អាជីវករ​ផ្សារ​ធំ​ខេត្តតាកែវ​ជាង​១០០០​នាក់​ផ្ទុះការ​តវ៉ា​មិន​ឲ្យ​រុះរើ​ធ្វើ​តូប​ថ្មី

អាជីវករ​ផ្សារធំ​តាកែវ​ ខេត្តតាកែវ រាប់រយនាក់​លើក​គ្នាទៅ​តវ៉ានៅ​មុខ​សាលា​ខេត្តតាកែវ​ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ករណី​ក្រុមហ៊ុន​ឯកជន​វិនិយោគ​សាងសង់​ផ្សារធំ​តាកែវ​ឡើងវិញ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (​ផ្តល់​ឱ្យ)

តំណាង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារធំ​តាកែវ​ប្រមាណ​ជាង​១០០០​នាក់ រួមគ្នា​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្សារ​ ដោយលើក​បដា​ថា «យើង​ខ្ញុំជា​អាជីវករ​ក្នុង​ផ្សារ​ធំតាកែវ មិន​យល់​ព្រម​រុះរើ​ធ្វើ​ផ្សារ​ថ្មី​ដាច់​ខាត»​ និង​បាន​ស្នើសុំ​ជួបអភិបាល​ខេត្ត​តាកែវ ដើម្បី​ជួយ​ដោះស្រាយ​ក្នុង​បញ្ហានេះ​ កាលពី​ល្ងាច​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ការតវ៉ា​នេះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៣០ ខែកញ្ញា ដោយមាន​អាជីវករ​ជាង ១០០០នាក់ ទៅ​តវ៉ា​នៅ​មុខសាលា​ខេត្តតាកែវ។ ជុំវិញ​បញ្ហា​នេះ អាជីវករ​លក់​ខោអាវ​មួយរូប​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី១ ខែតុលាថា ការពិត​រឿង​រុះរើ​ផ្សារ​នេះ បានកើត​ម្តង​រួចហើយ កាលពី១​ឆ្នាំ​មុន។ អាជីវករ​ក្នុង​ផ្សារ​គិត​ថា រឿង​នេះ​បាន​ស្ងប់ស្ងាត់ហើយ​បើ​ពុំមានការ​តវ៉ា​អ្វី​ឡើយ។ តែ​ក្រោយ​មក​ឃើញ​មាន​ការចុះ​វាស់វែង​ជា​ថ្មី ​និង​ការ​ចេញ​ប្លង់ថ្មី រួមទាំងការ​កក់​ប្រាក់​ទិញ​តូប​ថ្មី ទើប​ពួកគាត់​ភ្ញាក់ផ្ញើល និង នាំគ្នាទៅ​តវ៉ា​នៅ​មុខសាលាក្រុង​ដូនកែវ ចំនួន ៣​ទៅ​៤​ដងហើយ​ តែពុំមាន​ដំណោះ​ស្រាយ។ ក្រោយមក​ក៏​ទៅតវ៉ា​ទៀត​នៅ​សាលាខេត្ត​ដោយមាន​ការផ្តិតមេដៃរបស់​អាជីវករ​ទាំងអស់​ជាង​១០០០​តូប។

ប្រភព​ដដែល​បានរៀបរាប់​ពី​ទង្វើ​របស់​សមត្ថកិច្ច​នៅពេល​ក្រុមអាជីវករ​ប្រមូល​គ្នាទៅ​តវ៉ា​នៅមុខ​សាលាខេត្តដែរ​ថា៖ «ការ​តវ៉ា គឺជុំគ្នា​នៅមុខតាកែវ​យាយកែវ​នៅ​សាលាខេត្ត គ្រាន់តែ​ទៅដល់​ភ្លាមឃើញ​មាន​កង​កម្លាំងសមត្ថកិច្ច​ឈរយាម​ពេញហ្នឹង​ឃាំង​មិន​ឲ្យពួក​អាជីវករ​ចូល​ទៅ​តវ៉ា​ដល់​ក្នុងសាលាខេត្តទេ ​ឃាត់ទុក​ត្រឹម​សួនច្បារ ក៏មាន​ប៉ូលីស​សក្តិ៥​ម្នាក់​សួរ​នាំ​ថា តើមក​ហ្នឹង​មកមាន​ការអី​ អាណាហ៊ាន​ចូល គាត់​វ៉ៃបែកក្បាល​ទាំងអស់»។  

ប៉ុន្តែក្រោយ​ពេលឃើញ​អាជីវករ​នាំគ្នាមក​តវ៉ាច្រើន​ពេក ប៉ូលីស​ម្នាក់​ហ្នឹង​ក៏គេច​ខ្លួន​បាត់ទៅ។

ប្រភព​ដដែល​បន្ត​ថា ក្រុម​អាជីវករ​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​ថា នឹង​មិន​ឲ្យរុះរើ​តូប​ឡើយ​ ទោះបី​ជា​មាន​កន្លែងដោះដូរ​ក៏ដោយ ដោយ​ក្រុម​អាជីវករ​បាន​ស្នើសុំ​ដំណោះ​ស្រាយ គឺកុំ​ឲ្យមាន​ការ​កែប្រែ​តូប​អ្វី​ទាំង​អស់។

ប្រភព​ដដែល​បន្ថែម​ថា ប្រសិន​បើ​១​សប្តាហ៍​ទៀត​មិនមាន​ដំណោះស្រាយ​ជូនពួកគេ​ទេ​នោះ ពួកគេ​នឹង​ឡើងទៅតវ៉ា​ទៅ​ដល់​មុខផ្ទះ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​កាលពី​ឆ្នាំ២០១៦​ លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​រួចម្តង​ហើយ​ថា​ ផ្សារតាកែវ​ជាផ្សារធំ​របស់​រដ្ឋដែល​គ្មានការ​អភិវឌ្ឍអ្វី​ទាំងអស់ គឺ​តម្រូវ​ឲ្យប្រជាជន​ជាម្ចាស់​តូប​លក់​តកូន​តចៅ​ដោយ​គ្មាន​អាណត្តិ​អ្វី​ទាំងអស់​ ព្រោះមិនមែនជា​ផ្សារ​ឯកជន​សម្រាប់​ពួកឈ្នួញ​អភិវឌ្ឍន៍​នោះ​ទេ។

ម្ចាស់អាជីវកម្មលក់ដូនៅផ្សារ​ធំតាកែវ អ្នកស្រី ម៉ៅ សុផល អាយុ៣៦ឆ្នាំ  បានលើកឡើងពីក្ដីបារម្ភជាខ្លាំងជុំវិញគម្រោងអភិវឌ្ឍន៍ផ្សារធំតាកែវជាថ្មីនេះ។

អ្នកស្រីលើកឡើងដូច្នេះថា៖ «អាជីវករទាំងអស់ សុទ្ធតែមានបំណុលជាប់ខ្លួនដូចជា ធនាគារ តុងទីន និងជីវភាពរស់នៅប្រចាំថ្ងែ ហើយដល់​ពេល​គាត់​ឲ្យពួក​ខ្ញុំរុះរើ​ធ្វើថ្មី អ៊ីចឹងពួកខ្ញុំត្រូវទៅលក់នៅខាងក្រៅ គាត់រកទីតាំងឲ្យលក់នៅខាងក្រៅ ចុះកន្លែងពួកខ្ញុំលក់នៅដដែលមែន ប៉ុន្តែចូលមកវិញពួកខ្ញុំ​ត្រូវរងការ​វេទនា​ប៉ុន្មាន​ឆ្នាំដែល​ពួកខ្ញុំលក់សុខៗ សឹងតែមិនរស់ផងហ្នឹង រាល់ថ្ងែវេទនាណាស់ លក់អត់ដាច់ទេតែតូបប៉ុណ្ណឹងលក់អត់ដាច់ផង ចុះទម្រាំតែគាត់រុះរើធ្វើថ្មីរាប់ឆ្នាំហើយពួកខ្ញុំលក់វេទនាប៉ុន្មាន[…]»។

អ្នកស្រីបន្ថែមថា សម្រាប់តូបដែលអ្នកស្រីលក់រាល់ថ្ងៃ ជាផ្សារដែលទិញដាច់ ដែលមានអ្នកចង់វិនិយោគលើផ្សារនេះ​បន្តដែល​ធ្វើឲ្យអ្នកស្រី​និង​អាជីវករ​ផ្សេង​ទៀត​មិន​យល់ព្រម។ អ្នកស្រីស្នើសុំត្រឹមដំណោះស្រាយតែមួយគត់ គឹការរក្សាផ្សារនៅដដែល។

នាយករដ្ឋបាលសាលាខេត្ត លោក មាស អ៊ុយ បានថ្លែងថា សាលាក្រុងដូនកែវចង់អភិវឌ្ឍន៍ផ្សារតាកែវនេះ គឺ ដោយសារតែផ្សារតាកែវពេលនេះចាស់ ពេលមានភ្លៀងខ្លាំងម្តងៗលិចទឹក លក់មិនបានទេ។ ដូច្នេះ ដើម្បីលុបបំបាត់រឿងហ្នឹង ទើបសាលាក្រុងដូនកែវរកអ្នកវិនិយោគថ្មី។

លោកបន្តដូច្នេះថា៖ «ខ្ញុំមិនមានដំណោះស្រាយអ្វីទេ ព្រោះខាងក្រុមហ៊ុនគេបានសុំវិនិយោគចូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានហើយ ហើយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុក៏ព្រមដែរ។ តាមពិតគេស៊ើបពីមុនមានការឯកភាពកិច្ចព្រមព្រៀងរួចហើយ បានគេហ៊ានសុំវិនិយោគ ក្រោយមកក៏មិនដឹងថា មាន​អ្វីយ៉ាង​ម៉េច​ទៀត​ទេ ទើបមានការតវ៉ាលើរឿងហ្នឹង»

លោកស្រី​ ចាន់ ធីតា ជាអភិបាលក្រុងដូនកែវ បាននិយាយថា​​​​​​​​​ រឿងនេះមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោកទេ។ វាជារឿងរបស់អ្នកវិនិយោគកណ្តាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកស្រីបន្តថា៖ «ខ្ញុំអាចឆ្លើយនូវអ្វីដែលខ្ញុំឆ្លើយបាន បើអ្វីដែលហួសពីសមត្ថកិច្ចរបស់ខ្ញុំ គឺខ្ញុំឆ្លើយអត់បានទេ ខ្ញុំអត់ដឹងខា្លចឆ្លើយទៅខុសពីការពិត»។

ពាក់ព័ន្ធនឹងបញ្ហាតវ៉ាកាលពីថ្ងៃទី៣០ ខែកញ្ញា អភិបាលខេត្តតាកែវលោក អ៊ូច ភា បានលើកឡើងថា សម្រាប់ការតវ៉ានេះ លោកបាន​កំពុង​តែ​កោះហៅ​អាជីវករ​មក​សួរ​នាំ​ដើម្បីរក​ឲ្យ​ឃើញ​ថា តើពួកគាត់ចង់បានអ្វី?

លោកថា៖ «ឥឡូវយើងទទួលបានឯកសារគាត់ហើយចាំមើលយើងហៅគាត់មកសួរនាំសិន[…] ហៅពួកគាត់ដើម្បីជួបពិភាក្សា ថាតើពួកគាត់ចង់បានអី?»។

លោកបន្ថែមថា៖ «ពេលនេះកំពុងតែទទួលពាក្យដើម្បីរកពេលវេលាហៅគាត់មកជួប[…] ដើម្បីពិភាក្សាជាមួយគាត់[…] គាត់ចង់បានអី»។

គួរជម្រាបជូនថា អាជីវករផ្សារធំខេត្តតាកែវប្រមាណជាង ១០០០នាក់ បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ក្រោយពីទទួលបានព័ត៌មានថា ផ្សារធំ​ខេត្ត​តាកែវ​ដែល​ពួកគេ​កំពុង​ប្រកបអាជីវកម្មលក់ដូនេះ នឹងអភិវឌ្ឍន៍កសាងថ្មី។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ពួកគេនឹងមិនឲ្យរុះរើធ្វើតូបថ្មីនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ