រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​ H.R 4686

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

រដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃនេះ (ម៉ោងនៅកម្ពុជា) បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act 2021) ឬច្បាប់ H.R 4686 ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

យោងតាមសេចក្ដីរាយការណ៍នានា ឱ្យដឹងថា កិច្ចប្រជុំរដ្ឋសភាសហរដ្ឋអាមេរិក (Congress)​ លើកទី​១១៧ បាន​អនុម័ត​លើសេចក្ដីស្នើច្បាប់នេះរួចហើយ។ ក៏ប៉ុន្តែសេចក្ដីស្នើច្បាប់ដែលចាត់ទុកថាជាការប្រញាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយដំណាក់កាលទៀត មុននឹងបញ្ជូនទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បីចុះហត្ថលេខាប្រកាសជាច្បាប់បាន។

សេចក្ដីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ ច្បាប់ «H.R 4686» នេះ ​ត្រូវបានស្នើ​ឡើង​ដោយ​​តំណាងរាស្ត្រ​អាមេរិក​ពីររូបដែលជាសហប្រធាននៃក្រុមប្រឹក្សាសភាអាមេរិកស្តីពី កម្ពុជា (Congressional Caucus on Cambodia) រួមមាន លោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយ៉ូ (Ohio) និង​លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​អាមេរិកមកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា (California)។ សេចក្តីស្នើច្បាប់នេះត្រូវបានគណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិកអនុម័ត​ជា​ឯកច្ឆន្ទកាល​ពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

សេចក្ដីស្នើច្បាប់នេះបានចែងពីការដាក់ទណ្ឌកម្មលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីយោធាកំពូលៗ និងកងកម្លាំងសន្តិសុខ ដែលចូលរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទណ្ឌកម្មទាំងនោះអាចជាការបង្កកទ្រព្យសម្បត្តិ ឬរាល់ការចរាចរប្រាក់ដុល្លារដែលមាននៅលើទឹកដីសហរដ្ឋអាមេរិក ការបិទឬបង្កកទិដ្ឋាការ (VISA) មិនឱ្យចូលសហរដ្ឋអាមេរិក ឬការមិនផ្តល់ទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក ជាដើម។

នៅមិនទាន់មានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ជុំវិញការអនុម័តច្បាប់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ