សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២០​នាក់​នៅ​ខារ៉ា​អូខេ​មួយ​ក្នុង​ខេត្ត​ក្រចេះ​ ករណី​ល្មើស​បម្រាម​រដ្ឋា​ភិបាល

នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ និងមន្ត្រីពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង​ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

សមត្ថកិច្ចខេត្តក្រចេះ ​បង្រ្កាប​ទីតាំង​​ខារ៉ា​អូខេ​មួយកន្លែង​នៅក្នុង​ខេត្ត​នេះ ដោយ​​បានឃាត់​ខ្លួន​​មនុស្ស​ប្រុស​​ស្រី​​ចំនួន​២០​​នាក់​ កាលពីយប់​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី​៣ ​ខែតុលា ឆ្នាំ​២០២១​ ខណៈម្ចាស់ហាង​បញ្ជូនទៅតុលាការ​ចាត់វិធាន​ការ​ច្បាប់។​

ស្នងការរងនគរបា​ល​​ខេត្តក្រចេះ លោក លន់ សុផាត ប្រាប់ វីអូឌី នៅថ្ងៃទី៤ ខែតុលានេះថា កម្លាំង​ស្នងការ​នគរបាល​ខេត្ត សហការ​​ជាមួយ​កម្លាំង​​នគរបាល​​​ក្រុង​​ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ក្រោមការសម្របសម្រួលដោយលោក អ៊​ង រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែងដែលមាន​យីហោ «អាហា​រដ្ឋា​ន និង ខេធីវី ពេញចិត្ត» ដែលលួចបើក​ដំណើរការ​អាជីវកម្ម ​ល្មើស​បម្រាមរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក​បញ្ជាក់​ថា អំឡុង​ពេល​ចុះបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​​មនុស្សប្រុស​​ស្រី​ រួម​ទាំង​ម្ចាស់​ហាង សរុបចំនួន​២០​នាក់ ​ស្ថិតនៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃទី​៣ ​ខែតុលា ឆ្នាំ​២០២១​នេះ​។​

លោក លន់ សុផាត ឱ្យដឹងទៀតថា ក្រោយ​ពីសាកសួរចប់ សមត្ថកិច្ចបានបញ្ជូនម្ចាស់ហាងទៅតុលាការចាត់វិធានការច្បាប់​បន្ត ខណៈមនុស្ស១៩នាក់ផ្សេងទៀតរងការផាកពិន័យពាក់​ព័ន្ធករណីល្មើសបម្រាមរដ្ឋាភិបាល រួចដោះលែងឱ្យមានសេរីភាពវិញហើយ។

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ លោក អ៊​ង រី សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកតម្រូវឱ្យអ្នកសារព័ត៌មានទៅជួបផ្ទាល់។

កាលពីចុងខែសីហា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បន្តណែនាំ​ដល់បណ្តាគណៈអភិបាល​រាជធានី-ខេត្ត​ ត្រូវប​ន្ត​ការអនុវត្ត​នូវការរឹតបន្តឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និងវិធានការ​ច្បាប់​ ដោយ​ផ្អែក​តាម​សភាព​ការជាក់ស្តែង​នៃជំងឺនេះ នៅក្នុងភូមិសាស្ត្រ​រាជធានី-ខេត្តរបស់​ខ្លួន ក្រោម​ការសម្រប​សម្រួល​របស់​គណៈប្រតិបត្តិ​គណៈកម្មការ​អន្តរ​ក្រសួង និងអនុគណៈកម្មការ​ដែលមានការពាក់ព័ន្ធ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការបន្តពង្រឹង​វិធាន​ការ​នេះ ខណៈដែលកម្ពុជារកឃើញមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) ជាបន្តបន្ទាប់ និងនៅស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយ​លទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅពេលខាងមុខនៅបន្តជាបញ្ហាប្រឈម​ចំពោះមុខ​ដែលគួរឱ្យ​ព្រួយបារម្ភសម្រាប់កម្ពុជា៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ