សមាគម​គ្រូបង្រៀន ស្នើ​រដ្ឋា​ភិបាល​និង​ក្រសួង​អប់រំ​លុប​បំបាត់​អំពើ​ពុក​រលួយ​និង​បង្ខំ​គ្រូៗ​ឱ្យ​ចូល​បក្ស​

ពលរដ្ឋធ្វើដំណើរនៅពីមុខច្រកចូលវិទ្យាល័យជាស៊ីមបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ហេង វិចិត្រ)

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើទៅរដ្ឋាភិបាលនិងក្រសួងអប់រំលុបបំបាត់អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ និង​បញ្ឈប់​ការ​រើស​អើង រួម​ទាំង​ឈប់​បង្ខំ​លោកគ្រូ-អ្នកគ្រូឱ្យ​ចូល​ជាស​មាជិក​គណបក្សនយោបាយនៅតាម​គ្រឹះស្ថានសិក្សាបន្តទៀត ដោយថា ករណីទាំងអស់នេះបា​នធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ។

ការស្នើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ ធ្វើឡើងក្នុងញត្តិមួយដែលដាក់ទៅរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃ «ទិវាគ្រូបង្រៀនពិភ​ពលោក ៥ តុលា ឆ្នាំ២០២១» ក្រោមប្រធានបទ «រម្លឹកគុណអ្នកអប់រំដែលយើងបានបាត់បង់»

ក្នុងញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចេញ​នៅថ្ងៃទី៥ ខែតុលានេះ បានឱ្យដឹងថា រយៈពេល២៨ឆ្នាំ​ម​​កហើយ កម្រិតនៃស្ថានភាពគ្រូបង្រៀននិងវិស័យអប់រំនៅកម្ពុជាមិនទាន់ប្រសើរនិងឆ្លើយតបទៅនឹងអនុ​សាសន៍​របស់អង្គការ ILO នៅឡើយ បើទោះបីជារដ្ឋាភិបាលបានដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំក៏ដោយ។

សមាគមនេះបន្ត​ថា ស្ថានភាពគ្រូបង្រៀនមិនទាន់ប្រសើរ ដោយសារ​ប្រាក់ខែគ្រូបង្រៀននៅមានគម្លាតឆ្ងាយពីទំនិញនៅទីផ្សារ ខណៈសិទ្ធិគ្រូបង្រៀនកាន់តែរួមតូច ដែលធ្វើឱ្យសិទ្ធិសម្ដែងមតិ សេរីភាពសមាគម និងសិទ្ធិចរចា មិនត្រូវបានធានាឡើយ។

លើសពីនេះទៀត នៅក្នុងវិស័យអប់រំបច្ចុប្បន្នបាននិងកំពុងមានអំពើពុករលួយគ្រប់រូបភាព ដោយរដ្ឋាភិបាលនិងក្រសួងមិនទាន់អាចលុបបំបាត់បាន ដែលធ្វើឱ្យប្រជាពលរដ្ឋមិនទទួលបានការអប់រំស្មើគ្នាៗ ខណៈអង្គការ​វិជ្ជាជីវៈគ្រូបង្រៀន ​តែងតែត្រូវរដ្ឋាភិបាល​មើលរំលងនិងរើសអើង ដោយមិនចាត់ទុក​សមាគមជាដៃគូអភិវឌ្ឍន៍​លើការអប់រំនោះទេ។

បើតាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បច្ចុប្ប​ន្ន គ្រូបង្រៀននិងសិស្សនៅតាមគ្រឹះស្ថានសិក្សានិងសាលារៀន ត្រូវបានបង្ខំឱ្យចូលគណបក្សនយោបាយទៀតផង។

ករណីនេះ សមាគមគ្រូបង្រៀនដដែលស្នើទៅរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ ដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេង​ៗ ដូច​ជា ប្រាក់ឧបត្ថម្ភកូន ប្រពន្ធ គរុកោសល្យ ប្រាក់ថ្ងៃ​​ព្រហស្បតិ៍ ប្រាក់ទ្រទ្រង់សុខភាព ប្រាក់​ម៉ោង​បន្ថែម និងប្រាក់បៀវត្សអប្បបរមា ២លានរៀនក្នុងមួយខែ

ក្រៅពីស្នើឱ្យដំឡើងប្រាក់បៀវត្សនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បាន​ស្នើឱ្យលុបបំបាត់​អំពើ​ពុក​រលួយក្នុងវិស័យអប់រំ និងបញ្ឈប់ការរើសអើង រួមទាំងបញ្ឈប់ការបង្ខំលោកគ្រូ-អ្នកគ្រូឱ្យចូលគណបក្សនយោបាយ​ផងដែរ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍​បន្ថែមថា ក្រៅការស្នើទាំង​នេះ ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ​លោកស្រីចង់​ឱ្យរដ្ឋាភិបាល​ដោះលែង​អតី​តប្រធានសមាគមគ្រូបង្រៀន លោក រ៉ុង ឈុន និងផ្ដល់ក្របខណ្ឌអប់រំដល់លោកគ្រូ-អ្នកគ្រូ១១នាក់ដែលត្រូវបានបញ្ឈប់ពីក្របខណ្ឌដោយសាររឿងនយោបាយ ដើម្បី​អាច​ឱ្យពួកគេទទួលបានក្របខណ្ឌនិងចូលបង្រៀនឡើងវិញ។ ​

លោកស្រីថា៖ «គួរតែលុបបំបាត់កន្លែងហ្នឹង​ចោល​ទៅ ជាការគំរាមកំហែងដល់លោកគ្រូ-អ្នកគ្រូយើងផ្សេង​ទៀត​ ពួកគាត់ចេះតែចូល ព្រោះភ័យ​ខ្លាច ​ប៉ុន្តែអ្វីដែលគាត់មិនសប្បាយចិត្ត ​កុំបង្ខំ​។ បើចង់ឱ្យគាត់ចូលនៅខាងក្រៅបាន ប៉ុន្តែកុំយកសាលារៀន​​បង្ខំឱ្យគាត់ចូល​បក្ស​​។ បើសិនជាលោកគ្រូ-អ្នកគ្រូចូលបក្ស គាត់គិតតែរឿងបក្ស ហើយមិនសូវខ្វល់ខ្វាយរឿងសង្គមទេ»។

គ្រូបង្រៀនម្នាក់​ លោក ឡុង រឹម បានលើកឡើងថា ក្នុង​បរិបទកូវីដ-១៩ គ្រូបង្រៀនជួបការលំបាកបញ្ហាជីវភាពកាន់តែខ្លាំងជាងមុន ខណៈប្រាក់បៀវត្សពួកគាត់មិនទាន់ទទួលបានសមរម្យនៅឡើយ។  ក្រៅពីបញ្ហាប្រាក់បៀវត្សនោះ លោកថា គ្រូបង្រៀនមិនទទួលបានសិទ្ធិសេរីភាពពេញលេញទេ ខណៈគ្រូខ្លះត្រូវសាលារើស​អើងនៅពេលពួកគាត់សម្ដែងមតិនិង​ចូលជាសហជីពជាដើម។

លោកថា៖ «ខ្ញុំសំណូមពរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពពេញលេញទៅតាមច្បាប់នៅក្នុងការចូល​ជាសមាគម សហជីព កុំឱ្យមានរើសអើង! មួយទៀត​សូម​ឱ្យដំឡើងប្រាក់​ខែ​សមរម្យ បើទោះបីជាដំឡើងរៀងរាល់ឆ្នាំក្ដី ប៉ុន្តែប្រាក់ខែនេះមិនដំឡើងស្របទៅនឹងអតិផរណានៅឡើយ»។

លោក ឡុង រឹម បន្តថា រដ្ឋាភិបាលនិងក្រសួង រួមទាំងស្ថាប័នពាក់ព័ន្ធ​ មិនទាន់លុបបំបាត់អំពើពុករលួយនៅក្នុងវិស័​យអប់រំ រួមទាំងការ​បង្ខំឱ្យលោកគ្រូ-អ្នកគ្រូចូលគណបក្សនយោបាយនៅឡើយ ដែលករណីនេះបានធ្វើឱ្យគ្រូបង្រៀនរងគំនាបខ្លាំង​ដែរ។ លោកស្នើទៅក្រសួងអប់រំ និងរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហាដែលកំពុង​កើតឡើង​ទៅលើគ្រូបង្រៀន ដើម្បីកុំឱ្យបញ្ហាទាំងអស់បន្តអូសបន្លាយ​នៅក្នុងប្រព័ន្ធ​អប់រំ​ទៀត។​

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមថា ក្រសួង​បាននិង​បន្តលើកកម្ពស់ជីវភាពគ្រូបង្រៀន និងប្រាក់ខែគ្រូបង្រៀនចាប់តាំងពីឆ្នាំ២០១៥ ចន្លោះជាង៥សែនរៀល ដល់១លាន២សែនរៀល ខណៈនៅឆ្នាំ២០២១ ប្រាក់ខែគ្រូបង្រៀនមានចន្លោះ ១លាន២សែនរៀល ដល់ ២លាន១សែនរៀល។

ជាងនេះទៀត លោកថា មុននិងក្នុងបរិបទកូវីដ-១៩ គ្រូបង្រៀនបានដើរតួនាទីសំខាន់មួយ​ក្នុងការលើកកម្ពស់គុណភាពរៀននិងបង្រៀន។

លោកថា៖ «ក្រសួងអប់រំ នឹងប្ដេជ្ញាសម្រេចឱ្យបាននូវមុំទីមួយស្ដីពីការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្ដល់អាទិភាពលើ ១) ការយកចិត្តទុកដាក់លើគ្រូបង្រៀន ២) ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ៣) ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ៤) ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ៥) ការអប់រំបំណិនឱ្យស្របតាមទីផ្សារការងារ ៦) ការអភិវឌ្ឍកម្មវិធីសិក្សានិងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង ៧) ការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣»។

មាត្រា៣៤ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ​​ ចែងថា ស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា ត្រូវគោរពគោលការណ៍អព្យាក្រឹត្យភាព។ មាត្រា​ដដែល​បញ្ជាក់​ថា ការធ្វើសកម្មភាពនយោបាយឬការឃោសនានយោបាយឱ្យគណបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា ត្រូវបានហាមឃាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ