អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលការបង់ពន្ធលើអចលនទ្រព្យរហូតដល់ចុងខែតុលា ឆ្នាំ២០២១ ខណៈម្ចាស់អចលនទ្រព្យមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ហើយបើផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ប៉ុន្តែបច្ចុប្បន្ននេះមានម្ចាស់អចលនទ្រព្យជាច្រើនបានទៅប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ខណៈម្ចាស់អចលនទ្រព្យមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។
ករណីនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីឱ្យម្ចាស់អចលនទ្រព្យមួយចំនួនទៀតដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះរួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ ចៀសវាងរងការផាកពិន័យតាមផ្លូវច្បាប់។
ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា៖ «ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយរួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសបង្កភាពងាយស្រួលនិងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនិងបង់ពន្ធលើអចលនទ្រព្យតាមរយៈកម្មវិធីតាមទូរសព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore ៕