ថ្នាក់​ឧត្ដម​សិក្សា​មួយ​ចំនួន​នឹង​ចាប់​បើក​ដំណើរ​ការថ្នាក់​រៀន​ឡើង​វិញ​ ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​បញ្ចប់​

ពលរដ្ឋជិះម៉ូតូធ្វើដំណើរពីមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គណៈគ្រប់គ្រងថ្នាក់​​ឧត្ដម​សិក្សា​នៅ​រាជ​ធានី​ភ្នំ​ពេញមួយចំនួនអះអាងថា ពួកគេត្រៀម​​រៀប​ចំបើក​​​ដំ​ណើរ​ការ​ថ្នាក់រៀនឡើង​វិញ​ ​ក្រោយ​​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចប់​រួច​រាល់​។

​ការ​រៀប​ចំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រ​សួងអប់​រំ​ យុវ​ជន​ និងកី​ឡា​ នៅ​​ថ្ងៃ​ទី​២៧​ ខែកញ្ញា ​​ឆ្នាំ​២០២១​ បាន​​ចេញ​សេច​​ក្ដីណែ​នាំចំនួន​​១១​ចំ​ណុចនៃ​ការ​បើក​ដំ​ណើរ​ការ​សាលា​រៀន​ឡើង​វិញ សម្រាប់​​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​សា​ធា​រណៈ​និង​ឯ​ក​ជនទាំងអស់។

​​សាកល​វិទ្យា​ធិ​ការ​រងនៃ​​សា​កល​វិ​ទ្យាល័យជាតិ​គ្រប់គ្រង លោក សេង ប៊ុន​ធឿន មានប្រសាសន៍​ប្រាប់ វី​អូ​ឌី​ កាលពីម្សិលមិញ​ថា ចំ​ពោះ​សាកល​វិ​ទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ​បាន​ត្រៀម​លក្ខណៈបើក​កិច្ច​ប្រជុំ​​ ដើម្បីត្រៀម​បើក​​ដំ​ណើរ​ការ​ឡើង​វិញ​នូវការរៀននិងបង្រៀនក្នុងថ្នាក់ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ត្រូវ​បាន​បញ្ចប់។

លោក​ថា៖ «យើង​អាច​បង្ការ​ការ​ឆ្លង​បាន​នៅ​ពេលដែល​យើង​បើក​ថ្នាក់​ ហើយ​ជា​ពិសេស​យើង​យក​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​យក​មក​រៀប​ចំ​មក​ធ្វើ​ជា​គោល ​ដើម្បី​ធ្វើ​ដំណើរការ​បើក​ថ្នាក់​ហ្នឹង​ឱ្យ​វា​រលូន​ ៣កុំ​ ៣ការពារ​ [និង] SOP [នីតិវិធីស្ដង់ដារប្រតិបត្តិអប្បបរមា] ឬក៏បែបបទណា​មួយ​ដែល​យើង​គិតថាគេច​ផុត​ពី​ការ​ឆ្លង​រាល​ដាលពី​ជំងឺ​កូវីដ​-១៩​ ដល់​និស្សិត​ លោកគ្រូ​-អ្នកគ្រូ។ ជា​គោលការ​ណ៍ ដូច​ជា​ថ្ងៃ​ខាងមុខនេះ យើង​នឹង​ប្រជុំជាមួយសាកលវិទ្យា​ធិការ​ ស្ដាប់​មតិប្រជុំ​ ដើម្បី[បង្ការការ]កើតមាននូវការឆ្លងរីករាលដាលបាន»។​

លោក​បន្ថែមថា​ សាលា​​ក៏បានរៀប​ចំរួច​រាល់​និងកំណត់នូវចំនួនសិស្សដោយ​មិន​ឱ្យ​លើស​ពី​២០នាក់​ក្នុង​មួយ​ថ្នាក់​ ហើយ​មាន​គោល​​ការណ៍​ដូចជា​​ ទី១ ​​ឱ្យ​និសិ្សតស្ម័គ្រចិត្ត​ក្នុងការរៀននៅក្នុងថ្នាក់ដោយខ្លួនឯង ទី២ ត្រូវរៀន​វិលជុំឬ​ឆ្លាស់វេនគ្នា ជាដើម។ ​

លោក​បន្ត​ថា៖ «ជាគោលការណ៍ សាលកលវិទ្យាល័យជាតិគ្រប់គ្រង​ ធ្វើអ្វីៗទៅតាមអារម្មណ៍របស់និស្សិត ទៅតាមឆន្ទៈរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីថា យើងបានស្ទាបស្ទង់​ យើងបាន​ធ្វើការស្រាវជ្រាវ​ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ អ៊ីចឹងនិស្សិតប្រហែល៩០ភាគរយ​ចង់ចូលថ្នាក់វិញ ប៉ុន្តែ​យើងមិនអាចអនុញ្ញាតឱ្យគាត់ចង់បាន​ទាំងអស់គ្នាក្នុងពេលតែមួយទេ។ ដូច​ដែលខ្ញុំជម្រាប​​មិញអ៊ី​ចឹង ជាយុទ្ធសាស្រ្តដំបូងយើងធ្វើ ហើយអ្នកមកហ្នឹងត្រូវមានអាល់កុល​ ត្រូវមានម៉ាស់ ត្រូវវេចបាយមក ត្រូវមានទឹក ត្រូវមាន​សម្ភារផ្ទាល់ខ្លួនទាំងអស់​ អត់មានចេញលេង អត់មានការពពាក់ពពូន ចេញទៅផ្ទះវិញ ផ្ញើម៉ូតូ ជាដើម»។

​អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនងនៃសាកលវិទ្យល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) លោក ពៅ សារឿន បង្ហាញភាពរីករាយ​បន្ទាប់ពីក្រសួងបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិង​ឯកជនអាចបង្រៀននិងរៀនក្នុងថ្នាក់ជាលក្ខណៈសាកល្បង ខណៈសាកលវិទ្យាល័យនេះកំពុងមមាញឹកក្នុងការរៀប​ចំ​ដំណើរ​ការ ដើម្បីធានានូវសុវត្ថិភាពសុខភាពទាំងអស់គ្នា។

លោកលើកឡើងថា៖ «ខ្ញុំសប្បាយរីករាយស្វាគមន៍ចំពោះការប្រកាសនេះ ប៉ុន្តែយើងនៅតែនីតិវិធីថាតើមានការរៀបចំយ៉ាងដូចម្ដេច ដើម្បី​ធានាសុវត្ថិភាពឱ្យបាន […] ខាងគណៈគ្រប់គ្រងយើងកំពុងតែពិនិត្យមើល ហើយរៀបចំយ៉ាងដូចម្ដេច ដើម្បីរៀបចំយ៉ាងម៉េចដើម្បីធានាដល់សុវត្ថិ​ភាព​សិស្សផង គ្រូផង និងសហគមន៍ផង»។

និស្សិតមកពីសាកលវិទ្យល័យបញ្ញាសាស្រ្តាកម្ពុជា ជំនាញទំនាក់ទំនងអន្តរជាតិ កញ្ញា គង់ ស្រីរ័ត្ន លើកឡើងថា ការបើកសាសាវិញ​គឺជារឿងមួយ​ល្អ ប៉ុន្តែគួរ​មានវិធានការច្បាស់លាស់។ បន្ថែមពីនេះ កញ្ញា​ថា កញ្ញាពេញចិត្តនិងជ្រើសរើសការរៀនក្នុងថ្នាក់ផ្ទាល់ជាជាងរៀនតាមអនឡាញ។

កញ្ញាលើកឡើងថា៖ «សម្រាប់ខ្ញុំ បើគេបើកសាលា ខ្ញុំនឹងទៅរៀនក្នុងសាលា ព្រោះខ្ញុំគិតថា ខ្ញុំរៀន​នៅសាលាខ្ញុំ​ រៀនយល់ជាង ទោះបីក្នុងបរិបទអីក៏ដោយ​។ គេថាឱ្យយើងរៀនទៅតាមបរិបទអ៊ីចឹងទៅ តែដោយសារតែខ្ញុំចូលចិត្តការរៀនដែលជួបផ្ទាល់ជាង»។

និស្សិត​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​ទេស​កម្ពុ​ជា ​លោក​ ឡាយ ផា​និត​​ បាន​ប្រាប់ ​​វី​អូ​ឌី​ ថាការ​បើក​ដំ​ណើរ​ការ​ថ្នាក់​រៀន​ឡើង​វិញ​ជា​រឿង​​ល្អ ​តែលោក​ក៏នៅ​បារម្ភពី​សុវត្ថិភាព​ ពិសេស​មេរោគកូវីដ-១៩​បំប្លែង​ខ្លួន​ថ្មីប្រភេទ ដែល​តា។

លោក​ថា​៖​ «​បើ​បើក​វិញ​ល្អ​ ដោយ​សារ​រៀន​នៅ​សាលា​វា​បរិ​យា​កាស​ស្ងប់​ស្ងាត់​ល្អ តែ​បើ​យើង​នៅ​ផ្ទះ​វា​រាង​រញ៉េរញ៉ៃ​បន្តិច។ ហើយ​ណា​មួយ ​នៅ​សាលា​ក៏​បាន​ឧបករណ៍​អី​គ្រប់​គ្រាន់​ ពេល​ដល់​ម៉ោង​ពិសោធ​ន៍​អី វា​មាន​ឧបករណ៍​ យើង​ស្រួល​សិក្សា​ជាង​នៅ​ផ្ទះ​ នៅ​ផ្ទះ​យើង​មាន​តែ​មេរៀន ​អត់​សូវ​បាន​ស្គាល់​ឧបករណ៍​ស្គាល់​អី ​[…]»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ជុំវិញការបើកដំណើរការថ្នាក់ឧត្ដមសិក្សាឡើងវិញ មិនមែនជាបញ្ហាធំនោះទេ ស្របពេលដែលថ្នាក់ឧត្ដមសិក្សាស្ថិតក្នុងវ័យចេះដឹង ជាមួយការទទួលបានចំណេះបន្ថែមពីការការពារខ្លួនរបស់ក្រសួងសុខាភិបាល។

លោកបន្តថា៖ «យើងដឹងហើយថា រហូតមកដល់ពេលនេះ មនុស្សនៅក្នុងវ័យនេះក៏បានចូលរួមចំណែកចាក់វ៉ាក់សាំងហ្នឹងបានច្រើនដែរ។ អ៊ីចឹងជាមួយនឹងវ៉ាក់សាំង ហើយនិងការរក្សាគម្លាត ឬក៏វិធានការផ្សេង ក៏អាចជួយពួកគេបានដែរ។ ប៉ុន្តែក៏យើងនៅតែបារម្ភដែរ ក្នុងស្ថានភាពបែបនេះជាមួយនឹងការកើតមាននូវមេរោគបំប្លែងថ្មី គឺជាចំណុចមួយដែលមានការបារម្ភ វាមិនមែនតែកម្ពុជាទេ សូម្បីពិភពលោកក៏បារម្ភដែរ»។

លោកបន្ថែមថា កម្ពុជាគួរតែមានអ្វីបន្ថែមទៀតក្រៅតែពីវិធានការ «៣កុំ ៣ការពារ» ពីព្រោះមេរោគកូវីដ-១៩ វាមានការវិវត្ត ការបំប្លែងខ្លួនពីឥទ្ធិពលធម្មតាមកជាឥទ្ធិពលខ្លាំង ហើយមាន​ការចម្លងលឿនជាងមុន។ រឿងដែលសំខាន់ លោកថា ការចែករំលែកព័ត៌មានទៅដល់មហាជនពីក្រសួងសុខាភិបាល ដើម្បីឱ្យពួកគេ​ប្រុងប្រយ័ត្ន។ ក្រៅពីនោះ ការស្វែងរកព័ត៌មានដែលមានប្រយោជន៍គ្រប់ជ្រុងជ្រោយសម្រាប់ការវិវត្តនៃកូវីដ-១៩ ជារឿងដែលមិនអាចមើលស្រាលបានទេ។

លោកថា បើមើលលើ​នីតិវិធីស្ដង់ដារប្រតិបត្តិអប្បបរមា (SOP) របស់ក្រសួងអប់រំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ប៉ុន្តែនៅឡើយតែការអនុវត្តគោលការណ៍នៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងការធ្វើដំណើរនៅតាមសាធារណៈ ដូចជា តាមហាងកាហ្វេ នៅកន្លែង​ជួបជុំមួយចំនួនទៀត។ ​

លោកមានប្រសាសន៍ថា៖ «​ខ្ញុំតែងសង្កេតឃើញថា សិស្សនិស្សិតខ្លះចេញពីសាកលវិទ្យាល័យហើយ គាត់មានការជួបជុំរៀនសូត្រអ្វីផ្សេងៗ​ទៀត។ អ៊ីចឹងការជួបជុំផ្សេងៗទៀតនៅក្រៅសាលារៀនហ្នឹង ក៏ជាឧបសគ្គមួយដែរ ក្រែងសាលាធ្វើល្អធ្វើបានត្រឹមត្រូវទៅ ប៉ុន្តែនិស្សិតអាចនាំមេរោគពីខាងក្រៅ ដោយការធ្វេសប្រហែស និងយកទៅចូលដល់ក្នុងថ្នាក់រៀនឬក៏សាលារៀនរបស់ខ្លូន»។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងរដ្ឋនិងឯកជនទូ​ទាំង​ប្រ​ទេស​ចាប់តាំងពីថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២១ ក្រោមហេតុផល​បង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

រហូតមកដល់​ខែកញ្ញានេះ ទើបមានការសម្រេចជាថ្មីឱ្យបើកសាលាថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ នៅតាមតំបន់មានហានិភ័យទាប​នៃការឆ្លងជំងឺកូវីដ-១៩។ ហើយការសម្រេចចុងក្រោយកាលពីថ្ងៃទី២៤ ខែកញ្ញា ប្រមុខរដ្ឋាភិបាល​បានអនុញ្ញាត​​ឱ្យក្រសួង​អប់រំ យុវជន និងកីឡា បើក​មហា​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ឡើងវិញ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ