លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងបើកសេដ្ឋកិច្ចប្រទេសឡើងវិញទាំងស្រុងតាមគន្លងធម្មតាបែបថ្មី បើក្រោយការបើកឱ្យមានលំហូរទេសចរណ៍អំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទ្រង់ទ្រាយធំដែលនាំឱ្យមានមហន្តរាយធ្ងន់ធ្ងរទេនោះ។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងក្នុងសារសំឡេងពិសេសមួយនៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១នេះ ដោយចាត់ទុកការអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងនិងរមណីយដ្ឋានផ្សេងៗនៅទូទាំងប្រទេស ថាជាការសាកល្បងទ្រង់ទ្រាយធំមួយដើម្បីឈានទៅដល់ការសម្រេចបើកលំហសេដ្ឋកិច្ចប្រទេសលើគ្រប់វិស័យ រាប់ទាំងវិស័យសេវាកម្មនិងទេសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក នៅចុងឆ្នាំនេះ។
យ៉ាងណា លោកអំពាវនាវឱ្យគ្រប់គ្នាចូលរួមគោរពឱ្យបាននូវវិធានការពាក់ម៉ាស់ គម្លាតសុវត្ថិភាព និងអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ហើយប្រាប់សមត្ថកិច្ចគ្រប់ទីកន្លែងត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការអនុវត្តរបស់ប្រជាពលរដ្ឋ ពិសេសនៅកន្លែងមានមនុស្សទៅកម្សាន្តកក់កុញ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ការសាកល្បងលើកនេះ គឺជាការសាកល្បងដ៏ធំរវាងមហន្តរាយនិងសុវត្ថិភាព។ ប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមានទេ ហើយវាមិននាំទៅដល់ការមិនបានបើកប្រទេសឡើងវិញ […] ភោជនីយដ្ឋាន អាហារដ្ឋាន រហូតដល់កន្លែងជាច្រើនដែលទាក់ទងនឹងសេវា គឺនឹងត្រូវបានបើកពេញលេញសម្រាប់ដំណើរការសេដ្ឋកិច្ចដែលទៅទាំងព្រម កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលនឹងនាំឱ្យប្រទេសរបស់យើងវិលត្រលប់ទៅរកមុនសម័យកូវីដ គ្រាន់តែជីវភាពធម្មតាមុនសម័យកូវីដតាមបែបគន្លងថ្មី»។
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងថ្ងៃទី១ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ពលរដ្ឋកម្ពុជាប្រមាណជាង១៤៧ពាន់នាក់បានធ្វើដំណើរទៅកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ ក្នុងនោះ ខេត្តកំពតឈរនៅលំដាប់ថ្នាក់លេខមួយ ដោយទទួលបានភ្ញៀវទៅលេងកម្សាន្តចំនួនជាង៣ម៉ឺននាក់។
អភិបាលរងខេត្តកំពត លោក អ៊ឹង ឆាយ ថ្លែងថា ពលរដ្ឋដែលភាគច្រើនរស់នៅរាជធានីភ្នំពេញ បានសម្រុកមកលេងខេត្តកំពត នៅថ្ងៃទី៥ ខែតុលា ម្សិលមិញ ដែលនាំឱ្យមានបញ្ហាកកស្ទះចរាចរណ៍ និងនៅតាមផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋាន មានករណីកង្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅ។
តែយ៉ាងណា លោកថា អាជ្ញាធរមានសមត្ថកិច្ចបានចាត់ចែងឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋានទាំងអស់ ត្រូវអនុវត្តវិធានសុខាភិបាលរួចហើយ។ ហើយលោកក៏សង្កេតឃើញថា ពលរដ្ឋដែលមកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗក្នុងខេត្ត ភាគច្រើនបានពាក់ម៉ាស់ បាញ់សម្អាតដៃនឹងអាល់កុល និងរក្សាគម្លាតសុវត្ថិភាពដោយខ្លួនរបស់ពួកគេ។
ប្រភពដដែលរំពឹងថា ការសាកល្បងរបស់រដ្ឋាភិបាលនឹងទទួលជោគជ័យ ដោយសារពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំង២ដូស និងដូសជំរុញ ហើយអាជ្ញាធរក៏បានធ្វើការណែនាំដល់ភ្នាក់ងារផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ ឱ្យគោរពវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
លោក អ៊ឹង ឆាយ មានប្រសាសន៍ថា៖ «យើងគិតថា វាមានភាពល្អប្រសើរឡើងវិញ អាចថាប្រមុខរាជរដ្ឋាភិបាលលោកនឹងបើកប្រទេសពេញលេញតែម្តង ហើយនេះជាការសាកល្បងមួយ។ តែទោះយ៉ាងណា យើងមានការព្រួយបារម្ភ ហើយក៏បានមានការប្រយ័ត្នប្រយែង ហើយក៏គោរពទៅតាមវិធានការសុខាភិបាលដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន គាំទ្រចំពោះការសាកល្បងរបស់រដ្ឋាភិបាល។ លោកស្រីថា ក្នុងរយៈពេលជិត២ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មីនេះ ក្រុមហ៊ុននិងភ្នាក់ងារទេសចរណ៍ រួមទាំងពលរដ្ឋទូទៅ សុទ្ធតែយល់ដឹងវិធានបង្ការនិងទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏បានឆ្លងកាត់បទពិសោធន៍នៃការឆ្លងរាលដាលពីទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ។
លោកស្រីជឿថា ភាគីពាក់ព័ន្ធទាំងអស់នឹងគោរពនិងអនុវត្តតាមការណែនាំ ហើយអាចឈានដល់ការបើកចរន្តសេដ្ឋកិច្ចប្រទេសឡើងវិញតាមការគ្រោងទុក ខណៈលោកស្រីថា ម្ចាស់សេវាកម្មផ្ទះសំណាក់និងសណ្ឋាគារផ្សេងៗកំពុងរង់ចាំនិងត្រៀមខ្លួនរៀបចំបើកទទួលភ្ញៀវទេសចរឡើងវិញតាមគន្លងធម្មតាបែបថ្មី ក្រោមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្ថែមថា៖ «បើពួកគាត់ចូលរួម រឿងគឺយើងអាចគ្រប់គ្រងបាន ហើយគាត់ក៏មានបទពិសោធន៍ច្រើនដែរហើយ ហើយក៏ម្នាក់ៗក៏មិនចង់មើលឃើញ មិនចង់ឃើញការជាប់គាំងនៃចរន្តសេដ្ឋកិច្ចបែបនេះដែរ។ អ៊ីចឹងម្នាក់ៗក៏ចង់បានរស់រាន ក៏ចង់បានសេដ្ឋកិច្ចមានចរន្តត្រលប់មកវិញផងដែរ»។
បើតាមប្រភពដដែល វិបត្តិកូវីដ-១៩ បានធ្វើឱ្យទីភ្នាក់ងារផ្ដល់សេវាទេសចរណ៍ដែលមានសណ្ឋាគារនិងភោជនីយដ្ឋានជាង២ ០០០ទីតាំង ភាគច្រើននៅក្នុងខេត្តសៀមរាប ដែលពឹងផ្នែកចំណូលពីទេសចរណ៍បរទេស ត្រូវបានបិទទ្វារ ហើយបានប៉ះពាល់ដល់ការងារពី៥ទៅ៦ម៉ឺនកន្លែង ដែលខ្លះបានប្តូរទៅធ្វើការសំណង់ឬស្រែចម្ការ ខ្លះត្រូវបានរឹបអូសដីធ្លីផ្ទះសម្បែងដោយសារបាត់បង់ចំណូលសម្រាប់ដោះបំណុល ជាដើម។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ហើយថា ការសាកល្បងនោះ គឺជាកិច្ចការដ៏សំខាន់ និងជាពេលសមល្មមដែលកម្ពុជាត្រូវធ្វើ ដោយសារពលរដ្ឋជាង៨០ភាគរយហើយ បានទទួលវ៉ាក់សាំងបង្ការរួចរាល់ទាំង២ដុស។
លោកបន្តថា បើការសាកល្បងបានលទ្ធផលល្អ នោះវាជាសញ្ញាណមួយដែលអាចឱ្យរដ្ឋាភិបាលពិចារណា ក្នុងការបោះជំហានទៅរកការបើកជាប្រទេសទាំងស្រុងនៅប៉ុន្មានខែខាងមុខ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាអាចឆាប់ងើបផុត ពីផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសុខភាពសកល។
លោក មាស នី មានប្រសាសន៍បន្ថែមថា៖ «យើងនឹងរង់ចាំមើលទៀតថាតើការចាក់វ៉ាក់សាំង ហើយនឹងការបើកចំហរសាកល្បងនេះ វានឹងអាចនាំយើងមើលឃើញនូវផលវិជ្ជមាន ដែលអាចនឹងរុញទៅឱ្យមានការបើកចំហរវគ្គទី២ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេសទៀត ឬក៏យ៉ាងម៉េចនោះ យើងមិនទាន់ដឹងទេ»៕