អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ចប់​ការ​កំណត់​តំបន់​ក្រហម​និង​លឿងទុំ​នៅ​ក្នុង​ខេត្ត

ផ្សារក្រោម ស្ថិតនៅក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានផ្អាកការចេញចូលបណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

រដ្ឋបាល​ខេត្តសៀម​រាប​បាន​សម្រេច​បញ្ចប់ការ​កំណត់​ជា «តំបន់​ក្រហម»​ និង «តំបន់លឿងទុំ» ក្នុងខេត្តនេះ​ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រោយស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ភាព​ធូរស្រាល។

យោងតាមសេច​ក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធរ​ខេត្ត​សម្រេច​​បញ្ចប់ការ​​កំណត់​ជា «តំបន់​ក្រហម​» និង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រខេត្តសៀម​រាប ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០២១ ហើយ​រាល់សេចក្តីសម្រេច​ទាំងអស់​នាពេលកន្លងមក ត្រូវទុកជានិរាករណ៍។

អភិបាលរងខេត្តសៀមរាប​ លោក​ លី​ សំរិទ្ធ មានប្រសាសន៍ថា មូលហេតុនៃការចេញសេចក្ដីសម្រេចនេះ ដោយសារ​បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុ​ង​ខេត្តនេះ មានស្ថាន​ភាពធូរស្បើយ។

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម នៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម តំបន់លឿងទុំ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូត្រនិគម និងតំបន់លឿង នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ