លោក​ Rodrigo​ Duterte​ ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​នយោបាយ

ប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅថា លោកបានសម្រេច​ចូលនិវត្តន៍​ពីអាជីពនយោបាយហើយ ជាការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលថារូបលោក​កំពុងតែត្រួសត្រាយផ្លូវឱ្យកូនស្រីរបស់លោកដើម្បីស្នងតំណែងរបស់លោកបន្ត។

លោក Rodrigo Duterte ថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំសូមប្រកាសចូលនិវត្តន៍ពីនយោបាយហើយ»។

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះត្រូវបានធ្វើឡើង ខណៈដែលប្រធានាធិបតីហ្វីលីពីនរូបនេះលើក​ឡើងថា លោកដល់ពេលវេលាដែលត្រូវបញ្ចប់អាជីពនយោបាយរបស់លោកហើយ ស្របពេល​ដែល​វាក៏បានបង្កឱ្យមានជាការប៉ាន់ស្មានថា រូបលោកកំពុងតែបើកផ្លូវឱ្យកូនស្រីរបស់លោក ដើម្បីប្រកួតប្រជែងក្នុងការស្នងតំណែងរបស់លោក។

ការប្រកាស​ចូល​និវត្តន៍របស់លោក​ក៏ត្រូវបានធ្វើ​ឡើង​អំឡុង​ពេល​ដែល​អ្នក​នយោបាយ​របស់​លោក​ គឺសមាជិក​ព្រឹទ្ធសភា​​ លោក Bong Go ដាក់​ពាក្យ​ធ្វើ​ជា​បេក្ខភាព​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ទៅ​កាន់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ហ្វីលីពីនផងដែរ។

លោក Rodrigo Duterte ដំបូងឡើយ ត្រូវបានរំពឹងថា នឹងឈរឈ្មោះសម្រាប់តំណែងជាអនុប្រធានា​ធិបតី ជាផែនការមួយដែលប្រជាជនហ្វីលីពីនភាគច្រើនយល់ឃើញថា ជាការរំលោភលើស្មារតីនៃរដ្ឋធម្មនុញ្ញ​ដែល​កំណត់រយៈពេលមួយអាណត្តិសម្រាប់ប្រធានាធិបតី។

ទាក់ទិននឹងករណីនេះ អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា វាមានសារៈសំខាន់ណាស់​សម្រាប់​លោក Rodrigo Duterte ក្នុងការមានអ្នកស្នងតំណែងស្មោះត្រង់មួយរូប ដើម្បីការ​ពារ​រូបលោកពីសកម្មភាពផ្លូវច្បាប់ដែលលោកអាចនឹងត្រូវប្រឈម ជុំវិញការសម្លាប់មនុស្សរាប់ពាន់​នាក់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក គិតចាប់តាំងពីឆ្នាំ​២០១៦។

គួរបញ្ជាក់ថា មេដឹកនាំ​វ័យ​៧៦​ឆ្នាំ​រូប​នេះនៅតែមានប្រជាប្រិយភាព បើទោះបីជាគូប្រជែងនានារបស់លោកបានចោទរូបលោកថាជាជនផ្តាច់ការ និងមិនអត់ឱនចំពោះការប្រឆាំងក៏ដោយ។

ហ្វីលីពីន នឹងរៀបចំការ​បោះ​ឆ្នោត​នៅ​ខែឧសភាឆ្នាំ​ក្រោយ ​សម្រាប់ជ្រើសរើសតំណែងប្រធានា​ធិបតីថ្មី អនុ​ប្រធានាធិបតី ក៏ដូចជាសមាជិកសភា និងមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ជាង១៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ