លោក ហ៊ុន សែន៖​ កម្ពុជា​នឹង​កំណត់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​បញ្ញតិ្ត​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​ច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិ​ខ្មែរ​តែ​មួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិបតេយ្យកម្ពុជា។

ក្នុងទំព័រហ្វេសប៊ុករបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលានេះ ទំនងជាឌឺដងឱ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនៅឯក្រៅប្រទេស បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែប​ឌឺដង​ថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទ​ជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ជាពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះកម្ពុជានឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់អង្គការ ត្រូវការសំឡេង ២ភាគ៣ ទើបអាចអនុម័តបាន។

ទាក់ទិននឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅលោក កើត រិទ្ធ រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ ឬសេចក្តី​ព្រាងច្បាប់​អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធ​សភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិប​តេយ្យ​កម្ពុជា។

ខ្លឹមសារលើហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់អង្គការ ដែលចេញពី​រាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា»។

វីអូឌី មិនអាចសុំការឆ្លើយ​តប​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និ​ងអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទេ នៅថ្ងៃនេះ។

ប៉ុន្តែក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានមួយភ្លាម​ៗ​ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដោយប្រកាស​គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរៀបចំធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងច្បាប់​ដែលពាក់ព័ន្ធ ក្នុងការកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា  ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

ក្រសួងយុត្តិធម៌បញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ​ជាការធានាខាងផ្លូវច្បាប់ ខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់​មុខតំណែង​ជាមេដឹកនាំ​នៃស្ថាប័នកំពូលទាំង៤​របស់​ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិនិងមាតុភូមិកម្ពុជា ហើយដឹកនាំដោយ​​គិត​ប្រយោជន៍​ជាតិជាធំ មិនឱ្យមានការជ្រៀតជ្រែកពីក្រៅប្រទេសមកលើកម្ពុជាផងដែរ។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលចង់កំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

លោកបណ្ឌិត សេក សុជាតិ បញ្ជាក់ថា បើអ្នកនយោបាយឬថ្នាក់ដឹកនាំកំពូលៗរបស់ជាតិមានសញ្ជាតិច្រើន អាចធ្វើឱ្យកម្ពុជាជួបវិបត្តិ ដូចជា បញ្ហាផ្ទៃក្នុង ឬសន្តិសុខរបស់ជាតិ។

លោកបណ្ឌិតមានប្រសាសន៍ដូច្នេះថា៖ «នៅក្នុងសង្គមកម្ពុជា ក៏យើងជួបបញ្ហានេះច្រើនដែរនៅពេលដែលប្រទេស​យើងមានវិបត្តិផ្នែកនយោបាយ វិបត្តិសង្គម យើងឃើញមេដឹកនាំនៅក្នុងគណបក្សនយោបាយខ្លះមួយចំនួនដែល​មានបញ្ហានយោបាយរកាំរកូសនៅក្នុងការប្រកួតប្រជែងរបស់ពួកគាត់ យើងឃើញមានការរត់ចេញទៅក្រៅប្រទេស ពីព្រោះប្រទេសរបស់គាត់មិនមែនមានតែកម្ពុជា គាត់មានសញ្ជាតិពីរ អ៊ីចឹង​គាត់អាចរត់ទៅខាងក្រៅប្រទេស​បាន»។

លោកមានប្រសាសន៍បន្ថែម៖ «ទី២ ដូចនៅក្នុងករណីនេះខ្លះ បើយើងពិចារណាឱ្យដិតដល់ទៅ ទាក់ទងនឹងអំពើមួយចំនួនដែលវាធ្ងន់ធ្ងរប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ គឺយើងពិបាកក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គមនិងប្រទេសជាតិ​យើង ដោយសារពួកគាត់ដែលមានសញ្ជាតិមួយផ្សេង អ៊ីចឹង​ត្រូវបានប្រទេសនោះការពារ​គាត់ ឬប្រទេសដទៃ​អាចនឹងបញ្ជូនអ្នកដែលមានសញ្ជាតិដទៃមកកម្ពុជា ដើម្បីប្រជែងយកតួនាទីដឹកនាំក្នុងស្ថាប័នកំពូលរបស់កម្ពុជា ហើយសន្តិសុខជាតិរបស់កម្ពុជាក៏មិនមានអ្វីសម្ងាត់ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ