សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ​ ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ដោះស្រាយ​និង​អភិវឌ្ឍន៍​ដោយ​គោរព​សិទ្ធិមនុស្ស​

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

សហគមន៍ក្រីក្រមួយចំនួននៅក្នុងរាជធានី​ភ្នំពេញ ស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លី ហើយ​ការអភិវឌ្ឍនានា​ត្រូវគោរពសិទ្ធិមនុស្ស។

ក្នុងឱកាស«ទិវាសិទ្ធិលំនៅឋានពិភពលោក​ឆ្នាំ២​០២១» ក្រុមសហគមន៍ក្រីក្រនៅក្នុងរាជធានី​ភ្នំពេញ ដូចជា បណ្ដាញ​ផ្លូវ​រថភ្លើង បណ្ដាញប្រឡាយ បណ្ដាញបឹង និងបណ្ដាញផ្សេងទៀត កាលពីថ្ងៃទី៣ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយស្នើដល់រដ្ឋាភិបាលនិងរដ្ឋបាល​រាជធានីភ្នំពេញ ត្រូវពន្លឿន​ការអភិវឌ្ឍ​និងផ្តល់ដំណោះស្រាយជូនពួកគេឱ្យបានឆាប់ ខណៈពួកគេរកអន្តរាគមន៍ឱ្យដោះស្រាយជាច្រើនឆ្នាំ ប៉ុន្តែមិនមានលទ្ធផល។

សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏សំណូមពរដល់រដ្ឋាភិបាលអភិឌ្ឍទីក្រុងដោយមានការគោរពសិទ្ធិមនុស្ស​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ ហើយរាល់គម្រោងអភិវឌ្ឍន៍ក្នុងទីក្រុងត្រូវមានការ​ចូលរួមពិគ្រោះយោបល់និងបញ្ចូលសំឡេងប្រជាពលរដ្ឋទៅក្នុងគម្រោងអភិវឌ្ឍន៍នោះផងដែរ។

ក្រុមសហគមន៍ទាំងនេះបានលើកឡើងថា ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិឌ្ឍ​គួរ​ឱ្យ​កត់​​សម្គាល់ ប៉ុន្តែការអភិឌ្ឍ​ទាំងនោះមិនបានបង្កភាពងាយស្រួលដល់ពលរដ្ឋគ្រប់គ្នាឡើយ ដោយប្រជាពលរដ្ឋ​ដែលមានប្រាក់ចំណូលទាប មិនអាចរកប្រាក់ចំណូលផ្តត់ផ្គង់គ្រួសារទៅតាមតម្រូវការនិងភាពទាន់សម័យទាំងនោះឡើយ ហើយពួកគេកាត់តែជួបការលំបាកកាន់តែខ្លាំងថែមទៀត។

សហគមន៍ទាំងនេះបន្ថែមថា ប្រជាពលរដ្ឋដែលរកបានប្រាក់ចំណូលទាប រស់នៅលើដីសាធារណៈរបស់រដ្ឋតាំងពីដូនតាមក ​ប្រឈមនឹងការបណ្ដេញចេញ ដោយសាររដ្ឋាភិបាលយកទីតាំងនោះទៅអភិវឌ្ឍន៍។ ហើយអ្នកក្រីក្ររស់នៅក្នុងសំណង់មិនរៀបរយមួយចំនួនត្រូវបានផ្លាស់ប្តូរទីលំនៅ និងមួយចំនួនទៀតចាកចេញទាំង​បង្ខំ ដោយទទួលយកសំណងបន្តិចបន្តួច​ និងខ្លះទៀតមិនទទួលបានសំណងសោះក៏មាន។

បើតាមសេចក្ដីថ្លែងការណ៍រួមនេះ ភាគច្រើន​នៃអ្នកដែលបានផ្លាស់ប្ដូរទីលំនៅទៅទីតាំងថ្មី គឺទីតាំងនោះមាន​ចម្ងាយ​​ឆ្ងាយ មិន​មានការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈជាដើម ដែលធ្វើឱ្យស្ថានភាពនៃ​ការរស់នៅរបស់ពួកគេកាន់តែលំបាកជាងមុនទៀត។

សេចក្ដីថ្លែងការណ៍​នេះឱ្យដឹងទៀតថា សហគមន៍មួយចំនួនដែលអនុញ្ញាត​ឱ្យអភិវឌ្ឍនៅនឹងកន្លែង គឺគ្រួសារ​មួយចំនួន​មិនទាន់ទទួលបណ្ណ​កម្ម​សិទ្ធិ និង​ពលរដ្ឋមួយចំនួនទៀតមិនទាន់ទទួលបានការដោះស្រាយនៅឡើយ ដោយសារតែការអភិវឌ្ឍ​នៅមូលដ្ឋាន ខណៈពួកគេបានដាក់សំណើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយជាច្រើនលើក​មកហើយ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនមានការឆ្លើយតប។

លោក អ៊ឹង សំបូរ ដែលអះអាងថាជាតំណាងពលរដ្ឋសហគមន៍ផ្លូវរថភ្លើងភូមិ១៧ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា បច្ចុប្បន្ននេះមានពលរដ្ឋប្រហែល១៥៦គ្រួសារដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​រថភ្លើង​ក្នុងរាជធានីភ្នំពេញ មិនទាន់បានដោះស្រាយចប់នៅឡើយ។ លោកថា ពលរដ្ឋនៅសហគមន៍នេះ ទាមទារ​ដល់អាជ្ញាធរ​​ដោះស្រាយដោយ​ដោះដូរ​ឱ្យពួ​កគាត់បានរស់នៅក្រោយ«វត្តទួលអស់លោក» ដូចពលរដ្ឋផ្សេងដែរ។

លោកបន្ថែមថា៖ «គឺដីកន្លែងហ្នឹង អ្នកដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍រថភ្លើងដូចគ្នាដែរ គេបានដីនៅកន្លែងហ្នឹង ៤គុណ១៥ម៉ែត្រ!​ ប៉ុន្តែសម្រាប់ពួកខ្ញុំនៅខណ្ឌផ្សេងដែលផលប៉ះពាល់ពីគម្រោងនេះដែរ បែរជាអាជ្ញាធរតម្រូវឱ្យពួកខ្ញុំទៅយកដីនៅគោកខ្សាច់ និងទៅយកដីនៅ 7NG វិញ អ៊ីចឹង​ពួកខ្ញុំអត់ចងបានជម្រើស​ពីរហ្នឹងទេ​ គឺពួកខ្ញុំចង់បានដីនៅក្រោយវត្តអស់លោកដូចបងប្អូនមុនៗដែរ»

តំណាងប្រជាពលរដ្ឋសហគមន៍ផ្លូវរថភ្លើងម្នាក់ទៀត អ្នកស្រី ម៉េង គួន មានប្រសាសន៍ថា ការពន្យារពេលមិនដោះស្រាយចំពោះពលរដ្ឋដែលរងផលប៉ះពាល់នានានោះ បានធ្វើឱ្យពួកគាត់ជួបការលំបាកជាច្រើន ដូចជា មិនអាចធ្វើបណ្ណ​កម្មសិទ្ធិ មិនអាចសាងសង់​អ្វីផ្សេងៗ និងរងការ​រង់ចាំដំណោះស្រាយយូរ។

អ្នកស្រីបន្ថែមថា៖«ទី១ កន្លែងខ្ញុំរស់នៅបច្ចុប្បន្នហ្នឹង ទឹករដ្ឋក៏អត់មានសម្រាប់ប្រើប្រាស់! ហើយទី២ ការធ្វើប្លង់កម្មសិទ្ធិ​ អ្នកខ្លះក៏បាន អ្នកខ្លះក៏មិនបានទេ ពីព្រោះរង់ចាំការអភិវឌ្ឍ​ហ្នឹងដោះដូរ! និងទី៣ ផលលំបាកនៃការ​រង់ចាំយូរចំពោះការដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ»

អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរមិនបានទុកបញ្ហានេះចោលទេ។ លោកថា រាល់បញ្ហាដែលប៉ះពាល់ គឺអាជ្ញាធរនឹងដោះស្រាយជូនពលរដ្ឋ។

លោកបន្ថែមថា៖ «អូ! រឿង​ច្រើន​ដែរ​ ខ្ញុំចាំអត់អស់ទេ ចាំមើលឆែកមើលជាមួយក្រុមការងារ​ដែលត្រូវដោះស្រាយជាមួយបញ្ហាទាំងអស់ហ្នឹងសិន។ ប៉ុន្តែជាទូទៅ កិច្ចការ​ទាំងអស់ហ្នឹង យើងត្រូវតែដោះហើយ»

អ្នកសម្របសម្រួលគម្រោងធុរកិច្ច នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មើលឃើញថា ការដោះស្រាយរបស់អាជ្ញាធរចំពោះប្រជាពលរដ្ឋរស់នៅតាមប្រឡាយ បឹង ផ្លូវរថភ្លើង និងកន្លែងផ្សេងទៀតនាពេលកន្លងមក គឺកន្លែងខ្លះដោះស្រាយល្អ និងកន្លែងខ្លះទៀតដោះស្រាយមិនបានល្អឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការលើកឡើងនិងការទាមទាររបស់ប្រជាពលរដ្ឋក្នុងសេចក្តីថ្លែងការណ៍ជារឿង​ត្រឹមត្រូវនិង​ជាសិទ្ធិរបស់ពួកគេ ដែលរដ្ឋាភិបាលត្រូវតែពន្លឿននូវការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីកុំឱ្យពួកគេមានកង្វល់និងជួបការលំបាក។

លោកបន្ថែមថា៖ «ប្រសិនជារដ្ឋាភិបាលអនុវត្តទៅតាមទាមទារឬការស្នើសុំរបស់ប្រជាពលរដ្ឋ វាជាការល្អមែនទែន ពីព្រោះរដ្ឋាភិបាលប្តេជ្ញាចិត្តរួចទៅហើយដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅបាន​សមរម្យ និងការកាត់បន្ថយភាពក្រីក្រ ទៅតាមគោលនយោបាយរដ្ឋាភិបាល […] ប៉ុន្តែប្រសិនជាពួកគាត់រស់នៅហ្នឹង ហើយរដ្ឋហ្នឹងបែរជាមានការដោះស្រាយដោយបង្ខំ និងទុកពួកគាត់ចោលមិនដោះស្រាយ អាហ្នឹងមិនមែនជាទង្វើល្អទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ