អាមេរិក​បដិសេធ​មតិ​ដែលថា​ការ​ដោះលែង​មន្ត្រី​ជាន់​ខ្ពស់​ក្រុមហ៊ុន​ Huawei​ ជា​ការ​ដោះដូរ​អ្នកទោស

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អ្នកស្រី Meng Wanzhou និយាយទៅកាន់សារព័ត៌មាននៅខាងក្រៅតុលាការកំពូល បន្ទាប់ពីសវនាការអំពីការដោះលែងអ្នកស្រី នៅទីក្រុង Vancouver ប្រទេសកាណាដា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Jesse Winter)

សេតវិមាន នៅ​ថ្ងៃចន្ទសប្ដាហ៍នេះ បានថ្លែងថា ការដោះលែងនាយក​ប្រតិបត្តិជាន់​​ខ្ពស់​​មួយ​រូប​​របស់​ក្រុមហ៊ុន​ Huawei និងជនជាតិកាណាដា ២រូបផ្សេងទៀត មិនមែនជាការដោះដូរអ្នកទោស​នោះទេ។

ទាក់ទិននឹងករណីនេះ សេតវិមានបានច្រានចោលការលើកឡើងដែលថាការដោះលែងនាយក​ប្រតិ​បត្តិ​ជាន់​​ខ្ពស់​រូប​នេះ គឺជាការដោះដូរអ្នកទោស។

ប្រធានផ្នែក​ហិរញ្ញវត្ថុរបស់​ក្រុម​ហ៊ុន Huawei អ្នកស្រី Meng Wanzhou បានចាកចេញពីប្រទេស​កាណាដា ហើយ​​ធ្វើដំណើរ​​​ត្រឡប់ទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុន បន្ទាប់ពីមានកិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋអាជ្ញាអាមេរិក ដើម្បីបញ្ចប់បទ​ចោទ​ប្រកាន់​ពី​ការកេង​បន្លំ​ប្រាក់​ប្រឆាំងនឹងអ្នកស្រី។

ភ្លាមៗបន្ទាប់ពីការដោះលែង អ្នកស្រី Meng Wanzhou និង​ជនជាតិកាណាដា ២នាក់ទៀត​​ ដែល​ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន រួមមានលោក Michael Spavor និងលោក Michael Kovrig ក៏ត្រូវបានដោះលែងផងដែរ ដែលបច្ចុប្បន្នពួកគេកំពុងតែធ្វើដំណើរត្រឡប់មកកាន់ប្រទេសកាណាដាវិញ។

នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់សេតវិមានកាលពីថ្ងៃចន្ទកន្លងទៅ លេខាធិការ​សេតវិមាន ​អ្នកស្រី ​Jen Psaki​ បានឱ្យដឹងថា ករណីដោះលែងនេះ​បាន​កើត​មាន​ឡើងនៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​និង​​ចិន កាលពីដើមខែ​នេះ។

ជាមួយគ្នានេះដែរ ​អ្នកស្រីក៏បានច្រានចោលគំនិតដែលថាលោក Joe Biden បានរៀបចំកិច្ចព្រមព្រៀងដោះដូរអ្នកទោស។

អ្នកស្រី ​Jen Psaki​ បន្តថា៖ «​នៅក្នុង​កិច្ច​សន្ទនានោះ លោក​ប្រធានាធិបតី Joe Biden បានលើកថា ការដោះលែងបុគ្គល​ពីររូប គឺលោក Michael Spavor និងលោក Michael Kovrig អាចជាព័ត៌មានដ៏វិជ្ជមាន។ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលប្រធានាធិបតី​ចិន លោក Xi Jinping លើកឡើងពីមន្រ្តីរបស់ក្រុមហ៊ុន Huawei។ មេដឹកនាំទាំងពីរនេះបានលើក​ករណី​បុគ្គលទាំងពីរនេះ ប៉ុន្តែមិនមានការចរចាណាមួយអំពីរឿងនេះនោះទេ។ នេះគឺជាការលើកឡើងរបស់លោក Joe Biden និងបានជំរុញសារជាថ្មីម្តងទៀតចំពោះការដោះលែងជនជាតិកាណាដាទាំងពីររូបនេះ»។

អ្នកស្រីបន្ថែមថា កិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះ មិនបានបង្ហាញ​ពីការ​បន្ធូរបន្ថយ​ការព្រួយបារម្ភរបស់អាមេរិកចំពោះអាកប្បកិរិយារបស់ចិនឡើយ។

អ្នកស្រីថា៖ «គោលនយោបាយរបស់យើងចំពោះចិនមិនបានផ្លាស់ប្ដូរនោះទេ។ វាមិនមែនមានន័យថា យើងកំពុងតែស្វែងរកជម្លោះនោះដែរ។ វាគឺជាទំនាក់ទំនងនៃការប្រកួតប្រជែង។ យើងនឹងប្រកាន់ខ្ជាប់នូវការតាមដាននៃការអនុវត្តសេដ្ឋកិច្ចអយុត្តិ​ធម៌ សកម្មភាព​បង្ខិតបង្ខំនៅជុំវិញពិភពលោក និងការរំលោភសិទ្ធិមនុស្សរបស់ចិនបន្តទៀត»។

អ្នកស្រី Meng Wanzhou បានមកដល់ប្រទេសចិន កាលពីចុងសប្តាហ៍ ខណៈ​ដែលប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយចំនួនបានលើកឡើងថា ការដោះលែងអ្នកស្រីឱ្យមានសេរីភាពឡើងវិញនេះ អាចជាឱកាសដើម្បីស្តារឡើងវិញ​នូវទំនាក់ទំនងរវាងអាមេរិកនិងចិន។

ទាក់ទងទៅនឹងការចាប់ខ្លួនជនជាតិកាណាដាទាំងពីររូប ក្រុងប៉េកាំងក៏តែងតែប្រកាន់ជំហររបស់ខ្លួន ក្នុងការបដិសេធថា សកម្មភាពនេះមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីរបស់អ្នកស្រី Meng Wanzhou នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ