អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​នៅ​កម្ពុជា​កើន​ឡើង​ជិត​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ ខណៈ​អ្នក​ស្លាប់​ជិត​២០​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត១ ០០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជិត២០​​នាក់​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៩៧៨​នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៨១នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៦០៥នាក់។

អត្រាឆ្លងមានការកើនឡើងនេះ ស្របពេលដែលកម្ពុជាមានពិធីបុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

ករណីនេះ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបន្ទាន់មួយកាលពីពេលថ្មីៗនេះ ដោយសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែកញ្ញា​ រហូត​ដល់​បុណ្យភ្ជុំបិណ្ឌ។ តែការឈប់​សម្រាក​ថ្ងៃបុណ្យភ្ជុំបិណ្ឌរក្សានៅដដែល។​

ការ​ផ្អាក​នេះធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈរដ្ឋាភិបាល​បាន​សង្កេតឃើញ​ថា ក្នុងរយៈ​ពេលកាន់​បិណ្ឌ​ពីរថ្ងៃដំបូង មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្ដុំមនុស្សជាច្រើននៅតាមបណ្ដាវត្តអារាម ដោយ​មិន​បាន​​អនុវត្តឱ្យ​បានត្រឹមត្រូវ តាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។ រដ្ឋាភិបាលបារម្ភ​ថា ការ​ជួបជុំនេះនឹងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែង​ខ្លួន​ថ្មីប្រភេទ​ ដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១២  ៦៥១នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១០២ ៨២៧នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៣១៩​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៩៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ