អ្នក​ជំនាញ​UN​ជំរុញ​រដ្ឋាភិបាល​បញ្ចប់​ការ​កាត់ទោស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​សិទ្ធិ​មនុស្ស​ដោយ​គិត​ពី​ស្តង់ដារ​អន្តរជាតិ

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការស៊ើបអង្កេត និងការកាត់ទោសអតីតសមាជិកគណបក្សសង្រ្គោះជាតិ រួមទាំងអ្នកការពារសិទ្ធិមនុស្ស ​អ្នកសារព័ត៌មាន ដោយត្រូវគិតគួរពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិក្នុងដំណើរការច្បាប់ត្រឹមត្រូវនិង​ធានាឱ្យមានការជំនុំជម្រះដោយយុត្តិធម៌។

ការជំរុញនេះ ធ្វើឡើងក្នុងបាយការណ៍មួយរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុ​ស្ស​​នៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែលមានកម្រាស់ ២០ ទំព័រចុះថ្ងៃទី៣ ខែសីហា  ឆ្នាំ ២០២១ និងត្រូវបានផ្សាយផ្សាយលើទំព័រហ្វេសប៊ុកអ្នករាយការណ៍ពិសេសនៅថ្ងៃទី៥ខែតុលានេះ ​សម្រាប់បង្ហាញក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១។

ក្នុងរបាយការណ៍នោះបានឱ្យដឹងថា ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧មក បង្កើតឱ្យមានអំណាចប្រមូលផ្តុំយ៉ាងខ្លាំងនៅកម្ពុជា​។ ករណីនេះ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការអនុវត្ត​គោលនយោបាយ និង​ច្បាប់ ដែលរំលោភច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។

លើសពីនេះ ត្រូវរៀបចំឱ្យមានការពិនិត្យឡើងវិញយ៉ាងឆាប់រហ័ស ចំពោះច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ដែលត្រូវការកែលម្អ ដោយអនុលោមតាមស្តង់ដារសិទ្ធិមនុស្ស  បន្ថែមលើការសន្ទនាប្រកបដោយនិរន្តរភាពជាមួយសង្គមស៊ីវិល ដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានគេគោរព។

បើតាមរបាយការណ៍ដដែល អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាត្រូវបញ្ចប់ការស៊ើបអង្កេត និងការកាត់ទោសសមាជិកបក្សប្រឆាំង ព្រមទាំងអ្នកការពារសិទ្ធិមនុស្សសកម្មជន សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដោយគិតគូរពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដោយធានាដំណើរការច្បាប់ត្រឹមត្រូវ និង​ធានាឱ្យមានការជំនុំជម្រះដោយយុត្តិធម៌ផងដែរ។

ក្រៅពីដោះស្រាយបញ្ហាទាំងនេះហើយ  តំណាងUN ផ្នែកសិទ្ធិមនុស្សនៅកម្ពុជាថា រដ្ឋាភិបាល ត្រូវបើកចំហ​សម្រាប់ការសន្ទនា ការផ្សះផ្សា និងការបង្កើតបរិយាកាសនយោបាយល្អប្រសើរសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

របាយការណ៍ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ផ្ដល់អនុសាសន៍៖«អ្នករាយការណ៍ពិសេសជំរុញឱ្យរដ្ឋាភិបាលធ្វើឱ្យមានបរិយាកាសសេរីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខដើម្បីឱ្យគណបក្សនយោបាយជាច្រើនអាចចូលរួមក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការគោរពដោយមិនខ្លាចការបំភិតបំភ័យ និងការយាយី»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានច្រានចោលការស្នើសុំរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយចាត់ទុកការលើកឡើងនោះថា គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួន​ ដែលអាចទទួលបានព័ត៌មានតែម្ខាងពីអតីតក្រុមបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ ។

លោកបន្តថា ការសម្រេចទៅលើសំណុំរឿងអតីតសមាជិកបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សយ៉ាងណានោះ  គឺវាអាស្រ័យលើតុលាការ ដែលជាស្ថាប័នឯករាជ្យ។

លោកថា៖«អីចឹងការស្នើសុំរបស់គាត់ជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ​​។  សម្រាប់រដ្ឋាភិបាលយើងផ្អាកលើកផ្លូវច្បាប់​។ វិធានការច្បាប់ទៅលើអ្នកទាំងអស់នោះ មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងរឹងមាំ។ អីចឹងទេ ការស្នើសុំរបស់គាត់ហ្នឹងគឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែការសម្រេចយ៉ាងម៉េច គឺវាអាស្រ័យទៅលើតុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកទៅលើអង្គហេតុនិងអង្គច្បាប់ និងមូលដ្ឋានច្បាប់ដែលមានជាធរមាន​»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតលោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការពិចារណា​សិន ​ មុននឹងបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។  លោកសង្កេតឃើញថា ការមិនទទួលយកការលើកឡើងរបស់អ្នករាយការណ៍ពិសេស​ អាចដោយសារ កម្ពុជា​បានបង្កើតស្ដង់ដាររបស់ខ្លួនមួយដាច់ដោយឡែក ដែលផ្ទុយពីស្តង់ដារជាសកល។

លោកថា៖«ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពល​រដ្ឋខ្មែរគួរតែគោរពស្ដង់ដារអង្គការសហប្រជាជាតិ​ដែលទទួលស្គាល់ដោយប្រទេសជឿនលឿន​​និងជុំវិញពិភពលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ប្រសើរជាងយើងបង្កើតស្ដង់ដារខ្លួនឯង​ ដែលផ្ទុយពីស្ដង់ដាររួមរបស់ពិភពលោក»។

លោកបណ្ឌិត សេក សុជាតិ បន្តថា រដ្ឋាភិបាលកម្ពុជាគួរតែគោរពស្ដង់ដារប្រទេសរបស់ខ្លួន ហើយក៏មិនត្រូវបោះបង់ប្រទេសដទៃទៀតដែរ ប៉ុន្តែបើសិនជារដ្ឋាភិបាលគោរពស្ដង់ដារខ្លួន គួរតែមានសំអាងច្បាស់លាស់ប្រាប់សហគមន៍អន្តរជាតិ។

​អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានទី១រដ្ឋសភាកាលពីអាណត្តិទី៥ លោក កឹម សុខា ត្រូវបាន​កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្នុងសំណុំរឿង​ សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយបរទេស។

ជាង២ខែក្រោយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយមានអ្នកគាំទ្រជិតកន្លះនគរ ប្រហាក់ប្រហែលនឹងកម្លាំងគាំទ្រគណបក្សកាន់អំណាចដែរនោះ ត្រូវបានតុលាការកំពូលរំលាយចោល ហើយតំណែងមន្ត្រីបក្សប្រឆាំងមួយនេះតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់​ព្រឹទ្ធសភា ត្រូបានគេដកហូតយកទៅចែកឱ្យគណបក្សផ្សេង ពិសេសគណបក្សប្រជាជនកម្ពុជាតែម្តង។

មិនតែប៉ុណ្ណោះ អតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិចំនួន១១៨នាក់ ក៏ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀតផង។  

គិតមកទល់ខែតុលាឆ្នាំ២០២១នេះ លោកកឹម សុខា បានបាត់បង់សិទ្ធិសេរីភាពផ្នែកនយោបាយជាង៤ឆ្នាំមកហើយ ខណៈសំណុំរឿងរបស់លោកត្រូវបានតុលាការផ្អាកដំណើរការតាំងពីដើមឆ្នាំ២០២០ ក្រោមហេតុផលទប់ស្កាត់​ការឆ្លងរីករាលដាលកូវីដ-១៩។ ប៉ុន្តែកន្លងមកសំណុំរឿងមួយនេះ ត្រូវបានប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បង្ហើប​ថានឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៤។

ដោយឡែក គិតចាប់ពីខែមករា ដើមឆ្នាំ២០២០មក មានអតីតសកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំងសកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស ​មិនក្រោមពី៤០នាក់ឡើយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ ពួកគេទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ