ការ​សម្រេច​ចិត្ត​ត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម

ក្រុមអ្នកកាសែតមកពីស្ថាប័នផ្សេងៗ ចូលរួមសន្និសីទអំពីស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ក្រើន​រម្លឹកពីតម្លៃរបស់​​សារព័ត៌មាន និង​​ជំរុញ​ឱ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បីឱ្យ​មានការ​សម្រេចចិត្ត​ត្រឹម​ត្រូវ សម្រាប់​សង្គ្រោះជីវិតមនុស្ស និង​ដោះស្រាយ​បញ្ហា​នានា​របស់​សង្គម។ ​

ក្នុងសេចក្ដីថ្លែងការណ៍​របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នាឱកាសទិវាអន្តរជាតិស្ដីពី «សិទ្ធិទទួលព័ត៌មាន» នៅថ្ងៃទី២៨ ខែ​កញ្ញានេះ បានឱ្យដឹងថា សង្គមជាទូទៅ និងសម្រាប់បរិបទប្រទេសកម្ពុជាផង ការបណ្ដុះបាននូវវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» គឺសំខាន់ណាស់ ពីព្រោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅតាមរយៈសារព័ត៌មាន ដើម្បីបង្កើតបាននូវបរិយាកាសសុខដុមរមនាក្នុងសង្គមជាតិ ហើយថែមទាំងធ្វើឱ្យសកម្មភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រព្រឹត្តទៅបានលឿនថែមទៀតផង។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ប្រជាធិបតេយ្យចូលរួម គឺមានតម្លៃល្អចំពោះសង្គមជាតិ ដែល​ផ្ទុយពី​ប្រជាធិបតេយ្យប្រឈមមុខ ដែលបង្កការ​បែក​បាក់​សាមគ្គីជា​តិ​កាន់​តែ​ធ្ងន់ ប្រសិន​បើ​បរទេស​ជំរុ​ញពីក្រោយបន្ថែមទៀតនោះ។ ដូច្នេះ តម្លៃរបស់សារព័ត៌មានមិនត្រឹមតែស្ថិតនៅលើពាក្យឯករាជ្យនោះទេ គឺស្ថិតលើការផ្សាយការពិត ពីព្រោះមានតែព័ត៌មានពិតដែលមានតម្លៃ​សម្រាប់ការសម្រេចចិត្តត្រឹមត្រូវ សម្រាប់ការសង្គ្រោះជីវិតមនុស្ស និងសម្រាប់ដោះស្រាយបញ្ហានានារបស់សង្គម»។

សេចក្ដីថ្លែងការណ៍ដដែលក៏បាន​លើកឡើង​ទៀត​ថា សិទ្ធិនៃការទទួលព័ត៌មាន សិទ្ធិនៃការប្រើប្រាស់ព័ត៌មាន ត្រូវតែផ្សារភ្ជាប់ជាមួយនឹងក្រមសីលធម៌នៃការផ្សព្វផ្សាយ ការទទួលខុសត្រូវ និងបុព្វហេតុជាតិ មិនមែនដើម្បីបម្រើឱ្យមនោគមវិជ្ជាបរទេសណាមួយឡើយ។

ទិវាអន្តរជាតិស្ដីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែសម្រាប់​ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» រំលេចចេញនូវប្រធានបទ «សិទ្ធិដឹង» កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន ដោយបញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ