អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បិទ​រោងចក្រ​៣​នៅ​ចេជាង ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​រាប់រយ​ករណី

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាក​ដំណើរ​ការ​រោងចក្រចំនួន៣ ក្នុង«តំបន់សេដ្ឋកិច្ចពិសេសចេជាង» ជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ បន្ទាប់ពីរកឃើញករណីឆ្លងក្នុងចំណោមបុគ្គលិក​និងកម្មករយ៉ាងហោចជាង១០​០នា​ក់។

តាមលិខិត៣ផ្សេងគ្នា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រោងចក្រទាំង៣នោះ រួមមាន «អេហ្វ.ភី.ហ្សេត ហ្វើនីឈ័រ (ខេមបូឌា) ឯ.ក» «ខេមបូឌាន រ៉ូម អ៉ីនដាសស្រ្ទៀល ឯ.ក» និង «អាយ តាវ ផេត សីបផ្លាយ (ខេមបូឌា) ឯ.ក» ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ ចេជាង ហ្គ័រជី ក្នុងស្រុកព្រៃ​​​​​​​​​​ន​​​ប់​ ខេត្តព្រះសីហនុ។

កម្មករផ្នែកខាត់មួយរូប​នៅរោងចក្រផលិតគ្រឿងសង្ហារឹម អេហ្វ.ភី.ហ្សេត ឈ្មោះ ឃាន ទុំ វ័យ៤២ឆ្នាំ ថ្លែងនៅថ្ងៃ​ទី៣០ ខែកញ្ញា​​នេះថា​​ បុគ្គលិកនិងកម្មករប្រមាណ១៤០នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃអាទិត្យ បន្ទាប់ពីពួ​កគេមួយចំនួន​លេចអា​ការសង្ស័យដូចជា ផ្តាសា​យ និងក្តៅខ្លួន។ 

ប្រភពដដែលបន្ដថា រោងចក្រដទៃក៏រកឃើញមានករណីវិជ្ជមានច្រើនដែរ តែលោកមិនដឹងថា​មានចំនួន​ប៉ុ​ន្មា​នទេ។ លោកប​ន្ថែ​មថា បញ្ហានេះក៏ធ្លាប់កើតមានផងដែរកាលពីខែឧសភា ដែលកាលនោះមា​នរោងចក្រមួយប៉ុណ្ណោះត្រូវបានផ្អាក​ ហើយរោងច​ក្ររបស់លោកក៏រកឃើញករណីឆ្លងដែរ តែមិនច្រើនរហូតដល់ត្រូវបិទទ្វារនោះទេ។​

បុរសវ័យ​៤​២ឆ្នាំ ដែល​មានស្រុកកំណើតក្នុងខេត្តកំពតរូបនេះ បន្ត​ថា បញ្ហាឆ្លងរាលដាលនេះបានប៉ះពាល់ដល់ជីវភាពរបស់លោ​ក ហើយលោ​កក៏ត្រូវធ្វើការទាំងភ័យខ្លាច ប៉ុន្តែលោកគ្មានជម្រើសអ្វីក្រៅពីព្យាយាមប្រយ័ត្នប្រយែងនិងការពារខ្លួនពីការឆ្លងឱ្យល្អ។  

លោក ឃាន ទុំ បន្ថែមថា៖ «ធ្វើម៉េចបងបើកាលៈទេសៈវាអ៊ីចឹង! បើកាលណាគេពិនិត្យទៅឃើញឆ្លង គេបិទក្រុមហ៊ុនហ្នឹងទៀត! គេ​ឱ្យយើងស៊ី៥០ភាគរយ ព្រោះគេអត់អាចដំណើរការទៅមុខទៀតបានទេ ព្រោះឆ្លងច្រើន។ បើកាលណាគេពិនិត្យទៅអត់មាន គេ​​​​ដំណើរការវិញ […] អ្នកណាក៏គេមិនចង់ឱ្យកើតដែរ ព្រោះវាទូទៅហើយឥលូវ ប៉ុន្តែយើងធ្វើការត្រូវចេះការកា​រពារទៅ»

ម្ចាស់បន្ទប់ជួលនៅមុខតំបន់សេដ្ឋកិច្ចពិសេសចេជាងមួយរូប អ្នកស្រី ជាវ សាវង់ ឱ្យដឹងនៅថ្ងៃពុធថា ករណីឆ្លងបានចាប់ផ្ទុះឡើងនៅថ្ងៃអាទិត្យ។ ប្រភពដដែលបន្តថា មានបុគ្គលិក-កម្មករប្រមាណ២០០ទៅ៣០០នាក់ត្រូវបានរកឃើញឆ្លង ហើយកម្មករជាច្រើ​នទៀតត្រូវបានរកឃើញជាបន្តបន្ទាប់ទៀត។

អតីតកម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងរូបនេះ បន្ថែមថា កម្មករនៅបន្ទប់ជួលរបស់អ្នក​ស្រីចំនួន៣បន្ទប់ក្នុងចំណោម២០បន្ទប់ ត្រូវបានរកឃើញវិជ្ជមាន ហើយត្រូវបានអាជ្ញាធរដឹកជញ្ជូនទៅមណ្ឌ​ល​ព្យាបាលក្នុងក្រុងព្រះសីហនុ។ ករណីនេះ អ្នកស្រីក៏បា​រម្ភខ្លាចពីផលប៉ះពាល់ដល់ចំណូលរបស់​កម្មករនៅពេលរោងចក្ររបស់ពួកគេផ្អាកដំណើរការ ដែលនាំឱ្យកម្មករខ្លះគ្មានលទ្ធភាព បង់ថ្លៃបន្ទប់ជួល។ 

អ្នកស្រី ជាវ សាវង់ និយាយថា៖ «ឆ្លងច្រើនណាស់ ព្រោះអីរោងចក្រឃើញថ្ងៃហ្នឹង ពិនិត្យ ថាទៅ២ឡានទៀត! ១អគារ ទៅ២ឡាន! នៅពិនិត្យបន្តទៀត អត់ទាន់អស់រោងចក្រទេ ព្រោះអីឆ្លងច្រើនដែរ រាប់រយនាក់ប៉ុន្មានថ្ងៃហ្នឹង»។

អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា ថ្លែងថា ករណីឆ្លងរកឃើញនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង គឺមានត្រឹ​ម​ជាង១០​០​ក​រណីប៉ុណ្ណោះ ហើយចំនួននេះនៅតិចតួចនៅឡើយ បើធៀបនឹងពេលផ្ទុះករណីឆ្លងកន្លងមក ដែលលោកថាមិនមា​នអ្វីគួរឱ្យបារម្ភនោះទេ។ 

លោក សរ កក្កដា មានប្រសាសន៍ថា៖ «មើលទៅជាង១០០នៅឡើយទេ។ យើងធ្លាប់លើសហ្នឹងឆ្ងាយ ឆ្លងពីមុនមក​ ក៏យើងធ្លា​ប់​ជួបប្រទះបញ្ហាហ្នឹងដែរ មិនមានអីគួរឱ្យព្រួយបារម្ភទេ។ ពួកយើងនៅតែម្ចាស់ការ ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានបទពិ​សោ​ធន៍ក្នុងការគ្រប់គ្រងជំងឺកូវីដសម្រាប់ក្នុងស្រុកនេះ»

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក​ ឃាង ភារម្យ ថ្លែងថា ការសម្រេចផ្អាកប្រតិបត្តិការរោងចក្រទាំង៣ជាបណ្ដោះអា​សន្ន ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញានោះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅលើបុគ្គលិកនិងកម្មករដទៃ តាមគោលការណ៍និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល​។ 

បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ តំបន់សេដ្ឋកិច្ចពិសេសចេជាង ទើបត្រូវបានបង្កើតក្នុងឆ្នាំ២០១៩ និងមានរោងចក្រជាង១០កំពុងដំ​ណើរការ ហើយក្នុងនោះ មានតែរោងចក្រ៣ប៉ុណ្ណោះដែលតម្រូវឱ្យផ្អាក។ លោកថា ការឆ្លងរាលដាលចូលតំបន់រោងចក្រ គឺពិបាកនឹ​ងចៀសផុត ដោយសារទីនោះជាកន្លែងប្រមូលផ្តុំមនុស្សច្រើន។

លោកបន្តថា បន្ទាប់ពីបិទរយៈពេល១៤ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លងនិងធ្វើតេស្តអ្នកពាក់ព័ន្ធ អាជ្ញាធរនឹងអនុញ្ញាតឱ្យរោងចក្របើកដំណើរឡើងវិញដូចដែលធ្លាប់បានអនុវត្តកន្លងមក ដោយមិនអាចបិទយូរ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ ក្រុមហ៊ុ​ន និងប្រ​ទេស។​

លោកថ្លែងបន្ថែមថា៖ «ចំពោះស្ថានភាពនៅខេត្តព្រះសីហនុរបស់យើង គឺការរីករាលដាល​នៃជំងឺកូវីដ-១៩​នៅតែបន្តមាន គ្រា​​​ន់តែពេលខ្លះ វាមានតិច វាមានច្រើន មិនទាន់អស់ទេ តែក៏អត់ដល់ដំណាក់កាលធ្ងន់ធ្ងររហូតឈានដល់ការបិទទីក្រុ​​ងឬក៏ខេត្តដែ​រ»

យ៉ាងណា ​ប្រភពដដែលមិនអាចបញ្ជាក់ពីតួលេខករណីឆ្លងក្នុងតំបន់នេះបានទេ ដោយ​ថា​ ព័ត៌មាននេះគឺស្ថិតក្នុងសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលខេត្ត។ 

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រីវេជ្ជបណ្ឌិត លឹម សាមាន បដិសេធមិនផ្តល់ព័ត៌មានជុំវិញករណីឆ្លងនេះ ដោយបង្វែរសំណួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្តវិញ។

ប្រធាន​​សហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសចេជាង ជាតំបន់រោងចក្រទើបបង្កើតថ្មី ដែ​​លមិនទាន់មានសហជីពនៅឡើយ។ អវត្តមានសហជីពបែបនេះ លោកបារម្ភថា មានថៅ​​កែមួយចំ​នួ​នអាចនឹងព្រងើយក​ន្តើ​យចំ​ពោះសិទ្ធិនិងសេរីភាពកម្មករ នៅពេលមានបញ្ហាប្រឈមអ្វីមួយកើតឡើងចំពោះពួកគេ ដែលអា​ចប៉ះពាល់ដល់ផលប្រ​យោ​​ជន៍របស់ខ្លួន។

លោកបន្ថែមថា កន្លងមក មានថៅកែរោងចក្រនិងសហគ្រាសមួយចំនួនបានព្យាយាមបិទបាំងព័ត៌មានពីករណីឆ្លងក្នុងចំ​ណោម​​បុគ្គលិក កម្មករ និយោជិតរបស់ពួកគេ ដោយមិនសហការជាមួយអាជ្ញាធរ រហូតនាំឱ្យការឆ្លងរីករាលដាលក្នុងទ្រង់ទ្រាយធំពិ​បាកនឹងទប់ស្កាត់។ 

លោក អាត់ ធន់​ មានប្រសាសន៍​ថា៖ «ក្នុងករណីមានការឆ្លងអ៊ីចឹង ប្រសិនជាក្រុមហ៊ុនមិនអនុញ្ញាតឱ្យចេញក្រៅ ឬមិនផ្តល់ព័ត៌​មាន យើងមានលេខ Hot Line [ខ្សែទូរសព្ទទាន់ហេតុការណ៍] យើងមានអីប្រាប់មកដល់សហជីព ប្រាប់ទៅអាជ្ញាធរឱ្យគេចុះទៅ​​ក្រុមហ៊ុនហ្នឹង។ ហើយបើមិនបានទេ យើងមាន Live Facebook [ផ្សាយផ្ទាល់លើហ្វេសប៊ុក] ព្រោះដើម្បីឱ្យដឹង»

តាមរបាយការណ៍ពីក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១២ ៦៥១នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​មានចំនួន១០២ ៨២៧នាក់ អ្នកស្លាប់បានកើនដល់​ចំនួន​២ ៣១៩​នាក់ ហើយករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៩៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ