មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបទុមសាគរ បានសាកសួរអ្នកសារព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាឱ្យមានចំណាត់ការលើអ្នកកាសែតរូបនោះ ពាក់ព័ន្ធករណីបំភ្លៃព័ត៌មានរឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។
ការកោះហៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក យួន ឈីវ បានធ្វើការផ្សព្វផ្សាយថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តនេះដែលដឹកនាំដោយលោក សុខ សុទ្ធី បានទៅកាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃ បន្ទាប់ពីមានអនុក្រឹត្យចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
លោក សុខ ផន អធិការនគរបាលស្រុកបទុមសាគរ បានថ្លែងបញ្ជាក់កាលពីម្សិលមិញថា៖ «យើងកំពុងធ្វើការសាកសួរ។ ប៉ូលិសយើងបាននិងកំពុងសួរនាំ។ ស្នងការរង គាត់បានមកសាកសួរ។ យើងបានសាកសួរប្រហែល៣ឬ៤ម៉ោងហើយ យើងមិនទាន់ដឹងទេថាត្រូវបញ្ជូនឬអត់ យើងរង់ចាំការងារចប់សិន»។
សារសំឡេងបែកធ្លាយរបស់លោក ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូដោយដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោរឃៅបំផុតធ្វើបាបពលរដ្ឋ» ដោយលោកបានចាត់ទុកថា ការផ្សព្វផ្សាយនេះជាព័ត៌មានខុសពីការពិត ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងបង្កភាពចលាចលក្នុងសង្គម។
ក្នុងសារជាសំឡេងនោះ លោក ទៀ បាញ់ បានបញ្ជាឱ្យអាជ្ញាធរខេត្តកោះកុងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរនិងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។
អាជ្ញាធរខេត្តកោះកុងក៏បានច្រានចោលការចុះផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានឈ្មោះ យួន ឈីវ នេះថាជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការចុះផ្សាយព័ត៌មាននេះមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោក សុខ សុទ្ធី ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។
កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុចខ្មោច៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
ការចុះអនុវត្តវិធានការនោះ ដោយសារនៅទីតាំងទាំងនេះមានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូច។ លើសពីនេះ នៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនោះ ជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ ដែលចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ឡើយ៕