តុលាការ​បដិសេធ​សំណើ​មេធាវី​សុំ​គ្រូពេទ្យ​ជំនាញ​អូទីហ្សឹម​ចូលរួម​សវនាការ​កុមារា​ កាក់ សុវណ្ណច្ឆ័យ

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់មេធាវីកុមារា កាក់ សុវណ្ណច្ឆ័យ ដែលស្នើសុំឱ្យមានគ្រូពេទ្យជំនាញ​ចូលរួមសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្ដី ខណៈម្ដាយកុមាររូបនេះបានអះអាងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទី​ហ្សឹមប្រចាំកាយ។

នៅថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសំណុំរឿងកូនប្រុស​អតីត​មន្ត្រីបក្សប្រឆាំង​ម្នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។

មុនពេលចាប់ផ្ដើមសវនាការ មេធាវីការពារក្ដីឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ បានស្នើទៅចៅក្រមជំនុំជម្រះឱ្យលើកពេលសវនាការ បើសិនមិនមានគ្រូពេទ្យជំនាញចូលរួម ដោយថា វត្តមានគ្រូពេទ្យពិតជាមានសារៈសំខាន់ ដើម្បីពិនិត្យមើលស្ថានភាពនិងបញ្ជាក់ថាកូនក្ដីរបស់ខ្លួនមានជំងឺអូទី​ហ្សឹមឬអត់។ ប៉ុន្តែសំណើនេះត្រូវបានចៅក្រមបដិសេធ និងបានបន្តបើកសវនាការជាធម្មតា។

ក្នុងបន្ទប់សវនាការ ចៅក្រមជំនុំជម្រះ លោក អ៊ួង វុទ្ធា បានសួរដេញដោលកុមារា កាក់ សុវណ្ណច្ឆ័យ ថាតេឡេក្រាមដែលបង្ហោះសារនោះតើបង្កើតដោយខ្លួនឯង ឬអ្នកផ្សេងបង្កើតហើយទាញចូលក្នុងនោះ? ហើយរូបភាពដែលបង្ហោះភ្ជាប់ជាមួយពាក្យពេចន៍ តើកាត់តខ្លួនឯងឬយកមកពីគេ? តើអ្នកនៅក្នុងក្រុមតេឡេក្រាមមានមនុស្សប៉ុន្មាននាក់ដែរ? 

ឈរនៅរង្វង់ក្រចកសេះ ពាក់ម៉ាស់ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ កុមារា កាក់ សុវណ្ណច្ឆ័យ បានឆ្លើយទៅចៅក្រមមួយម៉ាត់ៗហាក់ភ្លេចភ្លាំងថា តេឡេក្រាមដែលខ្លួនបង្ហោះនោះមិនបានបង្កើតខ្លួនឯងទេ ដោយអ្នកផ្សេងជាអ្នកទាញចូល ខណៈរូបភាពគឺយកមកពីអ្នកផ្សេង មិនបានកាត់តខ្លួនឯងឡើយ ហើយនៅក្នុងក្រុមតេឡេក្រាមមានមនុស្សរាប់ម៉ឺននាក់។

ចៅក្រមក៏បានបន្តសួរ សុវណ្ណច្ឆ័យ ទៀតថា ហេតុអ្វីបានជាសរសេរពាក្យពេចន៍ជេរប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន? តើការជេរប្រមាថនោះធ្វើឡើងក្នុងគោលបំណងអ្វីដែរ?

បើទោះជាសំណួរខ្លះ រូបគេស្ដាប់មិនសូវយល់ក៏ដោយ ប៉ុន្តែកុមារា កាក់ សុវណ្ណច្ឆ័យ បានឆ្លើយតបទៅចៅក្រមដោយសារភាពថា ខ្លួនពិតជាបានបង្ហោះខ្លឹមសារជេរប្រមាថពិតមែន ហើយការជេរនោះ ដោយសារខឹងនិងស្អប់។

នៅពេលចៅក្រមបន្តសួរម្ដងហើយម្ដងទៀតថាតើការបង្ហោះនិងជេរប្រមាថបែបនេះក្នុងគោលបំណងអ្វីដែរ? ដោយសារខឹងស្អប់ថ្នាក់ដឹកនាំឬ?

កុមារា កាក់ សុវណ្ណច្ឆ័យ បាននៅស្ងៀមបន្តិច ហើយនិយាយឆ្លើយយ៉ាងខ្លីថា​ ដើម្បីស្អប់និងដើម្បីខឹង ប៉ុន្តែមិនមានគោលបំណងអ្វីទេ។ ក្រៅពីសួររឿងបង្ហោះសារ ចៅក្រមថាតើ កាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមមែនអត់? ហើយធ្លាប់ទៅមន្ទីរពេទ្យទេ?

សុវណ្ណច្ឆ័យ បានឆ្លើយទៅមុខទៅក្រោយហាក់មិនសូវយល់សំណួរ ដោយម្ដងថាបានទៅពេទ្យ ហើយទៅដោយខ្លួនឯង ប៉ុន្តែមិនចាំឈ្មោះពេទ្យ ហើយគ្រូពេទ្យចាក់ថ្នាំឱ្យខ្លួន តែមិនដឹងថាខ្លួនឈឺអីទេ។

មិនមែនតែចៅក្រមទេ តំណាងអយ្យការ លោក ហុង គឹមសាន ក៏បានសួរសំណួរទាំងអស់នេះទៅ កុមារា កាក់ សុវណ្ណច្ឆ័យ ដែរ។ ក្រៅពីសួរសំណួរហើយ តំណាងអយ្យការ ហុង គឹមសាន បានលើកឡើងថា សុវណ្ណច្ឆ័យ មិនមានជំងឺអូទីហ្សឹមទេ ដោយសារកុមាររូបនេះមានចំណេះដឹងរៀនដល់ថ្នាក់ទី៩ទៀត និងអាចសរសេរបង្កើតតេឡេក្រាមនិងហ្វេសប៊ុកខ្លួនបាន។

តំណាងអយ្យការលោក ហុង គឹមសាន៖ «ហេតុអ្វីបានសរសេរពាក្យពេចន៍ទាំងអស់នេះលើហ្វេសប៊ុក និងតេឡេក្រាម? មូលហេតុអ្វី? តើនៅក្នុងក្រុមតេឡេក្រាមមានមិត្តភក្ដិប្រើនៅក្នុងនោះទេ?»

សុវណ្ណច្ឆ័យ ឆ្លើយ៖ «ខ្ញុំសរសេរខ្លួនឯង​ ខ្ញុំខឹង។ [នៅក្នុងក្រុមតេឡេក្រាម] អត់មានទេ [មិត្តភក្ដិ]។ ខ្ញុំចូលចិត្តមើលតុក្កតា»។

​ម្ដាយកុមារា កាក់ សុវណ្ណច័្ឆយ គឺអ្នកស្រី ព្រំ ចាន់ថា ដែលបានចូលរួមក្នុងអង្គសនាការនានៅថ្ងៃនេះដែរ បានប្រាប់ទៅចៅក្រមថា កូនប្រុសរបស់គាត់មានជំងឺនេះតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ ដោយមិនចេះនិយាយស្ដីឡើយ។ ក្រៅពីមិននិយាយហើយ អ្នកស្រីថា កូនគាត់ចូលចិត្តមើលយតុក្កតាសម្ងំក្នុងបន្ទប់ និងគ្មានមិត្តភក្ដិទេ។ ហើយកន្លងមក លោកគ្រូនិងអ្នកគ្រូ​ក៏ធ្លាប់បានហៅគាត់ទៅសួរចំពោះរឿងនេះដែរ។

ក្រោយពីសួរដេញដោលពេញមួយព្រឹកនោះ ចៅក្រមបានឱ្យតំណាងអយ្យការ លោក ហុង គឹមសាន និងលោកមេធាវី សំ សុគង់ ធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ។ ដោយក្នុងនោះ តំណាងអយ្យការ លោក ហុង គឹមសាន បានលើកហេតុផលថា កាក់ សុវណ្ណច័្ឆយ បានសារភាពនិងទទួលស្គាល់ខ្លួនខុសចំពោះការបង្ហោះសារទាំង៣លើកលើប្រព័ន្ធតេឡេក្រាមហើយនិងហ្វេសប៊ុក។ មួយវិញទៀត កុមារារូបនេះមានកាយសម្បទាពេញលេញ មិនមានបញ្ហាប្រព័ន្ធប្រសាទឬជំងឺអូទីហ្សឹមទេ។

ខណៈលោកមេធាវី សំ សុគង់ បានលើកឡើងថា កូនក្ដីរបស់ខ្លួនពិតជាមានបញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទមែន ដោយសារនៅក្នុងពន្ធនាគារ កូនក្ដីរបស់លោកអង្គុយជេរគេតែម្នាក់ឯង ហើយក៏គ្មានមិត្តភក្ដិដែរ។ លើសពីនេះ អំឡុងពេលសវនាការ អង្គការ តំណាងស្ថានទូត និងអ្នកពាក់ព័ន្ធផ្សេង បានសង្កេតឃើញទាំងអស់គ្នាថា កុមារារូបនេះបានឆ្លើយទៅមុខទៅក្រោយទៀតផង។

លោក សំ សុគង់ បន្តថា ការចាប់ខ្លួនកូនក្ដីរបស់លោកធ្វើឡើងទាំងយប់ ដែលផ្ទុយពីច្បាប់កំណត់ ហើយ​បទល្មើសចោទនេះមិនមានធាតុផ្សំគ្រប់ទៅតាមការកំណត់ច្បាប់ដែរ។

បន្ទាប់ពីបញ្ចប់ការសួរដេញដោលនិងធ្វើសេចក្ដីសន្និដ្ឋាន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ួង វុទ្ធា បានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ៣២០២១ខាងមុខ។

មេធាវីការពារក្ដីឱ្យកុមារ​ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ ប្រាប់ វីអូឌី បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃពុធនេះថា លោកមានការសោកស្ដាយដែលតុលាការបដិសេធសំណើសុំឱ្យសមត្ថកិច្ចនិងគ្រូពេទ្យជំនាញចូលរួមសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្ដី ហើយបានបន្តសវនាការទៀត។ មួយវិញទៀត សំណួរដែលចៅក្រមសួរកូនក្ដី លោកកត់សម្គាល់ឃើញថា ភាគច្រើនជាសំណួរនាំមុខ។

លោកថា៖ «ខ្ញុំយល់ថាការសួរទៅកូនក្ដីនោះ កូនក្ដីគាត់មានជំងឺអូទីហ្សឹម។ យើងឃើញថា ការសួរហ្នឹងហាក់ដូចជាសួរនាំមុខ ដើម្បីឱ្យកូនក្ដីឆ្លើយតាមអ៊ីចឹង​។ ទី២ សួរទៅកូនក្ដីស្ដាប់សំណួរមិនសូវបាន ហើយឆ្លើយទៅខុសពីអ្វីដែលជាការសួរ ហើយនិងមានការច្របូកច្របល់នៅពេលដែលឆ្លើយនឹងសំណួរហ្នឹង»។

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។

​កុមារ​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានគ្រួសារអះអាងថាមានជំងឺអូទីហ្សឹមប្រចាំកាយ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​ខែតុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារ​រូបនោះត្រូវ​បានសមត្ថកិច្ច​ដោះលែងវិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារ​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយបណ្តាលឱ្យបែកក្បាលដេរ២០ថ្នេរ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ