រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកំពុងគ្រប់គ្រងអំណាច លោក ស ខេង បានក្រើនរំឭកមន្ត្រីថា បញ្ហាជម្លោះដីធ្លីនឹងជះឥទ្ធិពលដល់ការបាត់បង់សន្លឹកឆ្នោតនៅពេលខាងមុខ បើមិនព្យាយាមដោះស្រាយដោយតម្លាភាពទេនោះ។
ការថ្លែងរបស់លោក ស ខេង នៅពេលនេះ ធ្វើឡើងក្នុងពិធីផ្ទេរនិងចូលកាន់តំណែងអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃចន្ទនេះ។
ក្នុងពិធីនោះ លោក ស ខេង ថ្លែងថា មន្ត្រី៤រូបសំខាន់ជាងគេនៅមូលដ្ឋាន ដែលជះឥទ្ធិពលដល់សន្លឹកឆ្នោតនៅពេលខាងមុខនោះ រួមមាន មេឃុំឬចៅសង្កាត់ ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិ ដែលអ្នកទាំងនោះគឺជាមនុស្សជួរមុខក្នុងការទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋ។ លោកបន្តថា បើពួកគេមិនអាចបំពេញតួនាទីដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ សន្លឹកឆ្នោតនឹងត្រូវបាត់បង់។
លោកគូសបញ្ជាក់ថា បញ្ហានេះ មន្ត្រីពាក់ព័ន្ធត្រូវលើកទឹកចិត្តដល់ពួកគេ ពិសេសត្រូវប្រមូលបញ្ហាទាំងអស់នៅមូលដ្ឋានមកដោះស្រាយដោយតម្លាភាពនិងយុត្តិធម៌ ក្នុងនោះរួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ។
លោក ស ខេង ថ្លែងថា៖ «ខ្ញុំគិតថា យើងខិតខំប្រមូលបញ្ហាដែលយើងគិតថា បញ្ហាប្រឈម បញ្ហាអសកម្ម ដូចជា ទំនាស់ដីធ្លីជាដើម ប្រមូលឱ្យអស់ យកមកដោះស្រាយ […] ប្រកបដោយតម្លាភាពយុត្តិធម៌។ យុត្តិធម៌ហ្នឹងសំខាន់ណាស់ ធ្វើម៉េចឱ្យគាត់ទទួលបាននៅក្នុងសង្គមរបស់យើង»។
រដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទដែរថា ការឃោសនាតែសមទ្ធិផលរដ្ឋាភិបាល រួមទាំងថ្ងៃ៧មករាជាដើម វានឹងមិនជោគជ័យទាំងស្រុងទេ បើបញ្ហាជាច្រើននៅក្នុងមូលដ្ឋានមិនត្រូវបានដោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីនោះ។
វីអូឌី មិនអាចទាក់ទងប្រធានក្រុមដឹកនាំក្រុមការងារស្រាវជ្រាវនិងស៊ើបអង្កេត ករណីជម្លោះដីធ្លីនិងការទន្ទា្រនកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្ដារាជធានី-ខេត្ត និងជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ លោក ឌី វិជ្ជា ដែលត្រូវតែងតាំងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានទេ។
ប៉ុន្តែលោក ស្វាយ សំអ៊ាង ដែលជាអតីតអភិបាលខេត្តមណ្ឌលគិរី ត្រូវផ្តូរមកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងវិញនោះ បានប្តេជ្ញាថា នឹងអនុវត្តតាមការចង្អុលបង្ហាញនេះ។
លោកថា៖ «ប្តេជ្ញាគោរពនិងអនុវត្ត បន្តខិតខំទប់ស្កាត់ និងលុបបំបាត់រាល់ភាពអសកម្មនានាដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភច្បាប់ បំពានច្បាប់ និងភាពអយុត្តិធម៌ក្នុងសង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
ថ្មីៗនេះ អ្នកតវ៉ាដីធ្លី ៣០នាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយបទចោទថាបានប្រើហិង្សាលើសមត្ថកិច្ច ក្រោយពីពលរដ្ឋជាង៣០០គ្រួសារមានបណ្ណកម្មសិទ្ធិ បដិសេធយកសំណង៨ដុល្លារក្នុងមួយម៉ែត្រការ៉េតាមការតម្រូវរបស់អាជ្ញាធរនិងក្រុមហ៊ុន OCIC ពាក់ព័ន្ធគម្រោងកសាងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល។
អ្នកតវ៉ាដីធ្លីម្នាក់ដែលប្តីរបស់គាត់ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តកណ្ដាល ក្រោយមានការចាប់ឃុំខ្លួននោះ ទទូចឱ្យអាជ្ញាធរគោរពប្រសាសន៍ថ្នាក់ដឹកនាំក្នុងការផ្តល់សំណងសមរម្យជូនពួកគាត់ជាម្ចាស់ដីដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍សាងសង់ព្រលានយន្តហោះថ្មីនេះ។
អ្នកស្រីថា៖ «ពួកខ្ញុំមានដីបន្តិចបន្តួចហ្នឹង! បើថាគ្រប់ជាន់ថ្នាក់ [អាជ្ញាធរ] គាត់អត់សើរើរឿងហ្នឹងយ៉ាងណាៗទៀត គឺពួកខ្ញុំដឹងថាចប់តែម្តង ព្រោះដីធ្លីពួកខ្ញុំផ្ទាល់ ខ្ញុំមានតែ១៥អាទេ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ចនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត កត់សម្គាល់ថា ជម្លោះដីធ្លីមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា នៅខេត្តរតនគិរី មណ្ឌលគិរី កំពត កោះកុង និងខេត្តមួយចំនួនទៀត ក្រោយពីកម្ពុជាមានរដ្ឋាភិបាលមួយដែលបាត់បង់តុល្យភាពត្រួតពិនិត្យអំណាចតាមយន្តការប្រជាធិបតេយ្យ។
លោក សុផាត យល់ថា ស្ថានភាពនេះនឹងធ្វើឱ្យជម្លោះដីធ្លីធំៗ ដូចជា ករណីសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ជាដើមនេះ ពលរដ្ឋនឹងមិនទទួលបានសំណងសមរម្យដូចមានចែងនៅក្នុងច្បាប់ទេ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចេញអន្តរាគមន៍។
លោកថា៖ «ជាការសង្កេតរបស់យើងតាំងពីដើមមក ក្នុងអំឡុងពេលជិតបោះឆ្នោតឃុំ-សង្កាត់ ឬក៏ថ្នាក់ជាតិអីជាដើមហ្នឹង តែងតែមានសារសំខាន់ៗពីថ្នាក់ដឹកនាំអ៊ីចឹងទៅ។ ដល់អ៊ីចឹង […] កន្លែងហ្នឹង យើងដូចជាគ្មានសុទិដ្ឋិនិយមថា នឹងអាចដោះស្រាយបញ្ចប់ដីធ្លីបានទេ។ ប៉ុន្តែគ្រាន់ថា សាររបស់ថ្នាក់ដឹកនាំនេះជាសារនយោបាយ អាចជាសារមួយរំឭកដល់ថ្នាក់ក្រោមជាតិ»។
បើទោះបីជាការចាប់ខ្លួននោះត្រូវបានតុលាការដោះលែងវិញ តែក្រុមអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមកាលពីខែកញ្ញា រិះគន់ថា ចំណាត់ការនេះ រដ្ឋាភិបាលមិនអនុលោមតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៤៤ និងច្បាប់អស្សាមិករណ៍ ដែលតម្រូវឱ្យអាជ្ញាធររដ្ឋត្រូវផ្តល់សំណងសមរម្យនិងយុត្តិធម៌ជាមុនដល់ម្ចាស់កម្មសិទ្ធិ៕