តុលាការ​ខេត្ត​កំពង់ធំ​កោះ​ហៅ​មេភូមិ​និង​មេឃុំ​ឱ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ

អគារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ)

សាលាដំបូងខេត្តកំពង់ធំ បានកោះហៅមេភូមិ មេឃុំ និងបក្ខពួកផ្សេងទៀត នៅឃុំពពក ស្រុកស្ទោង ឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធការឈូសឆាយដីព្រៃរបស់រដ្ឋ​ធ្វើកម្មករសិទ្ធិដោយខុសច្បាប់។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចេញដីកាកោះហៅលោក កែវ នន ជាមេឃុំពពក និងលោក ឡេង សុខា ជាមេភូមិក្រសាំង ឱ្យ​ឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ករណីឈូសឆាយដីព្រៃដើម្បីធ្វើកម្មសិទ្ធិ។

ដីកាបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មេភូមិ​និងមេឃុំទាំងពីរនាក់នេះបានដាក់គ្រឿងចក្រធ្វើសកម្មភាពលើដីព្រៃរបស់រដ្ឋនៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកនាំពាក្យ និងជាតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់ វីអូឌី បន្ថែម​ថា សមត្ថកិច្ចក៏កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យឆ្លើយបំភ្លឺផងដែរ។

លោក​ថា៖ «ពួកគាត់បានឈូសឆាយដីព្រៃ មិនជាដីព្រៃលិចទឹកទេ។ ពាក់ព័ន្ធរឿងនេះ ខ្ញុំមិនអាចប្រាប់បង​ច្រើន​ទេ ដោយសារសមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត»

វីអូឌី មិនអាចរកការឆ្លើយពីមេភូមិនិងមេឃុំដែលរងការចោទប្រកាន់បានទេ នៅថ្ងៃអង្គារនេះ។ 

មន្ត្រីការពារសិទ្ធិប្រចាំខេត្តកំពង់ធំ លោក សុខ រដ្ឋា មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការការពារធនធានធម្មជាតិនិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្សទៅតាមច្បាប់កំណត់ ដោយមិនអាចផ្ទេរឬទិញលក់បានឡើយ។

មន្ត្រីសិទ្ធិរូបនេះបន្តថា ប្រសិនជាមេភូមិនិងមេឃុំបានគប់គិត​គ្នាឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិមែននោះ គឺ​ជាទង្វើខុសច្បាប់។

លោកបន្ថែមថា៖ «បើសិនជាករណីហ្នឹងកើតមានមែន អាហ្នឹងគឺអ្នកដែលបានប្រព្រឹត្តហ្នឹងគួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់។ ហើយប្រសិនបើមានការជាប់ពាក់ព័ន្ធ​ជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានទៀត បើត្រូវរ៉ូវ​គ្នាផ្នែកណាមួយ​ដែលនាំឱ្យមានការបាត់បង់ទ្រព្យសាធារណៈរបស់រដ្ឋ អាហ្នឹងអ្នកទាំង​អស់គ្នាហ្នឹងត្រូវចូលរួមទទួលខុសត្រូវចំពោះមុខច្បាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ