បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិកម្នាក់បានស្លាប់ និងជាង៤០០នាក់ផ្សេងទៀតត្រូវបានបង្ខាំងឱ្យធ្វើការងារទាំងមានជំងឺកូវីដ-១៩ ដោយគ្មានការយកចិត្តទុកដាក់ពីថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។
បុគ្គលិកម្នាក់ដែលអះអាងថាជាប្រធានគ្រប់គ្រងផ្នែករៀបចំបៀរនៅកាស៊ីណូ ដឹសេនជូរី បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា បុគ្គលិកម្នាក់របស់កាស៊ីណូ ដឹសេនជូរី បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ចំនួន១១នាក់ទៀត ក្រោយពីពួកគេត្រូវបានបង្ខំឱ្យធ្វើការទាំងមានជំងឺកូវីដ-១៩ ខណៈបុគ្គលិកជាង៤០០នាក់ផ្សេងទៀតដែលផ្ទុកវីរុសនេះដែរក៏ត្រូវបានបង្ខាំងឱ្យធ្វើការងារផងដែរ។
ស្ត្រីដែលអះអាងថាខ្លួនមានផ្ទុកវីរុសកូវីដ-១៩រូបនេះ ឱ្យដឹងបន្តថា កាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាកាស៊ីណូលេងល្បែងស៊ីសងតាមអនឡាញ មានបុគ្គលិកសរុបចំនួន៤៣៧នាក់ ក្នុងនោះ បុគ្គលិកស្ទើរទាំងអស់បានឆ្លងជំងឺកូវីដ-១៩ និងពុំមានគ្រូពេទ្យប្រចាំការជួយព្យាបាលឡើយ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំបាននាំគ្នាធ្វើបាតុកម្ម ដោយសារតែពួកខ្ញុំមានអ្នកឈឺនិងអ្នកដួលសន្លប់ជាបន្តបន្ទាប់រហូតដល់១១នាក់ ហើយពេលធ្វើតេស្តទៅ ទើបដឹងថាមានជំងឺកូវីដ-១៩។ ហើយភាគរយវិញ គឺបុគ្គលិក១០០ភាគរយនៅក្នុងក្រុមហ៊ុននេះ គឺកើតជំងឺកូវីដ-១៩ទាំងអស់។ ហើយព្រឹកមិញនេះ មានអ្នកស្លាប់ម្នាក់។ ពេលដែលខ្ញុំផុសថាគាត់ស្លាប់ដោយសារជំងឺកូវីដ-១៩ គឺខាងអាជ្ញាធរគេចុះមកហ្នឹង បានឱ្យពួកខ្ញុំលុបចេញ។ ខ្ញុំមិនយល់ហេតុអីបានជាពួកគាត់ធ្វើអ៊ីចឹង ខ្ញុំមិនយល់។ ពួកខ្ញុំធ្វើហ្នឹងគ្រាន់តែចង់បានគ្រូពេទ្យមកប្រចាំការ ដើម្បីមើលថែពួកខ្ញុំ ពីព្រោះអ្នកឆ្លងជំងឺហ្នឹងមិនមែនតិចទេ គឺរហូតដល់៤៣៧នាក់ វាមិនមែនជាចំនួនតិចទេ តែហេតុអីបានជាអត់មានគ្រូពេទ្យមកប្រចាំការអ៊ីចឹង»។
បុគ្គលិកម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដែរ បានអះអាងថា ក្រុមហ៊ុនបានបង្ខាំងបុគ្គលមិនឱ្យចេញក្រៅ និងបង្ខាំងឱ្យធ្វើការងារជិត២ឆ្នាំហើយ ដោយចាប់តាំងពីខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ហើយថា ពេលបុគ្គលិកឈឺ ខាងថៅកែក្រុមហ៊ុនមិនបានយកចិត្តទុកដាក់មើលថែនិងព្យាបាលនោះទេ ដែលបណ្តាលឱ្យបុគ្គលិកដួលសន្លប់ជាបន្តបន្ទាប់និងស្លាប់បែបនេះ។
អ្នកស្រីបន្តថា លើសពីនេះទៀតនោះ គឺថ្នាក់ដឹកនាំក្រុមហ៊ុនបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើបុគ្គលិក និងមានការរំលោភសិទ្ធិលើបុគ្គលិកផ្សេងៗទៀត។
អ្នកស្រីបន្ថែមថា៖ «ពេលពួកខ្ញុំទៅនិយាយជាមួយពួកគាត់ [ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន] គឺពួកគាត់អត់ខ្វាយខ្វល់ជាមួយអ្នកដែលបានដួលសន្លប់ទេ។ គាត់បែរជានិយាយថា អ្នកដែលសន្លប់ហ្នឹងមកស៊ីញ៉េនៅការិយាល័យហើយចេញទៅ គាត់អត់បើកលុយឱ្យទេ។ បើមេផ្នែកខ្មែរម្នាក់ទៀតនោះ ពេលដែលពួកយើងសួរអ្នកដែលសន្លប់ហេតុអីមិនយកទៅពេទ្យ បែរជាគាត់និយាយចេញមកថា អត់ទាន់ដាច់ខ្យល់ងាប់ទេ ចាំងាប់ចាំនិយាយគ្នា។ ដល់ពេលពួកខ្ញុំឮសំឡេងមួយហ្នឹងចេញមក បានពួកខ្ញុំផ្ទុះការតវ៉ាទាំងអស់តែម្តង តែពេលពួកខ្ញុំអត់ដឹងថាខ្លួនឯងកើតជំងឺកូវីដ-១៩ទាំងអស់គ្នាទេ»។
អ្នកគ្រប់គ្រងធនធានមនុស្សប្រចាំកាស៊ីណូ ដឹសេនជូរី លោក សំណាង បានច្រានចោលការលើកឡើងនេះ។ លោកថា ក្រុមហ៊ុនមិនបានបង្ខាំងឱ្យបុគ្គលិកធ្វើការងារទាំងកើតជំងឺកូវីដ-១៩នោះទេ ហើយក៏ពុំមានការដួលសន្លប់ដែរ។
ប៉ុន្តែនៅពេល វីអូឌី សួរថា តើមានបុគ្គលិកស្លាប់ក្នុងក្រុមហ៊ុននៅព្រឹកមិញនេះដែរឬទេ? លោកសំណាង បានបដិសេធឆ្លើយតប ហើយបង្វែរឱ្យទៅរដ្ឋបាលខេត្តព្រះសីហនុវិញ។
លោក សំណាង អះអាងថា កាស៊ីណូ ដឹសេនជូរី ត្រូវបានអាជ្ញាធរចាត់ជាកន្លែងធ្វើចត្តាឡីស័កហើយ ដោយរាល់បញ្ហាកើតឡើងនៅក្នុងកាស៊ីណូនេះ គឺអាជ្ញាធរជាអ្នកទទួលខុសត្រូវ។
លោកបន្ថែមថា៖ «អត់មានរឿងហ្នឹងកើតឡើងទេ ពីព្រោះនៅទីនេះមានមន្ទីរការងារគាត់ចុះមកមើល បើកាលណាយើងបង្ខំឱ្យគាត់ធ្វើការ ក៏ខាងមន្ទីរគាត់អត់សុខចិត្តដែរ។ និយាយរួមទៅ នៅក្នុងនេះ គេចាត់ជាមណ្ឌលចត្តាឡីស័កហើយ អ៊ីចឹងការគ្រប់គ្រងផ្សេងៗលើរដ្ឋបាលខេត្តព្រះសីហនុ និងពេទ្យ។ ខាងពួកខ្ញុំនេះអត់មានអីត្រូវគ្រប់គ្រងទៀតទេ គេប្រាប់ឱ្យធ្វើអី យើងធ្វើតាមគេដែរទេ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ វីអូឌី តាមតេឡេក្រាមថា អាជ្ញាធរកំពុងស្រាវជ្រាវករណីនេះ ប៉ុន្តែលោកថា តាមលោកដឹង គឺបុគ្គលិកជាច្រើននាក់បម្រើការងារនៅកាស៊ីណូ ដឹសេនជូរី នេះ បានឆ្លងជំងឺកូវីដ-១៩ ហើយអាជ្ញាធរសម្រេចយកទីតាំងនោះធ្វើមណ្ឌលចត្តាឡីស័កតែម្តង។
លោកបន្ថែមថា៖ «កាលពីថ្ងៃទី២៥ ខែកញ្ញានេះ យើងបានរកឃើញបុគ្គលិកដែលបានបម្រើការងារនៅកាស៊ីណូនេះ បានឆ្លងជំងឺកូវីដ-១៩ហ្នឹងជាច្រើននាក់។ ហើយរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចបិទទីតាំងនោះជាបណ្ដោះអាសន្ននៅថ្ងៃទី២៦ ខែកញ្ញា ដោយកំណត់យកទីតាំងនោះជាទីតាំងធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាល»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមារា មានប្រសាសន៍ថា កាស៊ីណូ ដឹសេនជូរី មានបុគ្គលិកបម្រើការងារជាង៤០០នាក់ ក្នុងនោះមានកើតជំងឺកូវីដ-១៩ ជាង២០០នាក់។ លោកថា អាជ្ញាធរមិនបានអនុញ្ញាតឱ្យអ្នកកើតជំងឺកូវីដ-១៩ធ្វើការងារនោះទេ ប៉ុន្តែបើចង់ធ្វើ ជាសិទ្ធិរបស់បុគ្គលិកទាំងនោះ ដោយខាងក្រុមហ៊ុនបានបន្ថែមលុយក្នុងចំនួនច្រើនដល់ពួកគេផងដែរ។
តែយ៉ាងណា លោកទទួលស្គាល់ថា ពិតជាមានបុគ្គលិកកាស៊ីណូនេះស្លាប់មែន ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថាការស្លាប់នោះដោយសារអ្វីទេ។
លោកបន្ថែមថា៖ «ក្នុងលិខិតរបស់រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យធ្វើការណា! ប៉ុន្តែដោយសារគាត់សម្រាកព្យាបាលនៅហ្នឹង ហើយគាត់ត្រូវហូបចុកនៅហ្នឹង ដូចជា ចុងភៅ សន្តិសុខអីហ្នឹង គាត់ធ្វើកិច្ចការងារហ្នឹងហើយ។ បើគាត់អត់ធ្វើ មានអ្នកណាធ្វើជូនគាត់! ប៉ុន្តែតាមសួរទៅ អ្នកធ្វើកិច្ចការហ្នឹង គឺខាងក្រុមហ៊ុនគុណលុយឱ្យច្រើនណាស់ ២០០ភាគរយ ៣០០ភាគរយឯណោះ»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅក្នុងខេត្តព្រះសីហនុ មានករណីជួញដូរមនុស្ស ការជួញដូរពលកម្ម និងការកេងប្រវញ្ចកម្លាំងពលកម្មជាច្រើនករណី ទាំងកម្មករខ្មែរនិងបរទេស។ លោកបានស្នើដល់អាជ្ញាធរខេត្តនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ និងសកម្មក្នុងការចុះធ្វើអធិការកិច្ចលើលក្ខខណ្ឌការងារនិងការប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងអស់ ដើម្បីលុបបំបាត់បញ្ហាទាំងអស់នេះ។
លោកបន្ថែមថា៖ «អ៊ីចឹងនៅក្នុងទម្រង់នៃការបង្ខាំងមនុស្សបែបណាក៏ដោយ នៅក្នុងលក្ខខណ្ឌដាក់សម្ពាធ ឬនៅក្នុងទម្រង់នៃការរំលោភទៅលើសិទ្ធិមនុស្សឬក៏សិទ្ធិការងារ អាហ្នឹងវាជាការអនុវត្តធ្ងន់ធ្ងរដែលផ្ទុយទៅនឹងច្បាប់ព្រហ្មទណ្ឌ។ អ៊ីចឹងវាមិនមែននៅតែក្នុងទម្រង់បង្ខាំងមួយទេ យើងត្រូវស៊ើបអង្កេតឱ្យមានតម្លាភាពនិងប្រសិទ្ធភាពលើអាជីវកម្ម និងការធ្វើអធិការកិច្ចលើក្រុមហ៊ុនតាំងពីលក្ខខណ្ឌការងារផងដែរ»៕
ចំណាំ៖ «អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖













