មន្ត្រី​កម្ពុជា​មិន​ជឿ​ថា​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​តាម​រយៈ​ច្បាប់​ H.R 4686

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរដ្ឋាភិបាលមិនមានជឿថា សហរដ្ឋអាមេរិ​កនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈច្បាប់ H.R 4686 ឬ​ច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជា​ឆ្នាំ២០២១» (Cambodia Democracy Act of 2021) នោះទេ ពីព្រោះសហរដ្ឋអាមេរិកត្រូវការកម្ពុជា ដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះ​ថា រឿងកម្ពុជានិង​សហរដ្ឋអាមេរិក មិនមែនជារឿងសិទ្ធិមនុស្សនិងលទ្ធិ​ប្រជាធិបតេយ្យនោះទេ ក៏ប៉ុន្តែ​ជារឿងភូមិសាស្ត្រនយោបាយ។ លោកថ្លែងថា កម្ពុជានិង​​អាមេរិកត្រូវការជជែកគ្នា​ជុំវិញ​បញ្ហា​នេះ។

លោក​មានប្រសាសន៍យ៉ាងដូច្នេះថា៖ «រឿងហ្នឹងគឺជាអធិបតេយ្យភាព ហើយជាសិទ្ធិរបស់សភាឬអ្នកនយោបាយ​របស់​សហរដ្ឋអាមេរិក យើងអត់មានអំណាចអីទៅតតាំងអីហ្នឹងទេ ក៏​ប៉ុន្តែក្នុងនាមរដ្ឋាភិបាលនិងរដ្ឋាភិបាល​តម្រូវ ឬក៏យើងទាំងពីរ កម្ពុជានិងសហរដ្ឋអាមេរិក​ហ្នឹងត្រូវការសហការ ត្រូវការជជែកគ្នា។ ហើយអ្វីជាសារៈសំខាន់ឥលូវនេះ គឺមិនមែនលទ្ធិប្រជាធិបតេយ្យរវាងសិទ្ធិមនុស្សទេ រវាងកម្ពុជានិងសហរដ្ឋអាមេរិកគឺរឿងភូមិសាស្ត្រនយោ​បាយ​តែ​ប៉ុណ្ណោះ»។

ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះបានធ្វើឡើងបន្ទាប់ពីសភា (Congress) សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ (ម៉ោងនៅកម្ពុជា) បានអនុម័ត​សេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act of 2021) ឬ ច្បាប់ H.R 4686 ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងកងសន្តិសុខ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) ដែលជាសហប្រធាននៃក្រុមប្រឹក្សាសភាអាមេរិកស្តីពីកម្ពុជា (Congressional Caucus on Cambodia) ​រួមគ្នាជាមួយលោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយ៉ូ (Ohio) ដែល​បាន​​ផ្តួ​ច​ផ្តើម​ស​រសេរច្បាប់នេះឡើង បានសរសេរនៅលើទំព័រហ្វេសប៊ុក​​របស់​លោក​ ដោយបាន​សាទរចំពោះការអនុម័តលើសេចក្តីស្នើច្បាប់ដែលនឹងដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជានានា ក្នុងការទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ។

ប៉ុន្តែលោក ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មិនមានជំនឿថា សេចក្តីស្នើច្បាប់ H.R 4686 នេះ នឹងឆ្លងផុតដល់ដៃប្រធានាធិបតីសហរដ្ឋអាមេរិកនោះឡើយ។

លោកថា​៖ «យើងឃើញថា យើងមាន២០០ប្លាយប្រទេសដែលប្រជាពលរដ្ឋខ្មែរអាចជ្រើសរើសទៅ ដូច្នេះមន្ត្រីរដ្ឋាភិបាលដែលជាប់ឈ្មោះជាប់អីហ្នឹង ដូចជា មិនមានសារៈសំខាន់អីទៅ​សហរដ្ឋអាមេរិកទេ។ ហើយអ្វីដែលថាជាការបង្កកទ្រព្យសម្បត្តិដែលមាននៅខាងក្រៅហ្នឹង គឺបើមន្ត្រីទាំងអស់ហ្នឹងគាត់មានលុយច្រើនហូរហៀររហូតទៅដល់សហរដ្ឋអាមេរិក សម្តេចលោកលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិកហ្នឹងគេបង្កកទៅ»។

សេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ ច្បាប់ H.R 4686 ដែលចាត់ទុកថាជាការប្រញាប់នេះ ត្រូវបានគណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក អនុម័ត​​ជា​ឯកច្ឆន្ទ កាល​ពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ ផ្អែកតាមខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ មិន​បាន​ចុចឈ្មោះឱ្យចំៗ​ថាតើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបណាខ្លះនឹងទទួលរងទណ្ឌកម្មតាមរយៈច្បាប់នេះទេ។

ប៉ុន្តែសេចក្តីព្រាងច្បាប់នេះបានចែងថា ការដាក់ទណ្ឌកម្មនឹងធ្វើឡើងទៅលើបុគ្គលសំខាន់ៗដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា​កំពូលៗ និងកងកម្លាំងសន្តិសុខ ដែលជាប់ពាក់ព័ន្ធឬ​ចូលរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីការរំលាយគណបក្សប្រឆាំងនៅឆ្នាំ២០១៧ ការចាប់ខ្លួនលោក កឹម សុខា និង​ការបង្ក្រាបមួយបានបន្តរហូតដល់សព្វថ្ងៃនេះ។ ទណ្ឌកម្មទាំងនោះអាចជាការបង្កកទ្រព្យសម្បត្តិឬផ្អាករាល់ការចរាចរប្រាក់ដុល្លារដែលមាននៅលើទឹកដីសហរដ្ឋអាមេរិក ការបិទឬបង្កកទិដ្ឋាការ (VISA) មិនឱ្យចូលសហរដ្ឋអាមេរិក ឬការមិនផ្តល់ទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក ជាដើម។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​ លោក អំ សំអាត បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស​នៅកម្ពុជាឡើងវិញ ដើម្បីបញ្ចៀសពីទណ្ឌកម្មនេះ។

លោកថ្លែងថា៖ «ខ្ញុំឃើញថា កម្ពុជាយើងមានបទពិសោធន៍ច្រើនហើយតាំងពីសង្គ្រាមស៊ីវិល ហើយយើងបញ្ចប់សង្គ្រាមស៊ីវិលបាន។ ហើយអ៊ីចឹងទៅ ភាគីកម្ពុជាទាំងអស់គួរតែពិនិត្យ​ឡើង​​វិញ​ ដើម្បីឆ្ពោះទៅរកការឯកភាពជាតិនៃជាតិតែមួយក្នុងនាមជាខ្មែរ ដើម្បីធានាផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។

ចំណែកអ្នកវិភាគនិងឃ្លាំមើលសង្គម លោកបណ្ឌិត សេង សេរី សង្កេតឃើញថា រដ្ឋាភិបាល​កម្ពុជា ក៏កំពុងមានការព្រួយបារម្ភពីឥទ្ធិពលអវិជ្ជមានច្បាប់នេះ។ ដូច្នេះ លោកបានផ្តល់គំនិត​យុទ្ធសាស្ត្រថា រដ្ឋាភិបាលកម្ពុជាគួរចាប់ផ្តើមស្តារលទ្ធិប្រជាធិបតេយ្យ​​ឡើងវិញ ក្នុងអំឡុ​ងពេលដែលព្រឹទ្ធសភាអាមេរិកកំពុងធ្វើការ។

លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា៖ «ធ្វើម៉េចក្នុងអំឡុងពេលដែលព្រឹទ្ធសភាកំពុងធ្វើការ ខ្ញុំគិតថា វាអាចជាពេលវេលាមួយសមរម្យ យើងនៅមានពេលនៅឡើយ គឺទី១ បន្ធូរបន្ថយបរិយាកាសនយោបាយ ការគោរពសិទ្ធិមនុស្ស ការដោះលែងអ្នកទោសមនសិការ អ្នកទោសបរិស្ថាន និងអ្នកទោសជាសកម្មជនសិទ្ធិមនុស្សអីជាដើម ដើម្បីធ្វើម៉េចឱ្យយើងឃើញថា យើងចាប់ផ្តើមមានចេតនាបន្ធូរបន្ថយបរិយាកាសនយោបាយ។ និងចំណុចយុទ្ធសាស្ត្រ ទី២ គឺការចាប់ផ្តើមរើឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិកដែលមានការភ័ន្តច្រឡំគ្នាកន្លងមក ធ្វើម៉េចឱ្យនយោបាយការទូតផ្ការីកចម្រុះពណ៌របស់កម្ពុជាមានតម្លាភាពឡើងវិញ ហើយនិងមានជំហរអព្យាក្រឹត្យឡើងវិញ»។

ក្រោមច្បាប់ Global ​Magnitsky Act​ សហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិករួចមកហើយលើមន្រ្តីជាន់ខ្ពស់កម្ពុជា ដូចជា លោកនាយឧត្តមសេនីយ៍ ​​ហ៊ីង ប៊ុនហៀង​ ​មេ​បញ្ជាការកង​អង្គរក្ស​របស់​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ​សមាជិកគ្រួសារ​៣នាក់,​ លោក​ឧកញ៉ា ​ទ្រី ភាព ​អគ្គនាយក​ក្រុមហ៊ុន ​ទ្រីភាព​គ្រុប និងក្រុមហ៊ុនចិន UDG នៅក្នុងខេត្តកោះកុង ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ