អតីត​ប្រធាន​ចលនា​យុវជន​ CNRP​ នៅកូរ៉េខាងត្បូង​ ស្នើ​​លោក​ ហ៊ុន សែន​ ដក​ការ​ចោទ​ប្រកាន់​លើ​ក្រុម​ខ្លួន​

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ចដកការចោទប្រកាន់ទាំងឡាយទៅលើខ្លួននិង​បក្ខពួក ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងលិខិតរបស់លោក យឹម ស៊ីណន ចុះ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​សារភាពថា ខ្លួននិងបក្ខពួកចំនួន​៩នាក់ផ្សេងទៀតធ្លាប់ដឹកនាំការធ្វើបាតុកម្មតស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍និងលក្ខន្តិកៈ​របស់​អតីត​​​គណបក្សសង្គ្រោះជាតិ គោរពតាមរដ្ឋធម្មនុញ្ញ​និងច្បាប់នានារបស់កម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាសកល។

ប៉ុន្តែជាអកុសល លោកថា ចលនាធ្វើមាតុភូមិនិវត្តន៍ ៩វិច្ឆិកា ឆ្នាំ២០១៩ បានបង្កឱ្យមានការជេរប្រមាថព្រះ​មហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជននិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងទៅនឹងរដ្ឋាភិបាលជាដើម។ ​យុទ្ធនាការនេះ រូបលោកនិងសហការីជិតស្និទ្ធទាំងនេះមិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងប្រកាសប្រឆាំង​យ៉ាងដាច់​អហង្ការទៀតផង។

ករណីនេះ លោក យឹម ស៊ីណន បាន​ស្នើសុំលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ដក​ការចោទប្រកាន់ទាំងឡាយទៅលើរូបលោកនិងបក្ខពួកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​៩វិច្ឆិកា​នោះ​។

លោក ស៊ីណន សរសេរក្នុងខ្លឹមសារលិខិត​ថា៖ « ខ្ញុំបាទ និងសហការីដែលជាសមាជិកចលនាយុវជនចំនួន១០​រូបទៀត ក៏សូមសម្ដេច​មេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ច​ឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តានិងការអនុគ្រោះ»។

កាលពីដើមខែមិថុនា ឆ្នាំ២០២១ អតីតប្រធានចលនាយុវជននៃ​អតីតគណ​បក្សសង្រ្គោះជាតិ (CNRP) នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលធ្លាប់រិះគន់​រដ្ឋាភិបាល​កម្ពុជាឥតសំចៃមាត់រូបនេះ​ ក៏បាន​សម្រេចលាលែងពីតំណែងនិងប្រកាស​ឈប់​ប្រឡូកក្នុងឆាកនយោបាយ ដោយ​សារចង់ក្លាយទៅជាពលរដ្ឋធម្មតាវិញ​។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការស្នើសុំរបស់លោក យឹម ​ស៊ីណន ឱ្យដកការចោទប្រកាន់លើបទល្មើសនានា ទំនងជាមិនអាចទៅរួចនោះទេ ព្រោះរឿងនេះស្ថិតនៅក្នុងដៃតុលាការទៅហើយ។

លោកមានប្រសាសន៍ថា៖ «យឹម ស៊ីណន គាត់ធ្វើលិខិតស្នើសុំនេះជាសិទ្ធិរបស់គាត់ទេ គាត់ដឹងកំហុសរបស់គាត់ ក៏ប៉ុន្តែបើរឿងហ្នឹងវាពាក់ព័ន្ធដល់ផ្លូវតុលាការហើយ គឺមិនអាចអ្នកណាលើកលែងបានទេ មានតែទុកឱ្យតុលាការដំណើរការតាមនីតិវិធី។ ប៉ុន្តែបើរឿងហ្នឹងនៅក្រៅតុលាការ ហើយមិនមានពិរុទ្ធភាពធ្ងន់ធ្ងរ វាអាចមានលទ្ធភាព[ជួយ]ដែរ»។

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ ​ មានប្រសាសន៍ថា ដើមចមដែលនាំឱ្យក្រុមយុវជនអតីតបក្សប្រឆាំងនៅប្រទេសកូរ៉េស្នើសុំលោកនាយករដ្ឋមន្ត្រី​ដកការចោទប្រកាន់ ដោយសារតែពួកគេអស់ជំនឿលើអតីតបក្សប្រឆាំងដែលបែកបាក់សាមគ្គីគ្នា។

លោក​យល់ថា រដ្ឋាភិបាលគួរតែដកការចោទប្រកាន់លើក្រុមយុវជនទាំងនោះ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានចូលរួមអភិវឌ្ឍន៍សង្គមជាតិ​ជាមួយរដ្ឋាភិបាលតាមវិធីសាស្ត្រផ្សេងៗ។

លោក​ថា៖ «ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ បានធ្វើឱ្យក្រុមយុវជនដែលគាត់ស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់កិច្ចការសង្គម ចង់ជួយសង្គម គឺត្រូវបានគេទាត់ចោលទៅម្ខាង ហើយរងគ្រោះដោយសារតែការកើតឡើងនូវជម្លោះផ្ទៃក្នុងរបស់ខ្លួន។ ហើយយើងឃើញថា ជម្លោះនេះមិនងាយបញ្ចប់ទេ ហើយយុវជនដែលនៅប្រទេសកូរ៉េ គឺគាត់មិនមែនជាជនជាតិកូរ៉េ ហើយគាត់មិនអាចរស់នៅទីនោះអស់មួយជីវិតបានទេ។ ដូច្នេះនៅក្នុងដំណាក់កាលនេះ ខ្ញុំគិតថា វាសមរម្យដែរហើយដែលពួកគាត់ពិចារណាថា សុំឱ្យមានការយោគយល់ឬការលើកលែងពួកគាត់ឱ្យបានរួចផុតពីការចោទប្រកាន់»។

​ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី ប្រធានអតីត​​គណបក្សសង្រ្គោះជាតិ ដោយ​កំណត់​ពេលវិលត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះបណ្តាលឱ្យមានការចាប់ខ្លួនអតីតសកម្មជននិងមន្ត្រីរបស់​ខ្លួនជាច្រើននាក់ ​ប៉ុន្តែអ្នកខ្លះក៏ត្រូវបានដោះលែងវិញ ហើយខ្លះទៀតកំពុងជាប់ឃុំនៅឡើយ រីឯមួយចំនួនទៀតកំពុងរត់ភៀសខ្លួនទៅក្រៅប្រទេសថែមទៀតផង។ ​

ក្រោយមក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រលប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ថ្ងៃទី​​៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ ដោយឡែកលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ