សង្គម​ស៊ីវិល​ស្នើ​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​នា​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុង​ជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន​។

នៅក្នុងទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ បានឱ្យដឹងនៅថ្ងៃអង្គារទី៥ ខែតុលានេះ​ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាសង្គមខ្មែរទាំងមូល កំពុងជួបជុំឪពុកម្តាយ បងប្អូន ញាតិមិត្តជិតឆ្ងាយ យ៉ាងសប្បាយរីករាយ ប៉ុន្តែ​ក្រុមយុវជនបរិស្ថាននិងអ្នកការពារសិទ្ធិមនុស្ស​​ដែលតែងឈរជួរមុខក្នុងការបង្ហាញ​ជាសាធារណៈអំពីបញ្ហាសំរាម ការបំពុលបរិស្ថានដោយការបង្ហូរទឹកកខ្វក់ចូលទន្លេនិងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ បែរជាកំពុងជាប់ក្នុងពន្ធនាគារ ដោយមិនត្រឹមត្រូវនៅក្នុងស្ថានភាពចង្អៀតណែនទៅវិញ។

កាលពី​ថ្ងៃ​​ទី៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​សម្រេច​​ផ្ដន្ទាទោសលោក​ ថុន​ ​រដ្ឋា​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​២​០​​ខែ ខណៈកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​​​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​១​៨​ខែ​ ​និង​ពិន័យ​ជាប្រាក់៤លាន​រៀល​ដូចគ្នា​ ក្រោមបទចោទប្រកាន់​ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថាន ធ្វើឡើងបន្ទាប់ពីពួកគេធ្វើយុទ្ធនាការដើរថ្មើ​រជើងពីវត្តភ្នំទៅកាន់ផ្ទះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុប«បឹងតាមោក»ទៀត ដោយថា បឹងនោះជាបឹងធម្មជាតិធំជាងគេនិងសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ។

គិតត្រឹមខែតុលា ឆ្នាំ២០២១ ​លោក​ ថុ​ន​ ​រដ្ឋា​, កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​បានជាប់ពន្ធនាគារ១ឆ្នាំហើយ។

ក្រោយមក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិង​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ