IMF ​បាន​ព្យាករថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ នឹង​មាន​កំណើន​ខ្ពស់​ជាង​មុន​២,២%

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF)​ បានវាយ​តម្លៃថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១ នឹង​មានកំណើនខ្ពស់​ជាងមុន​ក្នុងអត្រា​២,២% ​ហើយនឹង​បន្តងើបឡើងវិញ​ថែមទៀតក្នុងរង្វង់ ​៥% ​នៅឆ្នាំ២០២២។​

ការព្យាករ​ឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ បានធ្វើឡើងតា​មរយៈកិច្ច​ប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមបេសកកម្ម ​Article IV​ នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​លើការ​វាយតម្លៃលើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ​កាលពីថ្ងៃទី២៧ ខែកញ្ញា និងបានប្រកាសដោយ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​កម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា។

​បើតាមមូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF)​ ការកើនឡើងនេះ គាំទ្រដោយវិស័យសំខាន់ៗចំនួនពីរ រួមមាន វិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន នៅបន្តរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពីសំណាក់មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF) នេះ ដូចគ្នាទៅនឹងការព្យាកររបស់ធនាគារពិភពលោក (Worl Bank) កាលពីថ្ងៃទី២៧ ខែកញ្ញា ថាកំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ក្នុងឆ្នាំ​២០២១​នេះ មាន​អត្រា ២,២%។​ ក៏ប៉ុន្តែការព្យាកររបស់ធនាគារពិភពលោកនេះ ក៏ខុសពីការព្យាកររបស់ខ្លួននៅគ្រាដំបូងពីរង្វង់ ៤% មកនៅត្រឹម ២,២%វិញ។

វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ២០២០ បាន​ធ្លាក់ចុះ​ -៣% ខណៈ​កម្ពុជា​ធ្លាប់បាន​ទទួល​កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេលជិត១០ឆ្នាំជាប់ៗគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ