USAID​ផ្តល់​សម្ភារ​​​អប់រំ​តាម​ផ្ទះ​ជាង​៧​សែន​កញ្ចប់​ជូន​កុមារ​ថ្នាក់​ទី១​និង​ទី២​នៅ​កម្ពុជា

ក្រុមរថយន្តដឹកជញ្ជូនកញ្ចប់សម្ភារអប់រំតាមផ្ទះចំនួន ៧៥០ ០០០ ​សម្រាប់ផ្តល់ជូនទៅកាន់កុមារតូចៗថ្នាក់ទី១ និងទី២ គ្រប់រូប ក្នុងប្រទេសកម្ពុជា​ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១។(រូបភាព៖ គេហទំព័ររបស់UNICEF ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១)

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថាUSAID ព្រមទាំងដៃគូពាក់ព័ន្ធ បានរៀបចំកញ្ចប់សម្ភារអប់រំតាមផ្ទះចំនួន ៧៥០ ០០០ កញ្ចប់ សម្រាប់ប្រគល់ជូនកុមារថ្នាក់ទី១ និងថ្នាក់ទី២ នៅទូទាំងប្រទេសកម្ពុជា ដើម្បីយកទៅសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩។

ទំព័រហ្វេសប៊ុករបស់ USAID ​នៅថ្ងៃពុធនេះលើកឡើងថា កញ្ចប់អប់រំតាមផ្ទះចំនួន ៧៥០ ០០០ កញ្ចប់ កំពុងតែត្រូវបានដឹកជញ្ជូនទៅកាន់កុមារតូចៗថ្នាក់ទី១ និងទី២គ្រប់រូប ក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេបានរៀនសូត្រ អាន សរសេរ និងរីករាយក្នុងការសិក្សាជាដើម។

ក្នុងហ្វេសប៊ុក USAID សរសេរថា៖  «កញ្ចប់សម្ភារអប់រំទាំងនេះត្រូវបានវេចខ្ចប់នៅរាជធានីភ្នំពេញ ហើយដឹកជញ្ជូន និងចែកចាយនៅទូទាំងប្រទេស។ ចុះនរណាជាអ្នកទទួល? គឺកុមារ លោកគ្រូ អ្នកគ្រូ និងមាតាបិតា»។

អង្គការយូនីសេហ្វ(UNICEF)ប្រចាំកម្ពុជា ដែលបានចូលរួមសហការផ្តល់កញ្ចប់សម្ភារសិក្សាជូនសិស្សថ្នាក់ទី១ និងទី២នៅកម្រិតបឋមសិក្សាដែរនោះ បានចេញសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួនកាលពីថ្ងៃ ២៨ខែកញ្ញា​ ដោយបញ្ជាក់ថាកញ្ចប់សម្ភារអប់រំទាំងនោះរួមមាន សៀវភៅពុម្ពសំរាប់កុមារតាមវ័យ និងឯកសារស្វ័យសិក្សា ដើម្បីពង្រឹងអំណាន សំណេរ ការប្រកប និងគណិតវិទ្យា ដែលសុទ្ធតែជួយបំពេញបន្ថែមលើកម្មវិធីសិក្សា ថ្នាក់ទី១ និងថ្នាក់ទី ២ របស់ក្រសួងអប់រំ យុវជន និងកីឡា។

បន្ថែមពីនេះ កញ្ចប់សម្ភារសិក្សាក៏មានបញ្ចូលព័ត៌មានអំពីវិធីសាស្ត្រដែលមាតាបិតាអាចប្រើប្រាស់ដើម្បីជួយគំាទ្រដល់ការអប់រំកូនៗ និងបន្តការពារពួកគេពីជំងឺកូវីដ-១៩ ដោយមានបញ្ចូលសាប៊ូមួយដុំ និងវេចខ្ចប់ដាក់ក្នុងកាបូបមេត្រីបរិស្ថាន សម្រាប់យកមកប្រើប្រាស់ឡើងវិញបានផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានដកស្រង់ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោកស្រី Carmen Moreno មានប្រសាសន៍ថា ការសិក្សាដោយប្រើឯកសារជាក្រដាសសម្រាប់កុមារនៅវ័យ ៦ទៅ៧ ឆ្នាំ មានប្រសិទ្ធភាពជាងការសិក្សាតាមប្រព័ន្ធអនឡាញ។

លោកស្រីថ្លែងថា«សាលារៀននឹងបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សទាំងនេះមិនអាចត្រឡប់ទៅអាយុ ៦ ឬ ៧ ឆ្នាំម្តងទៀតបានឡើយ ហើយវ័យកម្រិតនេះជាឱកាសល្អបំផុតសម្រាប់ឱ្យកុមាររៀនអាន ប្រកបអក្សរ និងរាប់លេខបានយ៉ាងល្អ។ យើងមិនអាចមិនអើពើ និងទុកកុមារទាំងនេះឲ្យបន្តខកខានការសិក្សាររបស់ពួកគេឡើយ។ ពួកគេមានសិទ្ធិទទួលបានការអប់រំ ទោះជាស្ថិតនៅក្នុងបរិបទដ៏សែនលំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។ យើងដឹងថាការសិក្សាដោយប្រើឯកសារជាក្រដាសសម្រាប់កុមារនៅក្រុមអាយុនេះ មានប្រសិទ្ធភាពជាងការសិក្សាតាមប្រព័ន្ធអនឡាញ»។

បើតាមយូនីសេហ្វ ការចែកសម្ភារសិក្សាទាំងនោះនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ហើយនឹងបានទៅដល់ដៃកុមារគ្រប់រូប ដែលសិក្សានៅថ្នាក់ទី១ និងទី២ នៃសាលាបឋមសិក្សារដ្ឋទាំង ៧ ៣0៤ កន្លែងនៅទូទាំង២៥រាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានការរៀបចំឯកសារបន្ថែមទៀតសម្រាប់គាំទ្រសិស្សានុសិស្សនិយាយភាសាដើមភាគតិចចំនួន ៥ 000 នាក់ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ដើម្បីជួយឱ្យពួកគេសិក្សាដោយប្រើប្រាស់ភាសាផ្ទាល់ខ្លួនបានផងដែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីដៃគូនៃមូលនិធិ​មួយចំនួន បានប្រកាសជាផ្លូវការអំពីការចែកចាយសម្ភារសិក្សាតាមផ្ទះចំនួន ៧៦0 ១៨0 កញ្ចប់ ជាការឧបត្ថម្ភដល់កុមារតូចៗដែលរងផលប៉ះពាល់ដោយសារការអាក់ខានរៀនសូត្រនៅតាមសាលារៀននានានៅកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃ ២៩កញ្ញានេះថា នេះគឺជាកម្មវិធីមួយដែលស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តសកម្មភាពជួយដល់សិស្សកម្រិតបឋមសិក្សាថ្នាក់ទី១ និងទី២។

លោកបន្តថា កម្មវិធីនេះត្រូវបានគេហៅថាកម្មវិធីអំណានដំបូង និងគណិតវិទ្យាដំបូងដែលជាក្របខណ្ឌកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយកម្មវិធីនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស ពោលគឺកុមារទទួលបានការបណ្តុះបណ្តាលតាមរយៈកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។

លោក ឌី ខាំបូលី បន្តថា៖ «អ្វីដែល USAID ក៏ដូចជាខាង EU UNICEF និងដៃគូអភិវឌ្ឍផ្សេងៗទៀតជួយនៅក្នុងការបោះពុម្ពបន្ថែម ជាការបំពេញបន្ថែម ដើម្បីជំរុញការសិក្សាឱ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌទូទាំងប្រទេស»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី សាទរចំពោះការដែល USAID ផ្តល់កញ្ចប់ដល់កុមារតូចៗនៅទូទាំងប្រទេសក្នុងស្ថានភាពកូវីដ-១៩នេះ។ បែបនេះក្តី អ្នកស្រីថា កុមារតូចៗនៅមានឧបសគ្គច្រើនណាស់ដើម្បីទទួលបានការរៀនសូត្រក្នុងស្ថានភាពកូវីដ-១៩នេះ ជាពិសេសកុមារនៅតាមជនបទ។

អ្នកស្រីបន្តថា ​ បើទោះបីកុមារទាំងនោះបានរៀនតាមអនឡាញក៏ដោយ ក៏ក្នុងកាលៈទេសៈនេះ ប្រសិទ្ធភាពនៃការរៀនសូត្ររបស់ពួកគេក៏ទទួលបានលទ្ធផលតិចតួចដែរ ពោលគឺកុមារដែលរៀនពូកែខ្លាំងក៏ថយមកជាសមត្ថភាពធម្មតា សើរៗលំៗ ហើយការសិក្សាអនឡាញហាក់ថ្មីសម្រាប់ពួកគេ និងកាន់តែលំបាកទៀតនោះ គឺកុមារមកពីគ្រួសារក្រីក្រ។

អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា៖ «មុខវិជ្ជាផ្នែកកុមារតូចនៅដំណាក់កាលកូវីដ-១៩នេះ គឺពួកគាត់ប្រឈមណាស់។ ជាពិសេសលោកគ្រូអ្នកគ្រូ គាត់ហត់នឿយក្នុងការបង្រៀនអនឡាញ។ ទី១ ជំនាញរបស់គ្រូបង្រៀននៅមានកម្រិត ទី២សិស្សតូចៗដូចចាប់ក្តាមដាក់ចង្អេ ព្រោះពួកគាត់តូចៗ មើលតាមអនឡាញបន្តិចក៏ដេកលក់អស់ហើយ បើមិនអឹចឹងទេ គាត់ចង់លេងហ្គេម។ និងទី៣ គឺបញ្ហារៀនអនឡាញធ្វើឱ្យភ្នែករបស់គាត់ងាយរងគ្រោះ ព្រោះជាធម្មតាមើលកញ្ចក់ទូរសព្ទយូរទៅមានស្រវាំងភ្នែក ហារទឹកភ្នែកអីចឹង»។

ជាដំណោះស្រាយ អ្នកស្រីថា ត្រូវការពេលវេលាដើម្បីបន្សាំកុមារឱ្យរៀនបន្តិចម្តងៗតាមអនឡាញ ដោយមិនអាចបង្ខំឱ្យគេទទួលយករបត់ថ្មីនេះភា្លមៗបានទេ។ ចំណែកគ្រូបង្រៀនវិញ អ្នកស្រីថា ពួកគាត់ត្អូញត្អែរថាហត់នឿយជាងមុន ការងារទ្វេរដង ប៉ុន្តែប្រាក់បៀរវត្សមិនស័ក្តិសមនឹងការចំណាយពេលវេលារបស់ពួកគាត់ទេ។

ក្នុងរបាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា មុនពេលមានរោគរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឬ SDG​ ទី៤ ស្តីពីការរៀនសូត្រប្រកបដោយគុណភាពនិងចីរភាព។ ប៉ុន្តែ​ចាប់តាំងពីខែមីនា ឆ្នាំ​២០២០ ដែលមានការ​ឆ្លង​​រីករាលដាលនៃជំងឺ​កូវីដ-១៩​មក សិស្សចំនួន៣,២លាន​​នាក់បានរងផលប៉ះពាល់ការរៀនសូត្រ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទសាលារៀន ។

អង្គការសហប្រជាជាតិ បន្តថា ការប៉ះពាល់នេះបានជំរុញឱ្យវិស័យអប់រំ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍមនុស្ស (HDI) នៅកម្ពុជា​សម្រាប់​ឆ្នាំ២០២០ ដោយ​ធ្លាក់​ចុះ​ជិត៤ភាគរយ ​(៣,៩៣%) បើប្រៀបធៀបពីឆ្នាំ២០១៩ ​ឬស្មើនឹងការលុបបំបាត់រាល់ការរីកចម្រើនលើវិស័យអប់រំដែលបានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លងម​ក។ មួយវិញទៀត ការបិទទ្វារ​សាលា​រៀន​​យូរ​នេះបាន​ធ្វើឱ្យចំនួនកុមារ​ប្រឈម​នឹង​ការមិនវិលត្រឡប់ទៅសាលារៀនមា​នការកើនឡើង ជាពិសេស​សម្រាប់​កុមារ​មក​ពី​ក្រុម​ងាយ​រង​គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ