ក្រសួងរ៉ែ បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​នាវិក​ដែល​លួច​ប្រេងឆៅ​របស់​កម្ពុជា

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ប្រគល់ជូនដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះឈ្នះ ក្នុង «ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ក្រសួងរ៉ែ និងថាមពល អះអាងថា ការចាប់ខ្លួនក្រុមនាវិកនិងនាវាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងនៅកម្ពុជានៅក្នុង​ទឹកដីឥណ្ឌូនេស៊ី នា​ពេល​កន្លងទៅ ដោយសារ​តែមាន​កិច្ចសហការល្អរវាងប្រទេសជាសមាជិកអាស៊ាន។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់​នាវា​ដឹកប្រេងមួយគ្រឿងនិងនាវិក​នៅលើកប៉ាល់​មួយចំនួនយកទៅ​រក្សាទុក​នៅឆ្នេរសមុទ្រ​ស៊ូម៉ាត្រា ក្រោយ​​ពីនាវា​នេះ​បាន​ចូល​​ដែន​សមុទ្រ​​ប្រទេសនេះ​ដោយ​ខុសច្បាប់។ នាវាដឹកប្រេង​​ឈ្មោះ MT Strovolos របស់ក្រុមហ៊ុន Kris Energy បាន​រងការ​ចោទប្រកាន់​​ពីបទ​​លួចប្រេងឆៅជិត៣០​ម៉ឺន​បារ៉ែលរបស់ប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងរ៉ែ និងថាមពលកម្ពុជា បានលើកឡើង​នៅក្នុងសេចក្ដីប្រកាសមួយចុះថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០២១នេះថា ការចេញប្រកាស​នេះជាការធ្វើឡើង ដើម្បីធ្វើបច្ចុប្បន្ន​ភាព​នៃការវិវត្តពាក់ព័ន្ធ​​នឹងនាវា MT Strovolos និង​ក្រុមនាវិករបស់នាវានេះ និងដើម្បីកែ​តម្រូវនូវព័ត៌មានបំភ្លៃការពិតមួយចំនួនដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានមួយចំនួន​នៅពេលថ្មីៗនេះ។

ក្រសួងបន្តថា ក្រុមនាវិកនៅលើនាវានោះត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ អំពី​ការលួចប្រេងឆៅនៅលើនាវាចំ​នួន២៩៥ ០០០ បារ៉ែលរបស់កម្ពុជា។

ក្រសួ​ងបញ្ជាក់ថា ការចាប់នេះបានធ្វើឡើងក្រោយពេលនិវេទន៍ក្រហមរបស់អាំងទ័រប៉ូលត្រូវបានចេញ ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា និងក្រោយពេលដែលនីតិវិធីតុលាការឥណ្ឌូនេស៊ី ប្រឆាំងនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះបំពានច្បាប់ឥណ្ឌូនេស៊ី។ ក្រសួងបន្ថែម​ថា ការបំពាននេះ ដោយសារអ្នកបើកនាវាបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ហើយឆ្លងកាត់ដែនទឹកឥណ្ឌូនេស៊ីដោយគ្មានការអនុញ្ញាត។

ក្រសួងគូសបញ្ជាក់ថា ការចាត់វិធានការនេះទៀតសោត គឺកើតឡើងពីទំនាក់ទំនងល្អរវាងប្រទេសជាសមាជិកអាស៊ាន ស្របតាមសន្ធិសញ្ញាអាស៊ាននានា ដែលលទ្ធផលនាំឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារដល់ប្រធានក្រុមនាវិក និងការផាកពិន័យជាប្រាក់ផងដែរ។

អ្នកនាំ​ពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត​ ទីណា សុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើលិខិតនេះទេ ដោ​យ​ជំរុញឱ្យទៅសួរអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ នៃក្រសួង​រ៉ែ​ និង​ថាមពល លោក ជៀប សួរ តែ​វីអូឌី​មិនអាចទាក់ទងបាន។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ក្រសួង​សាម៉ីគួរ​បញ្ចេញ​ព័ត៌មានច្រើនជាងនេះ ដើម្បីជម្រះមន្ទិលសង្ស័យទៅដល់សាធារណជន និង​ជាមុខមាត់ប្រទេសជាតិ ព្រោះថា ការលួចប្រេងឆៅ​ចេញពីកម្ពុជារហូតជិត៣០ម៉ឺន​ធុងដឹក​ចេញ​ទៅដោយស្ងាត់ៗ បានបន្សល់ទុកនូវចម្ងល់ជាច្រើនទៅលើការត្រូវរ៉ូវគ្នាដោយប្រការណាមួយ។

លោកថា៖ «ប៉ុន្តែបើយើងរកភស្តុតាងពីការផ្ទុយ ដើម្បីបង្ហាញសាធារណជនពីរឿងហ្នឹង [លួចដឹកប្រេង] មិនបានច្បាស់លាស់ទេ អាហ្នឹងអាចថានៅតែគេមានការសង្ស័យ នៅ​តែមានការមន្ទិល ដែលធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយស ទៅដល់​មុខមាត់​របស់​កម្ពុជា​»។

នាយកប្រតិបត្តិអង្គការតម្លាភាពម្ពុជា លោក ប៉ិច ពិសី យល់ថា ក្រសួងគួរ​​ប​ង្ហា​​​ញរបាយការណ៍ច្រើនជា​ងនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវ តម្លាភាព ការពារផលប្រយោជន៍ជាតិ។

លោកថា៖ «រឿងលួចយកប្រេងពីម្ចាស់កប៉ាល់និងក្រុមនាវិកហ្នឹង ខ្ញុំគិតថា ជារឿងមួយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ព្រោះប្រេងហ្នឹងជាប្រេងរបស់ជាតិ មិនមែនប្រេងឯកជន ជាប្រេងរបស់រដ្ឋ របស់រាស្ត្រ។ អ៊ីចឹងបើសិនជាយើងមិនដោះស្រាយរឿងហ្នឹងដោយតម្លាភាព ដោយការទទួលខុសត្រូវទេ គឺប៉ះពាល់ដល់កិត្តិនាមកម្ពុជាផង ហើយបានន័យថា​ យើងបាត់បង់ទ្រព្យសម្បត្តិរដ្ឋហើយ»។

យ៉ាងណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ ក្រសួង​រ៉ែ​ និង​ថាមពល លោក ជៀប សួរ ធ្លាប់ប្រា​ប់ ​VOD ថាអ្នកដែលបញ្ជាឱ្យអ្នកបើកកប៉ាល់​លួចប្រេងនេះ គឺជាម្ចាស់​​បំណុល​​របស់​​ក្រុមហ៊ុន គ្រីសអែនណឺជី។

មួយវិញទៀត កម្ពុជាសម្រេចផ្អាកបូមប្រេងទាំងស្រុងហើយ បន្ទាប់ពីក្រុមហ៊ុន គ្រីសអែនណឺជី ដែល​​​មា​ន​​មូលដ្ឋាននៅប្រទេស​សិង្ហបុរី បានប្រកាសពីការក្ស័យធន​របស់ខ្លួនកាលពីខែមិថុនា ឆ្នាំ​​២០​​២​១​កន្លងទៅនេះ។ 

ក្រុមហ៊ុន Kris Energy បានរកឃើញតំណក់ប្រេងជាលើកដំបូងនៅ​​កម្ពុជា នាចុងឆ្នាំ២០២០ បន្ទាប់មក ក្រុមហ៊ុននេះប្រកាសក្ស័យធនដោយសារជាប់បំណុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ