គណៈ​មេធាវី​កំពុង​ពិនិត្យ​មើល​លិខិត​បំភ្លឺ​លើ​ករណី​លោក​មេធាវី​ ផាន់​ ច័ន្ទស័ក្ដិ

លោកមេធាវី ផាន់ ច័ន្ទស័ក្ដិ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក ផាន់ ច័ន្ទស័ក្ដិ)

ប្រធានគណៈមេធាវីកម្ពុជា ​បានឱ្យដឹងថា ក្រុមគណៈមេធាវីកំពុងពិនិត្យមើលលើលិខិតបំភ្លឺ​របស់ លោកមេធាវី ផាន់ ច័ន្ទស័ក្ដិ ករណីមេធាវីរូបនេះបាន​ប្រកាស​លក់សំឡេង​ឆ្នោតរបស់ខ្លួនដែលជាការបំពានក្រមសីលធម៌មេធាវី​ និងការឃោសនាបោះឆ្នោត។

យោងតាម​​សេចក្ដីថ្លែងការណ៍របស់​គណៈមេធាវី ​នៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២១ បាន​ថ្កោល​ទោស​​ចំពោះ​អំពើរបស់លោក​មេធាវី​ ផាន់​ ច័ន្ទស័ក្ដិ ដែលមានអត្តលេខ​២៥៣ ក្នុងករណី​ដែល​លោក​បាន​​បង្ហោះ​​ជា​សា​ធារណៈ​ក្នុង​ក្រុម​តេឡេក្រាមឈ្មោះ «CLOមតិមេធាវី» ដែល​មាន​ខ្លឹម​សារ​ថា​ «លក់សំឡេងឆ្នោត បោះឆ្នោតជូន០១សំឡេង តម្លៃ១ ០០០ដុល្លារ»។

តាមរយៈសេចក្ដី​ថ្លែងការណ៍ដដែលនេះ​បាន​បញ្ជាក់​​ថា​ អំពើនេះ​​ជា​ការ​បំពានលើ​ក្រមសីលធម៌មេធាវី និងសេចក្ដី​សម្រេច​ស្ដី​ពីការ​ឃោសនាបោះ​ឆ្នោតជ្រើស​តាំង​សមាជិកក្រុម​ប្រឹក្សា​គណៈមេធាវី​អាណត្តិទី១០​ ក្នុងចេតនាប៉ះពាល់ដល់​កិត្តិយស​ កេរ្តិ៍ឈ្មោះ និងសេចក្ដី​ថ្លៃថ្នូររបស់​​មេធាវី​។

ប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា​ មានប្រសាសន៍​ប្រាប់​ VOD នៅថ្ងៃទី២៨ ខែកញ្ញានេះថា ​គណៈមេធាវី​កំពុងពិនិត្យលិខិតបំភ្លឺលើករណីលោកមេធាវី ផាន់​ ច័ន្ទស័ក្ដិ ខណៈ​លោក​មេធាវី​រូប​នេះ កំពុងតែ​ជាប់នៅក្នុងតំបន់​បិទខ្ទប់ក្នុងខេត្តសៀមរាប។

លោកលើកឡើងថា៖ «យើងបាន​ដំណើរ​ការ​ហើយ ​ដោយ​សារ​តែ​គាត់ [មេធាវី ផាន់ ច័ន្ទស័ក្ដិ] បាន​ផ្ញើលិខិតមក​គណៈមេធាវី​ អ៊ីចឹងយើងកំពុងតែពិនិត្យទៅលើ​អ្វីដែលគាត់បំភ្លឺមកហ្នឹង។​ គាត់បាន​ផ្ញើ​លិខិតបំភ្លឺហ្នឹងមកហើយ​ តែដោយ​សារតែគាត់ជាប់​បិទខ្ទប់នៅខេត្តសៀមរាប។​ អ៊ីចឹងទៅខាងគណៈមេធាវី​នឹងពិនិត្យ​ឱ្យ​បាន​លឿន​នូវអ្វី​ដែលគា​ត់​បញ្ជាក់​មក»។

លោកបានបន្តថា៖ «​ដោយសារ​តែ​គាត់​បាន​បង្ហោះ​សារ​នៅក្នុង​ក្រុម​ពិភាក្សា​ ហើយ​សារ​ដែលគាត់​បង្ហោះ​លក្ខណៈ​ថា​ប្រកាស​លក់​សំឡេង​ឆ្នោត​គាត់​ ហើយ​ធម្មតាការ​ប្រកាសធ្វើ​អ៊ីចឹង​ ទាំង​ច្បាប់​ជាតិ ទាំង​ច្បាប់​របស់​គណៈមេធាវី​ គឺ​យើងមិន​អនុញ្ញាតទេ​ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស តម្លៃ​ស្ថាប័នយើង»។

​លោក​មេធាវី​ ផាន់ ច័ន្ទស័ក្ដិ នៅថ្ងៃទី២៩ ខែកញ្ញានេះ ​សុំមិនឆ្លើយអ្វីច្រើនឡើយ ដោយថា ​​រឿងនេះបាន​បញ្ចប់ ហើយជារឿងផ្ទៃក្នុងរបស់គណៈមេធាវីប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំ​អត់​ធ្វើ​អធិប្បាយ​ ព្រោះ​រឿង​បាន​បញ្ចប់​ទៅ​ហើយ​ ហើយ​ជា​រឿង​ផ្ទៃក្នុងរបស់​គណៈមេធាវីទេ​។ អ៊ីចឹង​សុំរក្សាព័ត៌មានស្ងៀម​ស្ងាត់​ចុះ​ មិនអធិប្បាយជូនទេ​ ព្រោះជារឿងចាស់យូរ​ហើយ​»។

គួរបញ្ជាក់​ផង​ដែរ​ថា​ លោក​មេធាវី លី ច័ន្ទតុលា បាន​ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី​នៃគណៈមេធាវី នៃ​​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អាណត្តិ​ទី​១៣ កាលពី​ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២០ ខណៈ​​អាណត្តិទី១៤ នឹងត្រូវបោះឆ្នោតក្នុងឆ្នាំ២០២២។ ការបោះឆ្នោតរើស​ប្រធានគណៈមេធា​វី​ធ្វើឡើង​ក្នុងរយៈពេល២ឆ្នាំម្ដង​ រីឯប្រធាន​គណៈមេធាវីវិញអាចធ្វើជា​ប្រធានបាន​ត្រឹម​២អាណត្តិ​តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ