លោក​ Fumio​ Kishida​ កំពុង​តែ​ឆ្ពោះ​ទៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​របស់​ជប៉ុន​

លោក Fumio Kishida អតីតរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសជប៉ុន។ (ធ្វីតទ័រ៖ 岸田文雄)

អតីតរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសជប៉ុន ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម (LDP) កាលពីថ្ងៃពុធ ដែលនេះ​ជាជ័យជម្នះមួយធ្វើឱ្យ​​លោកកំពុងតែឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រី​បន្ទាប់របស់ជប៉ុន នាពេលខាងមុខនេះ ជំនួសលោក Yoshihide Suga។

ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Fumio Kishida បានធ្វើការប្តេជ្ញាថា លោកដឹកនាំគណបក្សរបស់លោកនៅក្នុងការបោះឆ្នោតសកលមួយ ដែលនឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

លោកថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងប្រើប្រាស់ឱ្យអស់ពីកម្លាំងកាយចិត្តរបស់ខ្ញុំទាំងអស់ក្នុងការធ្វើកិច្ចការងារនានា។ សូមសមាជិកគណបក្សទូទាំងប្រទេស និងសមាជិកសភា ចូលរួមធ្វើកិច្ចការងារជាមួយខ្ញុំ»។

ទោះជាយ៉ាងណា លោក Fumio Kishida ទទួលបានការគាំទ្រពីសាធារណជនក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ ខណៈ​ជ័យជម្នះរបស់លោកក្នុងការត្រូវបានជ្រើសរើស​​ជា​មេដឹកនាំ​គណបក្ស LDP អាចនឹងបង្កជាបញ្ហាដល់បក្សក្នុងការបោះឆ្នោតនៅពេលខាងមុខ។

គួរបញ្ជាក់ថា លោក Kishida បាន​ឈ្នះអតីតរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ​លោក Taro Kono នៅ​ក្នុង​ជុំទី២ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ ខណៈដែលអ្នកដែលទទួលបានជ័យជម្នះនៃការបោះឆ្នោតរបស់គណបក្ស គឺមានន័យថា កំពុងតែឆ្ពោះទៅទទួលបានតំណែងជានាយករដ្ឋមន្ត្រីហើយ។

ជ័យជម្នះរបស់លោក Fumio Kishida នេះទំនងជាមិនបង្កឱ្យមានការផ្លាស់ប្តូរគោលនយោបាយធំដុំណាមួយនោះទេ ខណៈដែលជប៉ុនព្យាយាមទប់ទល់ជាមួយប្រទេសចិន និងធ្វើឱ្យសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតងើបឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ